CCHR​ចេញ​របាយការណ៍​បង្ហាញ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សង្កេត​ឃើញ​ថា សេរីភាព​ជា​មូលដ្ឋាន​ខាង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ជ្រៀតជ្រែក និង​រឹតត្បិត​ខ្លាំង​ឡើងៗ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ។

របាយការណ៍​ប្រចាំ​ខែ​សីហា របស់​អង្គការ​នេះ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា បង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ ដូចជា​បង្ក្រាប​លើ​ "យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ" ដែល​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ខែ​ឧសភា​ មក​នោះ ត្រូវ​បាន​អាជ្ញាធរ​ព្រមាន និង​រារាំង ដោយ​ចាត់​វិធានការ​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូចជា​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង រំខាន​ដល់​អ្នក​ចូល​រួម ព្រម​ទាំង​ឃាត់​ខ្លួន​ជនបរទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ជាដើម។

ក្រសួង​មហាផ្ទៃ បាន​ហៅ​ការ​ចូលរួម​ក្នុង "យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ" គឺ​ជា​ការ​ញុះញង់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា "យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ" លើក​ទី​១៥  នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​បឹងកក់ ពីរ​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ដោយ​អាជ្ញាធរ​ចោទ​ពី​បទ​ញុះញង់ និង​បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​បាន​ចោទ​ពី​បទ​ប្រមាថ និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ថ្ងៃ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​ពី​ទិដ្ឋភាព​ផ្សេង​ទៀត ដូចជា​ការ​រាំង គំរាម​កំហែង​ដល់​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា ជាដើម។

​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​បាន​ទេ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាត់​ទុក​ការ​ជ្រៀតជ្រែក​របស់​អាជ្ញាធរ​លើ​សេរីភាព​បញ្ចេញ​មតិ និង​ប្រមូល​ផ្ដុំ​នេះ​ថា​ជា​ការ​បន្ទច់បង្អាក់​មួយ​ដល់​គំនិត និង​ការ​ពិភាក្សា​ផ្នែក​នយោបាយ និង​ការ​ធានា​ដល់​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សង្គម​ស៊ីវិល ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​រឹង​មាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។