ស្នាម​សាក់​​នៅ​ក​ជើង​ឆ្វេង សុខ សោម៉ាវត្តី មិន​អាច​កាត់​ថ្លៃ​បាន

តារា​សម្ដែង និង​ជា​ពិធី​ការិនី​ដែល​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​អ្នកនាង សុខ សោម៉ាវត្តី បាន​បង្ហើប​ពី​អត្ថន័យ​នៃ​ស្នាម​សាក់​រូប​នៅ​លើ​ក​ជើង​ខាង​ឆ្វេង​របស់​នាង​ថា នោះ​ជា​ទំនាក់ទំនង​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

 

ស្នាម​សាក់​​នៅ​ក​ជើង​ឆ្វេង សុខ សោម៉ាវត្តី មិន​អាច​កាត់​ថ្លៃ​បាន

 

អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ នាង​បាន​សាក់​រូប​យុថ្កា​នៅ​ក​ជើង​ខាង​ឆ្វេង​នោះ​យូរ​មក​ហើយ​ដែរ ព្រោះ​ជា​ខួប ១៥ ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភ័ក្ដិ​ប្រុស​ស្រី​ទាំង ៦ របស់​នាង។ តួឯក​ស្រី​រឿង “អ្នកនាង​ម្ចាស់​ឡឺកឺ” បញ្ជាក់​ថា​មិត្តភ័ក្ដិ​ទាំង ៦ នាក់​របស់​នាង​ក៏​សុទ្ធតែ​បាន​សាក់​រូប​នេះ​ដូចគ្នា។

 

សោម៉ាវត្តី ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ថា​ ពួក​នាង ​គឺ​បាន​ស្គាល់​គ្នា​យ៉ាង​ជិតស្និទ្ធ​អស់​រយៈពេល ១៥ ឆ្នាំ​មក​ហើយ ដូចនេះ​ទើប​ជ្រើស​យក​ការ​សាក់​រូប​ជា​និមិត្តរូប​នៃ​សម្ពន្ធភាព​ដ៏​ល្អ​នោះ​ទៅ។

 

“មិត្ត​ខ្ញុំ​ទាំង​អស់​នោះ​ មាន​ទាំង​ប្រុស​ មាន​ទាំង​ស្រី ហើយ​ពួក​គាត់​មិន​មែន​ជា​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ឡើយ តែ​ពួក​យើង​ស្រលាញ់​គ្នា​ណាស់”។ ពិធី​ការិនី​ខាង​លើ​ក៏​បាន​បញ្ជាក់​ថា​ដែរ​ ស្នាម​សាក់​នេះ​ នាង​ធ្វើ​វា​ឡើង​ក្នុង​អំឡុង​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ តែ​មិន​ចាំ​ថា​នៅ​ខែ​ណា​ឡើយ៕

 

អត្ថបទ ៖ ទ្រី រ៉ាវី