​លែងអាណិត!​ បោកគេបានលុយហើយ​ បែរ​ជា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្លែងខ្លួន​ជា​ជន​ពិការ​ជើង​ឆ្វេង ហើយ​កិល​សុំទាន​តាម​ផ្លូវត្រូវ​បាន​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ឃាត់ខ្លួន​អប់រំ​ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​ទៀត​ កាលពី​ថ្ងៃ​ទី​៣០ សីហា នៅ​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ នេះ​គឺជា​លើក​ទី​២​ហើយ ​ដែល​បុរស​រូប​នេះ​ជ្រើសរើស​យក​វិធី​នេះ​សុំទាន និង​បាន​សារភាព​ថា ដោយសារ​រូបគេ​ទ័លច្រក​ក្នុង​ជីវភាព ​ទើប​ធ្វើ​បែប​នេះ ។

លោក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ក្លែងខ្លួន​ជា​ជន​ពិការ​ជើង​ឆ្វេង​ត្រឹម​ក្បាលជង្គង់ ហើយ​បាន​ធ្វើ​សកម្មភាព​កិល​សុំទាន​ពី​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​នៅ​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ដោយ​មានការ​សង្ស័យ​គាប់​ជួន​អ្នកស្រុក​ខ្សឹប​ប្រាប់​ថា បុរស​រូប​នេះ​ក្លែងខ្លួន​ជា​ជន​ពិការ​សុំទាន​ពេល​បាន​លុយ​ហើយ​យក​ទៅ​ផឹកស៊ី ។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រចាំ​រង្វង់​មូល​ក្បែរ​ច្រក​​ទ្វារ​ពេល​ឃើញ​បុរស​ក្លែងខ្លួន​នោះ​ហើយ​ក៏​បាន​ឃាត់​ចាប់​សម្រាត​ខោជើងវែង​ចេញ​ក៏​ឃើញ​ដូច​គេ​ប្រាប់​មែន ។ បុរស​រូប​នោះ​បាន​ចងជើង​ខាងឆ្វេង​ព័ទ្ធ​ទៅ​ក្រោយ ​ហើយ​ស្លៀកខោ​ជើងវែង​ពីលើ​បិទ​បាំង​ធ្វើ​ជា​ជន​ពិការ​ជើង​ឆ្វេង​ត្រឹម​ក្បាលជង្គង់​កិល​សុំទាន​
គេ ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​លោក​គ្រាន់តែ​អប់រំ​ណែនាំ​ឱ្យ​បុរស​នោះ​ឈប់​ធ្វើ​បែប​នេះ ​ទៀត​ព្រោះ​មាន​ដៃ​មាន​ជើង​គ្រប់គ្រាន់​ និង​មាន​កម្លាំង​មាំមួន​ ត្រូវ​រក​ការងារ​ធ្វើ​ដោយ​សុចរិត​វិញ​ប្រសើរ​ជាង​៕