Bale ប្រាប់​ពី​អារម្មណ៍ ​ដែល​ Pogba បំបែក​កំណត់ត្រា​របស់​ខ្លួន

Gareth Bale ​ខ្សែ​បម្រើ​ក្រុម​ Real Madrid បាន​បង្ហាញ​ពី​អារម្មណ៍​​ពិត បន្ទាប់​ពី​​ខ្សែ​បម្រើ​ Paul Pogba របស់​ក្លឹប​ Manchester United​ បំបែក​កំណត់ត្រា​​របស់​ខ្លួន​ ក្លាយ​ជា​កីឡាករ​​ថ្លៃ​បំផុត​លើ​ពិភពលោក។

 

Bale ប្រាប់​ពី​អារម្មណ៍ ​ដែល​ Pogba បំបែក​កំណត់ត្រា​របស់​ខ្លួន

Gareth Bale ​ខ្សែ​បម្រើ​ក្រុម​ Real Madrid

 

Bale ​ផ្ទេរ​ពី​ក្លឹប​ Tottenham Hotspur ទៅ​ Real កាល​ឆ្នាំ​២០១៣ ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​ ៨៦លាន​ផោន​ ប៉ុន្តែ​កំណត់ត្រា​របស់​គេ​៣​ឆ្នាំ​នេះ ត្រូវ​បាន​ Pogba បំបែក​ បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ ផ្ទេរ​ពី​ក្លឹប​ Juventus ​ទៅ​ក្លឹប​បិសាច​ក្រហម​ Man Utd តម្លៃ​៨៩​លាន​ផោន ​កាល​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ។

 

Bale ប្រាប់​ពី​អារម្មណ៍ ​ដែល​ Pogba បំបែក​កំណត់ត្រា​របស់​ខ្លួន

Paul Pogba ខ្សែបម្រើថ្មីក្រុម​ Manchester United​

 

ចំពោះ​សំនួរ​ថា តើ​​រូប​គេ​មាន​​អារម្មណ៍​រំខាន ​ឬ​ខក​ចិត្ត​ដែរ​ទេ ដែល​ Pogba បំបែក​កំណត់ត្រា​នេះ? កីឡាករ​ជម្រើស​ជាតិ​វែល ​វ័យ​២៧​ឆ្នាំ បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា៖ “ខ្ញុំ​មិន​បាន​គិត ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​រឿង​​នោះ​ដែរ”។

 

Bale បាន​ឈ្នះ​ពាន UEFA Champions League ២​ដង​ហើយ​ជាមួយ​ Real ហើយ​បើ​ឈ្នះ​រដូវ​​កាល​នេះ​ទៀត​ រូប​គេ​នឹង​​ឈ្នះ​៣​ដង បំបែក​កំណត់ត្រា​កីឡាករ​វែល​ Ian Rush, Joey Jones និង​ Ryan Giggs​ ​ដែល​ធ្លាប់​ឈ្នះ​ម្នាក់​២​ដង​​ដូច​គ្នា។ ​ស្រប​ពេល​ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League 2017 ​ត្រូវ​លេង​នៅ​ទីក្រុង​ Cardiff ​ប្រទេស​វែល Bale បាន​បន្ថែម​ថា៖ “វា​ពិត​ជា​អស្ចារ្យ​បើ​អាច​បំបែក​កំណត់ត្រា​វែល​បាន។ យើង​ដឹង​ថា ផ្ដាច់ព្រ័ត្រ​នៅ​ Cardiff ​​ពិត​ជា​អស្ចារ្យ​បំផុត…វា​ជា​ពេល​​ដ៏​រំភើប”៕

 

Bale ប្រាប់​ពី​អារម្មណ៍ ​ដែល​ Pogba បំបែក​កំណត់ត្រា​របស់​ខ្លួន

 

Bale ប្រាប់​ពី​អារម្មណ៍ ​ដែល​ Pogba បំបែក​កំណត់ត្រា​របស់​ខ្លួន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun