លោក អេង ឆៃអ៊ាង បញ្ជាក់ថា តុលាការ​កម្ពុជា​កាត់​ក្បាល​តម្រូវ​មួក​

ជាថ្មី​ម្តងទៀត លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​សប្តាហ៍​នេះ បាន​បន្ត​រិះគន់​ខ្លាំងៗ​ទៅលើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ដែល​គ្មាន​ភាព​ឯករាជ្យ​នៅតែ​ជា​ឧបករណ៍​គាបសង្កត់​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​។ លោក អេង ឆៃអ៊ាង បាន​រិះគន់ថា តុលាការ​កម្ពុជា បាន​កាត់​ក្បាល​តម្រូវ​មួក ព្រោះ​តុលាការ​បានធ្វើ​ខុស​នីតិវិធី​ច្បាប់​ច្រើន​ករណី ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​សង្គម​កម្ពុ​ជាមាន​ភាពអយុត្តិធម៌ និង​ក្តី​ឈឺចាប់​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា តុលាការ​កម្ពុជា បាន​រំលោភ​ហើយ​រំលោភ​ទៀត​នូវ​នីតិវិធី​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ករណី លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ នេះ​បង្ហាញ​យ៉ាងច្បាស់​ថា រឿងនេះ​មិនមែនជា​រឿង​អនុវត្តន៍​ច្បាប់ ឬ រឿង​បុគ្គល​ទេ គឺ​ពិតជា​រឿង​នយោបាយ​សុទ្ធសាធ​។​

ការបញ្ជាក់​របស់លោក អេង ឆៃអ៊ាង យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​ក្រោយពី​លោក អេង ឆៃអ៊ាង បាន​ពន្យល់​ជុំវិញ​ករណី លោក កឹម សុខា ថា មុនដំបូង​តុលាការ​បាន​ព្យាយាម​ធ្វើ​ឲ្យ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្លាយជា​ជនសង្ស័យ ហើយ​ក្រោយមក​ក៏​បង្វែរ​រឿង​ឲ្យ លោក កឹម សុខា ទៅជា​សាក្សី រួច​បន្ទាប់មកទៀត​ពីសា​ក្សី​ក៏​ព្យាយាម​បង្កហេតុ​ឲ្យ​ទៅជា​ករណី​បទល្មើស​ជាក់ស្ដែង ដើម្បី​ឲ្យ​លោក កឹម សុខា មាន​បទ​ចោទ​ដែល​បង្ហាញ​ពី​ភាពអយុត្តិធម៌​។​

គួរ​បញ្ជាក់ថា កន្លងមក លោក អេង ឆៃអ៊ាង ធ្លាប់បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា គប្បី​បញ្ឈប់​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​ស្ថាប័នរដ្ឋ​មានដូចជា​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដើម​ទៅ​គាបសង្កត់​លើ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​អយុត្តិធម៌ និង​ខុស​នីតិវិធី​ច្បាប់​ដែល​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពិសេស​ការបោះឆ្នោត​នៅ​កម្ពុជា​៕

13501721_818357941599503_4497427976044629371_n​ ​
​ ​