សកម្មភាព​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុងស្រុក​ឆែប និង​ស្រុក​រវៀង ខេត្តព្រះវិហារ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប និង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក អ៊ុំ ម៉ា​រ៉ា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃ​សហគមន៍​ទន្ទ្រាន​កាន់កាប់​ដីធ្លី​យក​ធ្វើជា​កម្មសិទ្ធិ​ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ក្រុម​ជនល្មើស​មួយចំនួន​បាន​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ ហើយ​ទន្ទ្រាន​កាន់កាប់​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​អភិបាលស្រុក​ឆែប ក៏ដូចជា​អភិបាលស្រុក​រវៀង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឆែប បាន​ឲ្យ​ដឹងថា​ដីព្រៃ​ការពារ​នៅ​ចំណុច​ទល់មុខ​ក្រុមហ៊ុន​ចម្ការ​អំពៅ និង​ដីព្រៃ​សហគមន៍​ឆែប​២ កំពុង​ត្រូវ​ក្រម​ជនល្មើស​ឈូសឆាយ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ចំណែក​ព្រៃ​សហគមន៍​រំចេក​ស្រុក​រវៀង ខេត្តព្រះវិហារ ត្រូវបាន​ក្រុម​ជនល្មើស​និង​ជន​ចំណាកស្រុក​មួយចំនួន​កាប់​រាន​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​អ្នកខ្លះ​សាងសង់​រោង សាងសង់​ផ្ទះ និង​ដាំ​ដំណាំ​ផ្សេងៗ​ជា​បន្តបន្ទាប់​។ បទល្មើស​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ មិន​ត្រូវបាន​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ឡើយ ធ្វើ​ឲ្យ​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុងស្រុក​ឆែប ក៏ដូចជា​ស្រុក​រវៀង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​ការផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ទាល់តែ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រី​បរិស្ថាន ទើប​ក្រុម​ជនល្មើស​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ការពារ​និង​ព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​អាច​រាលដាល​កាន់តែខ្លាំង​ហើយ​ព្រៃ​ការពារ​និង​ព្រៃ​សហគមន៍​ក្នុងស្រុក​ឆែប និង​ស្រុក​រវៀង ខេត្តព្រះវិហារ ចៀស​មិន​ផុតពី​វិនាស​ហិនហោច​ឡើយ​៕

___5 ___3 ___1 Untitled-1