សាហាវ​ណាស់ ! ឆ្លើយ​ចប់​ភ្លាម ទាញ​អាកា​បាញ់​ស្លាប់​ភ្លាម

ខេត្តតាកែវ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​កំពុង​អង្គុយ​លេង​នៅ​លើ​ស្ពាន​ទួល​លលក ស្ថិត​ក្នុងភូមិ​ក​ញ្ជា​ង ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខាន់ រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​គ្មាន​រង​របួស​អ្វី​ទេ​ឈ្មោះ គង់ ចាន់​ចាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​នាំ​គ្នា​អង្គុយ​លេង​នៅ​លើ​បង្កាន់ដៃស្ពាន​ទួល​លលក ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក​មិន​ចាំ​ស្លាក​លេខ​បើក​មក​ឈប់​ក្បែរ​ពួក​គេ​រួច​មនុស្ស​ម្នាក់​ចុះ​មក​សួរ​ថា កំពុង​ធ្វើ​អ្វី? ពេល​នោះ​ជន​រង​គ្រោះ​ឆ្លើយ​ថា អង្គុយ​លេង ។ គ្រាន់តែ​ឆ្លើយ​ចប់​ភ្លាម​ស្រាប់តែ​ជន​នោះ​ទាញ​កាំភ្លើង​អាកា​៤៧​​ពីក្នុង​ឡាន​មក​បាញ់​១​គ្រាប់​ចំ​កណ្ដៀតក្អម​ខាងឆ្វេង​ធ្លាយ​ចេញ​មក​ឆ្អឹងជំនី​ផុត​ខាងស្តាំ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ រួច​បើករថយន្ត​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​រក​ឃើញ​សំបក​គ្រាប់​អាកា​៤៧​មួយ​គ្រាប់​យក​មក​ធ្វើការ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕