លោក សម ភា​រ័ត្ន អាង​អំណាច​ជា​មន្ត្រី​យោធា ជីករណ្ដៅ​ដី​នៅ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល តាម​អំពើ​ចិត្ត​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន ដែលជា​មន្ត្រី​យោធា​ជាន់ខ្ពស់ បាន​ប្រើ​អំណាច​ជីករណ្ដៅ​ដី​និង​ដឹកជញ្ជូន​អាចម៍ដី​លក់​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​មន្ត្រី​ជំនាញ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន បានធ្វើ​អាជិ​វ​កម្ម​រណ្ដៅ​ដី​ច្រើន​ឆ្នាំ​មកហើយ ដោយមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល ក៏ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មិនបាន​បន្ត​អាជ្ញាប័ណ្ណ​ថ្មី​ពី​ក្រសួង​នៅឡើយ ហើយ​បែរជា​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ខ្ទឹម បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន បាន​ជីករណ្ដៅ​ដី​យ៉ាង​ធំ​ហួស​ពី​ទំហំ​ដែល​ក្រសួង​បានកំណត់ ហើយ​ជីក​មុខ​កៀក​នឹង​ដីស្រែ​របស់​អ្នកភូមិ​ទើប​ធ្វើ​ឲ្យ​អ្នកភូមិ​ព្រួយបារម្ភ​ពី​ការបាក់​ដីស្រែ​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ​។ លើស​នេះ​ទៅទៀត​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន បាន​ដឹកជញ្ជូន​អាចម៍ដី​តាម​រថយន្ត​ធំៗ​មិន​អនុវត្តន៍​តាម​បទ​ដ្ឋា​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ក៏ដូចជា​មាន​ធូលី​ហុយ​ទៅលើផ្ទះ​សម្បែង​របស់​អ្នកភូមិ​ជា​រៀងរាល់ថ្ងៃ​។ ហេតុនេះ​មន្ត្រី​អាជ្ញាធរ​ស្រុក​អង្គស្នួល ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្ដាល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ថែមទាំង​មានការ​គំរាមកំហែង​ទៅលើ​ក្រុមហ៊ុន​ដទៃទៀត​យ៉ាង​កំរោល​ផងដែរ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​អង្គស្នួល ចាត់វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​បស់​ក្រុមហ៊ុន​លោក សម ភា​រ័ត្ន ជាបន្ទាន់​ព្រោះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន គឺ​ពុំមាន​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​ឡើយ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន ដែលជា​មន្ត្រី​យោធា​ជាន់ខ្ពស់ បាន​ប្រព្រឹត្ត​ខុសពី​មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​នៃ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដូច្នេះ​មន្ទីរ​រ៉ែ និង​ថាមពល ក៏ដូចជា​ក្រសួង​រ៉ែ និង​ថាមពល មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ម្យ៉ាងទៀត​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន បាន​ប្រើប្រាស់​រថយន្ត​ដឹក​ដី​ធំៗ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​មូលដ្ឋាន នៃ​ឃុំ​ក្រាំង​ម្កាក់​ផងដែរ ហេតុនេះ​មន្ត្រី​អាជ្ញាធរ​ស្រុក​អង្គស្នួល ព្រមទាំង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្ដាល គួរ​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្ដែង​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​របស់លោក សម ភា​រ័ត្ន អនុវត្តន៍​តាមច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តទៅទៀត​៕

sep0107 sep0106