ពីរ​ក្រុម​ដែល​គេ​រំពឹង​ថា ខ្លាំង​នៅ​លីគ​ទី​ពីរ​សាក​ជើង​គ្នា​ស្អែក​​នេះ

​ក្រុម​បាល់ទាត់​យុវជន​ក្រោម​​​អាយុ១៩​ឆ្នាំ​គីរីវង់​សុខ​សែន​ជ័យ នឹង​បើក​ទ្វារ​​ផ្ទះ​របស់​ខ្លួន​​នៅ​មជ្ឈមណ្ឌល​កីឡា​ខេត្ត​តាកែវ​ស្វាគមន៍​ក្រុម​បាល់ទាត់​អគ្គិសនី​កម្ពុជា​​ វេលា​ម៉ោង៣:០០​រសៀល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៦ស្អែក​​នេះ​ ដែល​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​ពិត​ជា​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លីគ​លំដាប់​ទី​២ របស់​កម្ពុជា។

 

ពីរ​ក្រុម​ដែល​គេ​រំពឹង​ថា ខ្លាំង​នៅ​លីគ​ទី​ពីរ​សាក​ជើង​គ្នា​ស្អែក​​នេះយុវជន​ក្រុមគីរីវង់សុខសែនជ័យ

 

​​លោក ប្រាក់​ វុទ្ធី ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​អគ្គិសនី​កម្ពុជា​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្លឹប​របស់​លោក​គ្រោង​រៀប​ចំ​ទីលាន​ធ្វើ​ឲ្យ​បាន​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ​ការ​បង្កើត​ទីលាន​នេះ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចូល​លេង​លីគ​ទី​២ ក្នុង​ទិសដៅ​​ឆ្ពោះ​ទៅ​លេង​លីគ​កំពូល​កម្ពុជា។

 

​​ចំណែក​​ឯកឧត្ដម​ ឌុក វាសនា អគ្គលេខាធិការ​​ក្លឹប​​​គីរីវង់​សុខ​សែន​ជ័យ​​បាន​ឲ្យ​ដឹង​ថា ជំនួប​មិត្ត​ភាព​នេះ ដើម្បី​បង្កើត​មិត្តភាព​រវាង​ក្លឹប​​របស់​លោក និង​​ក្រុម​អគ្គិសនី​កម្ពុជា​តែ​ប៉ុណ្ណោះ។ គីរីវង់​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ​បង្កើត​ពាន​រង្វាន់​​យុវជន​ប្រចាំ​ខេត្ត​តាកែវ ដើម្បី​ចម្រាញ់​យក​យុវជន​លេចធ្លោ​​ក្នុង​ខេត្ត​ជ្រើស​រើស​ចូល​លេង​ក្នុង​យុវជន​ក្រោម​អាយុ​ ១៩​ឆ្នាំ​គីរីវង់​សុខ​សែន​ជ័យ​នេះ ក៏​ដើម្បី​ក្នុង​គោល​បំណង​ចូល​លេង​លីគ​ទី២​ផង​ដែរ។

 

​ក្លឹប​បាល់ទាត់​​យុវជន​​ក្រោម​អាយុ​ ១៩​ឆ្នាំ​គីរីវង់​សុខ​សែន​ជ័យ​ និង​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា ជា​ក្រុម​ដែល​បង្កើត​ឡើង​​មាន​គម្រោង​ចង់​ចូល​លេង​លីគ​កំពូល​របស់​កម្ពុជា​​ដូច​គ្នា​។ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រជែង​ដណ្ដើម​ជើង​ឯក​លីគ​លំដាប់​ទី២ ដែល​គ្រោង​ចាប់​ផ្ដើម​ដើម​ឆ្នាំ​២០១៧​៕

 ពីរ​ក្រុម​ដែល​គេ​រំពឹង​ថា ខ្លាំង​នៅ​លីគ​ទី​ពីរ​សាក​ជើង​គ្នា​ស្អែក​​នេះក្រុម​ អគ្គិសនី​កម្ពុជា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​