ក្រុមហ៊ុន​យួន​បំពាន​លើដី​ស្រែ​ប្រជាកសិករ​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយទាប ខេត្តស្វាយរៀង យ៉ាង​គឃ្លើន​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ចំនួន​៣ គឺ​ភូមិ​ត្បែង ភូមិ​គុម្ពោត​ទូក ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​យួន​បំពាន​លើដី​ស្រែ​របស់​ពួកគាត់ និង​ចាក់ដី​លុប​លើ​ស្រូវ​របស់​ពួកគាត់​បណ្ដាល​ឲ្យ​ខូចខាត​អស់​មួយចំនួន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​៣​ភូមិ​ធ្វើការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តស្វាយរៀង ដែលមាន​លោក ម៉ែន វិបុល ជា​អភិបាលខេត្ត និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​៣​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​តំណាង​ពលរដ្ឋ​រងគ្រោះ​ទាំង​៣​ភូមិ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​យួន​បាន​យក​គ្រឿងចក្រ​មក​ជីក​បន្លាយ​បង្ហូរទឹក​និង​ចាក់ដី​ធ្វើ​ថ្នល់​ដឹកជញ្ជូន​អំពៅ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​និង​ដំណាំ​ស្រូវ​របស់​ពួកគាត់​យ៉ាង​កំរោល​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​រៀបរាប់ថា ការជីក​ប្រឡាយ​របស់​ក្រុមហ៊ុន​យួន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួកគាត់ ព្រោះ​ក្រុមហ៊ុន​យក​អាចម៍ដី​ចាក់​លើ​ស្រូវពង្រោះ​របស់​ពួកគាត់​អស់​ផ្ទៃដី​ដែលមាន​ទទឹង​៩​ម៉ែត្រ​និង​បណ្ដោយ​៤​ពាន់​ម៉ែត្រ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ខូច​ស្រូវ​ប្រជាពលរដ្ឋ​ច្រើន​រយ​ហិកតា​ដោយសារ​រីង​គោក​ទឹក​ក្នុង​ស្រែ ព្រោះ​ទឹក​ហូរ​ចូល​ប្រឡាយ​របស់​ក្រុមហ៊ុន​យួន​អស់ ហេតុនេះ​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង គួរ​ជួយ​ដោះស្រាយ​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

តាម​ការរៀប​រាប់រប​ស់​តំណាង​ពលរដ្ឋ​រងគ្រោះ​ក្នុងភូមិ​ទាំង​៣​ខាងលើ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​យួន​បាន​ជីក​ប្រឡាយ​កាត់​ផ្លូវ​គោក្របី និង​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ទៅធ្វើ​ស្រែ​ដោយ​មិន​ដាក់លូ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ផ្លូវ​ទៅធ្វើ​ស្រែ​និង​ទៅ​ឃ្វាលគោ​ក្របី​។ ដូច្នេះហើយ​ទើប​ពួកគាត់​តវ៉ា​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​យួន​តាម​ស្ថានភាព​ជាក់ស្ដែង ហើយ​ត្រូវ​ក្រុមហ៊ុន​យួន​ត្រូវ​ដាក់លូ​កាត់​ប្រឡាយ​តាមផ្លូវ​ចាស់ គឺ​ក្នុង​ប្រវែង​៥០០​ម៉ែត្រ​ត្រូវ​ដាក់លូ​មួយកន្លែង​ដើម្បី​ប្រជាពលរដ្ឋ​អាច​ទៅធ្វើ​ស្រែ​និង​ទៅ​ឃ្វាល​គោក្របី​បាន​ដូច​កាលពីមុន​។ ប្រជាពលរដ្ឋ​លើកឡើងថា​ការជីក​ប្រឡាយ​នេះ​គឺ​ក្រុមហ៊ុន​ជីក​ចាប់ពី​ភូមិ​ព្រៃ​តា​អី កាត់​តាម​ភូមិ​ត្បែង ភូមិ​សង្គម និង​ភូមិ​គុម្ពោត​ទូក មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ​ដល់​ព្រំដែន​កម្ពុជា​យួន ត្រង់ចំណុច​បង្គោល​សីមា​ព្រំដែន​លេខ​១៥៤​។ ដោយសារ​ប្រឈម​នឹង​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ទើប​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ស្វាយរៀង ជួយ​ដោះស្រាយ​ជាបន្ទាន់ ជាពិសេស​ក្រុមហ៊ុន​យួន​ត្រូវ​ផ្ដល់​សំណង​លើ​ការខូចខាត​ដំណាំ​ស្រូវ​តាម​តម្លៃ​ទីផ្សារ និង​ឈប់​បំពាន​លើដី​ស្រែ​របស់​ប្រជាកសិករ​ខ្មែរ​តទៅទៀត​៕

2330d1bc-aa34-4fe6-9c19-9a0e751a253e 40c817fb-f362-4ab7-b4a9-d675afc6274e 0bf31954-4986-40b9-8125-4b8f615fd678