មនុស្ស​ជិត​៤​ពាន់​នាក់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​កំពង់ឆ្នាំង

នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ មាន​ពលរដ្ឋ​ប្រមាណ​ជិត ៤​ពាន់​នាក់ (៣,៩៨២) បាន​ចូល​ចុះ​ឈ្មោះ​ក្នុង​ការិយាល័យ​ចំនួន ៧៧៦​ការិយាល័យ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង។ ដំណើរការ​ចុះ​ឈ្មោះ​ថ្ងៃ​ដំបូង​នេះ​មាន​បញ្ហា​មួយ​ចំនួន។

នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៦ គឺ​នៅ​សង្កាត់​កំពង់ឆ្នាំង ផ្សារ​ឆ្នាំង ខ្សាម ប្អេរ នៃ​ក្រុង​កំពង់ឆ្នាំង ឃុំ​ជ្រៃបាក់ និង​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ដែល​អាស៊ីសេរី បាន​ចុះ​សង្កេតការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា មាន​បញ្ហា​ផ្នែក​បច្ចេកទេស​កុំព្យូទ័រ និង​មាន​ការ​រំខាន​មួយ​ចំនួន​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ។

នៅ​ការិយាល័យ​ខ្លះ មិន​បាន​សម្រួល​ដល់​មនុស្ស​ចាស់​ជរា ជន​ពិការ និង​អ្នក​ពោះ​ធំ​ឲ្យ​បាន​ចុះ​ឈ្មោះ​មុន​នោះ​ទេ និង​មិន​ចុះ​ឈ្មោះ​ជូន​ពលរដ្ឋ​ដែល​មក​ពី​ភូមិ​ផ្សេង​ខុស​កាលវិភាគ​ដែល​អាជ្ញាធរ​ឃុំ-​សង្កាត់ បាន​កំណត់​ទីតាំង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ភូមិ។ ពលរដ្ឋ​ខ្លះ​បោះបង់​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ដំបូង បន្ទាប់​ពី​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចេញ​លិខិត​បដិសេធ​ការ​ចុះ​ឈ្មោះ​ដោយ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​មេ​ឃុំ ឬ​ចៅសង្កាត់​បាន​ឈរ ឬ​ជជែក​គ្នា​លេង​ក្នុង​ការិយាល័យ​ទៀត​ផង។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង (PEC) អ្នកស្រី នួន ចាន់នី ទទួល​ស្គាល់​ថា នៅ​ថ្ងៃ​ចុះ​ឈ្មោះ​ដំបូង​នេះ​មាន​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​ច្រើន ហើយ​បញ្ហា​បន្តិចបន្តួច​ផ្សេង​ទៀត​មិន​បាន​រាំង​ស្ទះ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​នោះ​ទេ។ ចំពោះ​បញ្ហា​សណ្ដាប់​ធ្នាប់ និង​ការ​មិន​ចុះ​ឈ្មោះ​ជូន​ពលរដ្ឋ​ដែល​បាន​រក​ឃើញ​អ្នកស្រី​ថា នឹង​ណែនាំ​ដល់​ក្រុម​ការងារ​បន្ថែម និង​ធ្វើ​ការ​កែតម្រូវ៖ «ការ​ពិត​យើង​ធ្វើ​ការ​ចុះ​ឈ្មោះ​នៅ​សាលាឃុំ​នេះ គឺ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ហ្នឹង ភូមិ​ណា​មក​ចុះ​ក៏​បាន​ដែរ។ អ៊ីចឹង​គាត់​ចុះ​ទៅ​អនុ​ប្រធាន និង​ប្រធាន នឹង​រៀបចំ​គាត់​ទៅ​តាម​ភូមិ​ហើយ បញ្ចូល​ឈ្មោះ​គាត់​ក្នុង​កុំព្យូទ័រ​ទៅ​តាម​ការិយាល័យ​ដែល​គាត់​រស់​នៅ​ក្នុង​ភូមិ​ហ្នឹង​ទៅ​ណា។ អត់​មាន​ប្រកាន់​ថា អ្នក​ភូមិ​នេះ អ្នក​នោះ ភូមិ​នោះ ចុះ​ឲ្យ​ភូមិ​នេះ អត់​ចុះ​ភូមិ​នោះ អត់​ទេ! ធ្វើ​ខុស​ហើយ អត់​អី​ទេ​ក្មួយ ខ្ញុំ​នឹង​ជម្រាប​ជូន​រួច​កែតម្រូវ»

អ្នក​សង្កេតការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) លោក លាភ ប៊ុនលាង ថ្លែង​ថា ថ្ងៃ​ដំបូង នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ មាន​កំហុស​នីតិវិធី​ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​បាន​កើត​មាន​ក្នុង​ការិយាល័យ​មួយ​ចំនួន​តូច ប៉ុន្តែ​មិន​រំខាន​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​មាន​ការ​សម្រួល​សណ្ដាប់ធ្នាប់​ប្រសើរ​ជាង​នេះ «ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​ឲ្យ​មាន​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​អ្នក​ដែល​មក​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ថា ថ្ងៃ​ដំបូង​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​តាម​ឃុំ សង្កាត់​មួយ​ចំនួន​ហ្នឹង គឺ​មិន​មាន​អ្នក​ដែល​រៀបចំ​នៅ​មុខ​ការិយាល័យ​ប៉​ឆ្នោត​ទេ»

ការ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​បច្ចេកទេស​កុំព្យូទ័រ​ទំនើប​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នេះ ដើម្បី​បម្រើ​ដល់​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។