លោក សម រង្ស៊ី សម្តែង​ក្តីបារម្ភ​ចំពោះ​សោកនាដកម្ម​ស្ត្រី​ខ្មែរ ដែល​ក្លាយទៅជា​ទាសករ​នៅ​ ​ប្រទេស​ចិន​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ចុង​សប្តាហ៍​នេះ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សោកនាដកម្ម​ស្ត្រី​ខ្មែរ ដែល​ក្លាយទៅជា​ទាសករ​នៅ​ប្រទេស​ចិន​។ ការសម្តែង​ក្តីបារម្ភ​របស់លោក សម រង្ស៊ី បាន​កើតឡើង​ក្រោយពី​កាសែត ខេ​ម​បូ​ឌា​ដេលី កាលពី​ថ្ងៃទី ៣០ ខែសីហា ២០១៦ បាន​ឲ្យ​ដឹងថា មាន​ស្ត្រី​ខ្មែរ​ប្រមាណ ៧០០០ នាក់ ត្រូវបាន​គេ​បោក​បញ្ឆោត​ក្រោមលេស​ថា​ទៅ​រៀបចំ​ការ​ប្តី​ជាមួយ​បុរស​ចិន នៅ​ស្រុក​ចិន តែ​តាម​ការពិត បានក្លាយ​ទៅជា​ទាសករ នៅ​ប្រទេស​គេ ហើយ​ត្រូវគេ​ធ្វើបាប​យ៉ាង​អមនុស្សធម៌​ជាទីបំផុត​។ កាសែត ខេ​ម​បូ​ឌា​ដេលី បាន​បញ្ជាក់ថា​ជនរងគ្រោះ​ជា​ស្ត្រី​ខ្មែរ​ទាំងនោះ ចង់​រត់​ចេញពី​ក្រញាំ​អ្នក​ដែល​ធ្វើ​ទារុណកម្ម​មកលើ​ពួកគាត់ ហើយ​ចង់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ តែ​ភាគច្រើន​មិនមាន​លទ្ធភាព​រំដោះខ្លួន​បានឡើយ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់ថា នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​អសមត្ថភាព និង​ពុករលួយ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែល​មិនចេះ​គ្រប់គ្រង​សេដ្ឋកិច្ច ឲ្យ​បានល្អ​ប្រសើរ​ដូច​នៅ​ប្រទេស​ជឿនលឿន​ជិតខាង​យើង ជាពិសេស មិនចេះ​បង្កើត​ការងារ​ត្រឹមត្រូវ​ឲ្យ​យុវជន​ខ្មែរ​ទាំងប្រុស​ទាំងស្រី ដើម្បី​យុវជន​អាច​រស់នៅក្នុង​ស្រុក​យើង​។ រដ្ឋាភិបាល​នេះ ចេះតែ​ប្រព្រឹត្ត​អំពើពុករលួយ បំផ្លិចបំផ្លាញ​ជាតិ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ក្រ​រហេមរហាម ហើយ​ក្លាយទៅជា​ជនរងគ្រោះ នៃ​ការជួញដូរ​មនុស្ស​។ បើ​យុវជន​ខ្មែរ​ទាំងប្រុស​ទាំងស្រី ចង់​ទទួលបាន​ជីវភាព​សមរម្យ និង​ថ្លៃថ្នូរ ហើយ​ចង់​ឲ្យ​កូនចៅ​ទៅ​ថ្ងៃមុខ​ទៀត មាន​អនាគត​ភ្លឺ​ថ្លា យើងទាំងអស់គ្នា​ត្រូវតែ​ប្តូរ​រដ្ឋាភិបាល ហ៊ុន សែន ចេញ​តាមរយៈ​ការបោះឆ្នោត​ខាងមុខ​។​

គួរ​បញ្ជាក់ថា​សព្វថ្ងៃនេះ ដោយសារតែ​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ​នោះ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ជា​យុវវ័យ​បានធ្វើ​ចំណាកស្រុក​ទៅធ្វើជា​ពលករ​នៅ​បរទេស​រាប់សែន​នាក់​ដែល​ក្នុងនោះ​មាន​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី ប្រទេស​ជប៉ុន ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ភាគច្រើន​នៅ​ប្រទេស​ថៃ​។ ពលករ​កម្ពុជា​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ទាំងនោះ​ភាគច្រើន​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ការងារ​មិនល្អ ហើយក៏​មាន​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផងដែរ ពិសេស​ករណី​ស្ត្រី​ខ្មែរ​ដែល​ទៅធ្វើ​ការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពលករ​ខ្មែរ​ភាគច្រើន​បានបញ្ជាក់​ដូចៗ​គ្នា​ថា ពួកគាត់​មិន​ចង់​ចំណាកស្រុក​នោះទេ តែដោយសារ​គ្មាន​ជម្រើស​ទើប​សម្រេចចិត្ត​ចំណាកស្រុក ព្រោះ​នៅ​ប្រទេស​កម្ពុជា​ពួកគាត់​គ្មាន​មុខរបរ​សមរម្យ មាន​ប្រាក់ចំណូល​ទាប ហើយ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាសាធារណៈ​របស់​រដ្ឋ​ក៏​នៅ​ទន់ខ្សោយ​នៅឡើយ​៕

Khmer-workers,-_CEN_9_3_15-(1) 236fc3e4-bd8d-49d8-b347-74ec1dde7ad8