មេ​ឃុំ​មក​បក្ស​សមរង្ស៊ី​បដិសេធ​មិន​ចេញ​​ប័ណ្ណ​​ភ្នាក់ងារ​សង្កេតការណ៍​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ

មេ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៃ​គណបក្ស សម រង្ស៊ី បដិសេធ​មិន​ចេញ​ប័ណ្ណ​អ្នក​សង្កេតការណ៍​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ឲ្យ​បេក្ខភាព​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដោយ​សំអាង​ថា ជម្លោះ​ផ្ទៃក្នុង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ដោះស្រាយ​ឯក​ភាព​គ្នា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​បំពាន​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី ចោទ​ប្រកាន់​មេ​ឃុំ​ប៉ាតេ ថា​រំលោភ​គោលការណ៍​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្ងៃ​ទី​១ ខែ​​កញ្ញា។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ខកខាន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខណៈ​ដែល​ឃុំ​នេះ​មាន​តែ​​អ្នក​សង្កេតការណ៍​គណបក្ស​ប្រជាជន។

អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក អៀម អឿន ទទួល​ស្គាល់​ថា ជា​ជម្លោះ​ផ្ទៃក្នុង​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស សម រង្ស៊ី ដែល​មាន​តំណែង​ជា​មេ​ឃុំ​​បច្ចុប្បន្ន ក៏​ប៉ុន្តែ​តាម​គោលការណ៍​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ហេតុ​នេះ​មេឃុំ​ត្រូវ​ចេញ​ប័ណ្ណ​អ្នក​សង្កេតការណ៍​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ៖ «គណបក្ស​បាន​ប្រកាស​ហើយ​ថ្ងៃ​១៧ ខែ​ឧសភា គេ​បង្ហោះ​ហ្វេសប៊ុក ឃើញ​ទូទាំង​ប្រទេស។ ខុស​ឃុំ​នៅ​តែ​ប៉ាតេ មួយ​ទេ ដោះស្រាយ​មិន​ចេញ»

នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ គណបក្ស សម រង្ស៊ី ឈ្នះ​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កាល​ពី​អាណត្តិ​បោះ​​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១២។ កន្លង​ទៅ​នេះ គណបក្ស សម រង្ស៊ី បាន​រួម​បញ្ចូល​​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​ជម្លោះ​ផ្ទៃក្នុង​ទាក់ទិន​ការ​បង្កើត​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត។

មេ​ឃុំ​ប៉ាតេ លោក រម៉ាម យុត ទទួល​ស្គាល់​ថា ពិត​ជា​មិន​បាន​ចេញ​ប័ណ្ណ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទាមទារ​ឲ្យ​មន្ត្រី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​រួចរាល់។ លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ​បេក្ខភាព​លោក​ជា​មេឃុំ ហេតុ​នេះ​ប្រជាជន​នឹង​មិន​ទៅ​បោះឆ្នោត​ប្រសិន​ជម្លោះ​ផ្ទៃក្នុង​មិន​បាន​ត្រូវ​បាន​ដោះ​​​ស្រាយ​សមស្រប៖ «ភ្នាក់ងារ​គេ​ហ្នឹង​ខ្ញុំ​អត់​បោះត្រា​ឲ្យ​ទេ។ ខ្ញុំ​ធ្វើ​មេឃុំ​គេ​គោរព​ខ្ញុំ​ផង គេ​ធ្វើ​តែ​គេ ខ្ញុំ​អត់​បោះត្រា​ឲ្យ​ទេ»

​អ្នកសង្កេតការណ៍​គណៈកម្មការ​សង្កេតការណ៍​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហៅ​ថា ខុមហ្វ្រែល (COMFREL) ឃុំ​ប៉ាតេ លោក ឆាយ ធី សង្កេត​ឃើញ​ថា ថ្ងៃ​បោះឆ្នោត​ដំបូង​នេះ ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​ប៉ាតេ មាន​តែ​អ្នក​សង្កេតការណ៍​គណបក្ស​ប្រជាជន។ លោក​ថា ជា​ទូទៅ​ប្រជាពលរដ្ឋ​មាន​ចំនួន​តិច​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​ក្នុង​ឃុំ​នេះ៖ «មេ​ឃុំ​គណបក្ស សម រង្ស៊ី គាត់​បោះត្រា​ឲ្យ​គណបក្ស​ប្រជាជន ផ្ទុយ​ទៅ​វិញ គាត់​អត់​បោះត្រា​ឲ្យ​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយសារ​គាត់​ថា រឿង​នេះ​ជា​រឿង​ទំនាស់​ផ្ទៃក្នុង​បក្ស»

​ចំណែក​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ថា លោក​នឹង​សម្របសម្រួល​ឲ្យ​មេ​ឃុំ​ចេញ​ប័ណ្ណ​សង្កេតការណ៍​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ស្នើ​សុំ​តាម​គោលការណ៍​ស្ដីពី​ការ​ចេញ​ប័ណ្ណ​សង្កេតការណ៍​គណបក្ស​នយោបាយ​ថ្នាក់​ឃុំ សង្កាត់៖ «យើង​សម្របសម្រួល​ធ្វើ​ម៉េច​ឲ្យ​ចេញ​ដើម្បី​ឲ្យ​ពួកគេ​មាន​ប័ណ្ណ​សង្កេតការណ៍​ការិយាល័យ​​បោះ​ឆ្នោត»

​យ៉ាង​នេះ​ក្តី អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី លោក អៀម អឿន បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយការណ៍​ជូន​មន្ត្រី​គណបក្ស​ថ្នាក់​ខេត្ត រួម​ទាំង​​ធ្វើ​លិខិត​ទៅ​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​សុំ​អន្តរាគមន៍​បន្ថែម​ដោះស្រាយ​បញ្ហា​​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។