តោះ! ទៅគាំទ្រ​និងលើកទឹកចិត្ត​សិល្បករល្បីកម្ពុជានៅល្ងាចនេះ

រាជធានីភ្នំពេញ ៖ ​សិល្បករ​ល្បី​ៗ​របស់​កម្ពុជា ​ដែល​ជា​តួ​សម្តែង​នៅ​ក្នុង​រឿង​ភាគ​​​របស់​ភី​អិន​អិន នឹង​ជួប​ជាមួយ​ប្រិ​យ​មិត្ត​របស់​ខ្លួន​ផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ នៅវេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​​ទី​០២ ​កញ្ញា ​២០១៦នេះ ​ដែលរឿងនោះ​នឹង​ចាប់ផ្តើម​ចាក់​ផ្សាយ​​ចាប់ពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​​នេះ ។

ចាត់​ទុក​ថា ​ជា​ព្រឹត្តិការណ៍​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដែល​តារា​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ជួប​ជាមួយ​​ប្រិ​យ​មិត្ត​របស់​ខ្លួន​ ដោយ​ផ្ទាល់​បែប​នេះ​ ។ វត្តមាន​តារា​សម្តែង​ល្បី​ៗ​ ដែល​នឹង​ចូលរួម​ក្នុង​ជំនួប ​ពិសេស​នេះ​មាន​ដូច​ជាលោក​អេ​វី​ន, កញ្ញា​តូ​តា, អ្នក​នាង​គ្រ​ត, លោក​ជា សំណាង ដែល​ពួក​គេ​ មក​ពី​ផលិតកម្ម​អិ​ល​ឌី​ភិ​ច​ឆ័​រ ​។

ដោយឡែក​ តួ​សម្តែង​ដែល​មក​ពី​ផលិតកម្ម​ខ្មែរ​មេគង្គវិញ​មាន លោក​ហេង នរៈ​កក្កដា, លោក​សន កា​យ៉ា​ឌី, កញ្ញា​ឡាយ សម្ផស្ស កញ្ញា​ចេ​ស៊ី​កា, អ្នកស្រី​ង៉ែត សុវណ្ណ​លី​តា, កញ្ញា​ឃី​ង សុរិយា រួម​នឹង​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ​។

លោក Glen Felgate នាយក​ប្រតិបត្តិ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​និយាយថា «​ភី​អិន​អិន ​បាន​វិនិយោគ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​សិល្បករ​ក្នុងស្រុក អ្នក​សរសេរ ​Script ក្នុងស្រុក និង​ផលិតកម្ម​ក្នុងស្រុក ដើម្បី​សម្រិតសម្រាំង​រឿង​ភាគ​ខ្មែរ​ដែល​ល្អ ​គួរ​ជាទី​ចាប់អារម្មណ៍​ជូន​ដល់​អ្នក​ទស្សនា ហើយ​ភី​អិន​អិន​ក៏​បាន​វិនិយោគ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ផង​ដែរ ​ដើម្បី​ផ្សព្វផ្សាយ​រឿង​ភាគ​ ដែល​ផលិត​បាន​ទាំងនោះ​»​។

លោក​​បន្ត​ថា សម្រាប់​ព្រឹត្តិការណ៍​នៅ​ផ្សារ​ទំនើប​អ៊ី​អន​នេះ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​យើង ដើម្បី​ឲ្យ​ប្រជា ជន​កម្ពុជា​មានការ​ចាប់អារម្មណ៍ និង​មាន​មោទនភាព​ចំពោះ​រឿង​ភាគ​ខ្មែរ​ ​។ ខ្សែភាពយន្ត​ភាគ​ខ្មែរ​ថ្មី​ចំនួន​2 នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​គឺ​រឿង «​ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ​» និង​រឿង «​សង្គ្រាម​បេះដូង​»​។

ខ្សែ​រឿងនេះ​ធានា​ថា​ ទូរទស្សនិកជន​ប្រាកដជា​ទទួល​បាន​នូវ​សំណើច​សើច​ក្អក​ក្អា​យ ដោយសារ​សំបូរ​ទៅ​ដោយ​ឈុត​ឆាកកំប្លែង​ច្រើន ជាមួយនឹង​ការ​សម្តែង​ដ៏​ប៉ិនប្រសព្វ​របស់​សិល្បករ​ល្បី​ៗ​ ដែល​មានបទពិសោធន៍​ក្នុង​ការ​សម្តែង​ជា​យូរ​ឆ្នាំ​មក​ហើយ​។