ចំណុច​5​យ៉ាង​គួរ​ដឹង​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​លក្ខណៈ​ឯកជន​លើក​ដំបូង

មនុស្ស​ភាគច្រើន​មិន​ទទួល​បាន​ឱកាស​ក្នុង​ការ​ហោះហើរ​ជា​លក្ខណៈ​ឯកជន​នោះទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត អ្នក​អាច​នឹង​ត្រូវ​បាន​គេ​អញ្ជើញ​ដោយ​មិត្ត​រួម​ការងារ​អាជីវកម្ម ឬ​មិត្តភក្តិ ដើម្បី​ហោះហើរ​ជា​លក្ខណៈ​ឯកជន​មួយ ។ វា​អាច​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ឬ​អន្ទះអន្ទែង​សម្រាប់​អ្នក​ពេល​ធ្វើ​ដំណើរ​របៀប​នេះ​ជា​លើក​ដំបូង ។

លោក Andrew Collins នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sentient Jet បាន​ផ្ដល់​ដំបូន្មាន​ខ្លះ​ៗ​ក្នុង​ការ​យកឈ្នះ​ភាព​ភ័យ​ខ្លាច​នេះ ហើយ​ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ខ្លះ​ៗ​របស់​លោក​សម្រាប់​ការ​ហោះហើរ​ឯកជន​ជា​លើក​ដំបូង​របស់​អ្នក​។

១-​មិន​ត្រូវ​មក​យឺត​ទេ ៖
ការ​ឈរ​តម្រង់​ជួរ​សម្រាប់​ការ​ពិនិត្យ និង​ពេល​រង់ចាំ​ការ​ហោះហើរ គឺ​អាច​ប្រើប្រាស់​ពេលវេលា​យូរ​បន្ដិច នៅ​ពេល​ដែល​អ្នកធ្វើការ​ហោះហើរ​ឯកជន​ជា​លើក​ដំបូង ។ ដូច្នេះ ការ​មក​ដល់​ចំ​ពេល​ដែល​ត្រូវ​ហោះហើរ​នោះ គឺ​មិនល្អ​ទេ ។ លោក Collins បាន​ណែនាំ​ឲ្យ​មក​ដល់ ប្រហែល​១​ទៅ​២​ម៉ោង មុន​ពេល​ការ​ហោះហើរ​របស់​អ្នក​ត្រូវ​ចាកចេញ ។

២-​រៀបចំ​វ៉ា​លិ​ល​ឲ្យ​បាន​ស្រាល ៖
លោក Collins បាន​និយាយ​ថា ៖ « ទំហំ​វ៉ាលិស​អាស្រ័យ​លើ​ប្រភេទ​យន្តហោះ ប៉ុន្តែ​យន្តហោះ​ឯកជន​ជា​ច្រើន​អាច​មាន​កន្លែង​ដាក់​ទំនិញ ឬ​អីវ៉ាន់​តិច​ជាង​យន្តហោះ​ពាណិជ្ជ​កម្ម ។ ជា​ធម្មតា អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​រៀបចំ​វ៉ាលិស​ឲ្យ​បាន​ស្រាល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​ជា​ភ្ញៀវ ហើយ​អ្នក​មិនដឹង​ថា តើ​មនុស្ស​ដែល​បាន​អញ្ជើញ​អ្នក គេ​នឹង​យក​អ្វី​ទៅ​ខ្លះ » ។ ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ ត្រូវ​រៀបចំ​អីវ៉ាន់​ផ្ទាល់ខ្លួន និង​ស្លៀកពាក់ សាមញ្ញ​បំផុត មិន​ត្រូវ​សំពោងសំពាយ​នោះ​ទេ ។

៣-​មិន​ត្រូវ​ទុក​ប័ណ្ណសម្គាល់ខ្លួន​របស់​អ្នក​នៅផ្ទះ​ទេ ៖
លោក Collins បាន​ថ្លែង​ថា ៖ « ការ​ភ្លេច​យក​ប័ណ្ណសម្គាល់ខ្លួន គឺជា​រឿង​មួយ​ដែល​អាច​កើតឡើង​ម្តងម្កាល ហើយ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​ជា​លើក​ដំបូង ឬ​ជាមួយ​ភ្ញៀវ » ។ ទោះបីជា​មិន​ដូច​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម អ្នក​អាច​យក​ទឹក និង​វត្ថុ​រាវ​ផ្សេង​ទៀត​ទៅ​លើ​យន្តហោះ​ឯកជន ប៉ុន្តែ​បទ​ប្បញ្ញត្តិ​សហព័ន្ធ​បម្រាប់​សម្ភារ​គ្រោះថ្នាក់​នៅ​តែ​ត្រូវ​បាន​គេ​អនុវត្ត ទោះបីជា​នៅ​លើ​យន្តហោះ​ឯកជន​ក៏​ដោយ ។

៤-​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ៖
លោក Collins បាន​និយាយ​ថា ៖ «​នៅ ពេល​អ្នក​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​នោះ អ្នក​កំពុង​តំណាង​ឱ្យ​ពួក​គេ ដូច្នេះ ខ្ញុំ​ផ្តល់​ដំបូន្មាន​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ស្លៀកពាក់​ឲ្យ​សមរម្យ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ជា​ភ្ញៀវ និង​ជា​ធម្មតា ខ្ញុំ​ស្លៀកពាក់​បែប​ធ្វើ​អាជីវកម្ម ឬ​សម្លៀក​បំពាក់​ធម្មតា » ។

ទោះ​យ៉ាងណា លោក​បាន​បន្ថែម​ថា អ្នក​មិន​ចាំបាច់​តឹងតែង​ចំពោះ​ការ​ស្លៀកពាក់​ពេក​ទេ ប្រសិនបើ​អ្នក​កំពុង​ហោះហើរ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​ជិត​ស្និទ្ធ​នោះ ។

៥-​កុំ​ខ្មាស​អ្នក​ដែល​បាន​អញ្ជើញ ៖
លោក Collins បាន​និយាយ​ថា ៖ « ខ្ញុំ​តែងតែ​ប្រៀបធៀប​ការ​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន ដូច​គ្នា​ទៅ​នឹង​ការ​អញ្ជើញ​ឱ្យ​ចូលរួម​អាហារ​ពេល​ល្ងាច​ដូច្នោះ​ដែរ មាន​ន័យ​ថា យើង​មិន​ត្រូវ​ខ្មាស​អៀន​នោះ​ទេ ព្រោះ​វា​ជា​បទ​ពិសោធន៍​ថ្មី​របស់​យើង » ៕