ឪពុកក្មេងប្រុសស៊ីរីដែលដេកស្លាប់នៅឆ្នេរសមុទ្រ ចេញមុខថ្កោលទោសពិភពលោក

កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ឪពុកក្មេងប្រុសស៊ីរី Aylan Kurdi ដែលដេកស្លាប់ផ្កាប់មុខនៅលើឆ្នេរសមុទ្រតួកគី កាលពី១ឆ្នាំមុន បានចេញមុខថ្កោលទោសពិភពលោក ដោយសារតែភាពបរាជ័យ ក្នុងការបញ្ឈប់សង្គ្រាមបង្ហូរឈាម នៅក្នុងប្រទេសកំណើតរបស់គាត់ (ស៊ីរី)។

លោក Abdullah Kurdi អាយុ៤១ឆ្នាំ បានប្រាប់សារព័ត៌មានថា «ក្រុមអ្នកនយោបាយបាននិយាយ បន្ទាប់ពីការស្លាប់របស់គ្រួសារខ្ញុំថា គ្មានរឿងបែបនេះកើតឡើងម្តងទៀតឡើយ។ គ្រប់គ្នាអះអាងថា ពួកគេចង់ធ្វើអ្វីម្យ៉ាង ព្រោះតែរូបថត Aylan ចាក់ដោតបេះដូងពួកគេខ្លាំងពេក។ ប៉ុន្តែ តើអ្វីកំពុងកើតឡើងនៅពេលនេះ? មនុស្សជាច្រើននៅតែស្លាប់ និងគ្មាននរណាម្នាក់ដោះស្រាយឡើយ»។

គួរបញ្ជាក់ថា លោក Kurdi បានបាត់បង់សមាជិកគ្រួសារទាំងអស់ ក្នុងនោះរួមមាន ប្រពន្ធរបស់គាត់ ឈ្មោះ Rehab អាយុ៣៥ឆ្នាំ កូនប្រុស Galip អាយុ៥ឆ្នាំ និង Aylan អាយុ៣ឆ្នាំ។ រូបថតដ៏គួរឲ្យសោកសៅ របស់ Aylan ត្រូវបានចែកចាយពាសពេញពិភពលោក ហើយធ្វើឲ្យមនុស្សគ្រប់គ្នា រន្ធត់ និងភ្ញាក់ផ្អើលខ្លាំងបំផុត។

លោក Kurdi បានឲ្យដឹងថា វាជារឿងត្រឹមត្រូវមួយដែលរូបថត Aylan ត្រូវបានចែកចាយទូទាំងពិភពលោក ហើយរឿងទាំងអស់នេះត្រូវតែបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់ ថាមានរឿងអ្វីកំពុងកើតឡើង។ «សង្គ្រាមក្នុងប្រទេសស៊ីរី ត្រូវតែបញ្ចប់»។ លោក Kurdi បាននិយាយដូច្នេះ។

បច្ចុប្បន្ន លោក Kurdi រស់នៅតែម្នាក់ឯង ក្នុងរាជធានី Erbil ភាគខាងជើងតំបន់ Kurdish ប្រទេសអ៊ីរ៉ាក់។ «ឥឡូវខ្ញុំប្រហែលជារស់នៅមានសុវត្ថិភាពបំផុត ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ប៉ុន្តែដើម្បីអ្វី?»។ លោក Kurdi បានបន្ថែម៕

ប្រភព៖ Sabay


ឪពុកក្មេងប្រុសស៊ីរីដែលដេកស្លាប់នៅឆ្នេរសមុទ្រ ចេញមុខថ្កោលទោសពិភពលោក

បទយកការណ៍៖ សន្ទុះនៃការពេញនិយមផលិតផលច្នៃពីក្រមា បង្កើនការងារដល់ស្រ្តីខ្មែរដែលខ្សត់ខ្សោយ

ឪពុកក្មេងប្រុសស៊ីរីដែលដេកស្លាប់នៅឆ្នេរសមុទ្រ ចេញមុខថ្កោលទោសពិភពលោក

កិច្ចព្រមព្រៀងយោធាអាមេរិក-ឥណ្ឌាក្នុងបរិបទនៃភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង