បទល្មើស​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក យ៉ាន់ វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ផ្ទុយទៅវិញ​លោក យ៉ាន់ វិសាក់ កំពុង​ប្រើ​អំណាច​ជា​នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​ដោយមាន​ការបើក​ដៃ​ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​ផងដែរ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ធំ គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

កាលពី​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ អ្នកសារព័ត៌មាន​មួយក្រុម​បាន​ចុះ​ឃ្លាំមើល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដាយ ហើយ​រកឃើញ​បទល្មើស​ប្រើ​សាច់​អួន​ក្រហម និង​អ៊ុយ ព្រមទាំង​លប​ឡុ​ក ដែល​មួយកន្លែងៗ​មាន​ប្រវែង​៣០០០​ម៉ែត្រ​ទៅ​៤០០០​ម៉ែត្រ គឺ​គេ​អាច​ចាប់​កូន​ត្រី​ល្អិតៗ​បាន​រាប់​តោន​ក្នុង​មួយថ្ងៃៗ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ជនល្មើស​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​លោក ព្រុំ សុខឿន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ផាត់​សណ្ដាយ និង​លោក ស៊ិន សុ​ភី ហៅ​ប្រុស ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ផាត់​សណ្ដាយ​។ មន្ត្រីជលផល​ទាំងពីរ​នាក់​នេះ មានការ​ឃុបឃិត​ពី​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ ទើប​ហ៊ាន​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មន្ត្រី​អាជ្ញាធរ និង​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​យកទៅ​ធ្វើជា​ចំណី​ត្រី​រ៉ស់​ត្រី​ឆ្ដោ​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​មន្ត្រីរដ្ឋបាល​ច​ល​ផល​គ្រប់​លំដាប់ថ្នាក់ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​។ មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​ក្នុង​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​ទេនោះ គឺ​មន្ត្រី​ថ្នាក់ក្រោម​ដូចជា លោក យ៉ាន់ វិសាក់ លោក ព្រុំ សុខឿន និង​លោក ស៊ិន សុ​ភី ហៅ​ប្រុស មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​៕

14182584_187900938297541_1165433424_n 14159306_187900961630872_865199547_n 14182193_187900964964205_1307231465_n 14171880_187900971630871_1450701064_n