ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំពៅ​លូន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ ដែលមាន​ខ្នងបង្អែក​រឹងមាំ​បាន​នាំចូល​ជ្រូក​ក្រហម​ដែល​ភាគច្រើន​ជា​ជ្រូក​មាន​ជំងឺ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកព្រំដែន​ក្នុងភូមិ​គីឡូ​១៣ ហើយ​បង្ហូរ​លាមក​ជ្រូក​ចូលក្នុង​អូរ​តាម​ព្រំដែន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកអូរ​នេះ​ជាប្រចាំ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក​សំពៅ​លូន ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​សន្តិភាព បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ បាន​បង្កើត​ទីតាំង​សម្រាប់​ស្តុក​ជ្រូក​ក្រហម​និង​ផ្ទេរ​ជ្រូក​ក្រោម​ស្លាក​យីហោ​ខារ៉ាអូខេ​ជំនោរ​ជាយដែន ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ហើយ​មិនឃើញ​មន្ត្រី​ពេទ្យសត្វ និង​មន្ត្រី​កាំកុងត្រូល ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គីឡូ​១៣ បាន​ឲ្យ​ដឹងថា​ជ្រូក​មាន​ជំងឺ​ឬ​ជ្រូក​ងាប់​ដែល​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ នាំចូល​ពី​ទឹកដី​សៀម​នោះ​ត្រូវបាន​គេ​យកទៅ​ចែកចាយ​តាម​ទីផ្សារ​ក្នុងស្រុក​នានា​នៃ​ខេត្តបាត់ដំបង និង​មាន​នាំយកទៅ​លក់​ដល់​រាជធានី​ភ្នំពេញ​ទៀតផង​។ អ្វីដែល​អាក្រក់​បំផុត​គឺ​ម្ចាស់​ទីតាំង​ស្តុក​ជ្រូក​ក្រហម​នាំចូល​ពី​សៀម​បាន​បាញ់​ទឹក​បង្ហូរ​អាចម៍​ជ្រូក​ទាំងនោះ​ចូលក្នុង​ទឹកអូរ​ក្រវាត់​ព្រំដែន ជា​ទឹកអូរ​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ម៉ាឡៃ​ប្រើប្រាស់​គ្រប់​រដូវ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ អាច​នាំចូល​ជ្រូក​ក្រហម ជ្រូក​ឈឺ និង​ជ្រូក​ងាប់ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជ្រូក​ក្រហម​ដែល​ងាប់​នៅលើ​រថយន្ត​ពេល​ឈ្មួញ​ដឹក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ត្រូវបាន​គេ​វះ​យក​គ្រឿងក្នុង​ចេញ ហើយ​ក្លាសេ​ទឹកកក​ដឹកជញ្ជូន​ទៅ​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​សាច់ជ្រូក​ទាំងនោះ​យកទៅ​ចំអិន​ទទួលទាន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សន្តិភាព​បាន​រិះគន់​ចំៗ​ថា មន្ត្រី​កាំកុងត្រូល​ច្រក​គីឡូ​១៣ និង​មន្ត្រី​ពេទ្យសត្វ​ប្រចាំ​ច្រក​នេះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ នាំចូល​ជ្រូក​ក្រហម ជ្រូក​ឈឺ ជ្រូក​ងាប់ មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ប្រទេស​កម្ពុជា​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទាល់តែសោះ​៕

IMG_4615 WAT-0109CCCC 010 IMG_4618