នារីវ័យ ២០ ឆ្នាំ ត្រូវម៉ូតូបោកយកគ្រឿងអលង្ការ និង ប្រាក់អស់ពីខ្លួន

6 Videos


នៅម៉ោង ៨ កន្លះយប់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ នៅទល់មុខនឹងច្រកចូលបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាននារីម្នាក់ត្រូវបានមិត្តភក្តិទូរស័ព្ទឲ្យមករកការងារធ្វើនៅភ្នំពេញ ហើយនៅពេលចាកចេញពីផ្ទះជិះរថយន្តមកដល់ភ្នំពេញឲ្យអ្នករត់ម៉ូតូឌុបដឹកយកទៅដាក់នៅទួលគោកបែរជាដឹកយកទៅ ដាក់នៅខណ្ឌដង្កោ ហើយបោកយកខ្សែដៃ លុយ ទូរស័ព្ទ ព្រមទាំងឯកសារផ្ទាល់ខ្លួនអស់មួយចំនួន ។

នារីរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២០ ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី ១០ ទើបនឹងឈប់រៀនបាន១០ថ្ងៃ មានស្រុកកំណើតនៅភូមិទ្រាស ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ របស់របរដែលត្រូវជនសង្ស័យបោកយកទៅនោះ មានខ្សែដៃប្លាទីន ទម្ងន់៣ជីមួយខ្សែ ទូរស័ព្ទម៉ាកសាំសុងមួយគ្រឿង លុយចំនួន ៥០ ដុល្លារ និង អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរមួយសន្លឹក សំបុត្រកំណើតមួយសន្លឹក និង សៀវភៅគ្រួសារមួយក្បាល ព្រមទាំងខោអាវមួយចំនួនទៀត ។

តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងត្រូវបានមិត្តភក្ដិ ដែលរស់នៅភូមិជាមួយគ្នាបានទូរស័ព្ទប្រាប់នាងថា បើឈប់រៀនឲ្យមកភ្នំពេញដើម្បីធ្វើការរោងចក្រជាមួយនឹងគេ ។ ពេលឮមិត្តភក្តិនិយាយដូច្នេះរូបនាងក៏មានគំនិតមួយនឹកចង់ធ្វើការដែររួចក៏បានរៀបចំប្រដាប់ប្រដាសម្លៀកបំពាក់ដាក់មួយវ៉ាលិស រួចបានជិះរថយន្តក្រុងធ្វើដំណើរមកភ្នំពេញ ។

លុះធ្វើដំណើរមកដល់ភ្នំពេញបានឈប់នៅចំណតរថយន្តផ្សារថ្មីរូបនាងបានទូរស័ព្ទទៅសួរមិត្តភក្តិថា ផ្ទះនៅឯណា ? ហើយមិត្តភក្ដិនាងបានប្រាប់ថា នៅម្តុំទួលគោក ។ លុះដល់ពេលនិយាយរួច ស្រាប់តែមានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានមកសួរនាងថា ទៅទួលគោកមែន ? បើទៅតម្លៃ ១ ម៉ឺនរៀល ។

ពេលនោះរូបនាងក៏យល់ព្រមឡើងជិះម៉ូតូទៅជាមួយបុរសរូបនោះ ដោយនាងមិនដឹងថា ទួលគោកហ្នឹងនៅម្តុំណានោះទេ ហើយនៅពេលកំពុងជិះម៉ូតូបុរសជាអ្នករត់ម៉ូតូឌុបនោះ បានប្រាប់នាងថា កុំពាក់របស់មានតម្លៃនៅជាប់ខ្លួន ព្រោះអីនៅទីក្រុងមានចោរច្រើនណាស់ ។ ពេលឮដូចនេះ រូបនាងបានដោះខ្សែដៃ ព្រមទាំងទូរស័ព្ទម៉ាកសាំសុងដាក់ចូលក្នុងកាបូប ព្រមទាំងលុយ ចំនួន៥០ដុល្លារថែមទៀត ។

បន្ទាប់មកបុរសជាអ្នករត់ម៉ូតូឌុបបានឌុបនាងយក មកដាក់នៅមុខបុរីលឹម ឈាងហាក់ រួចហើយបានប្រាប់ថា ហ្នឹងហើយទួលគោក ។ ពេលនោះរូបនាងបានចុះពីលើម៉ូតូរួចយក ទូរស័ព្ទចុចពិលមួយគ្រឿងទៀត ទូរស័ព្ទទៅរកមិត្តភក្តិដោយប្រាប់ថា មកដល់ទួលគោកហើយ តែទូរស័ព្ទមិនចូលសោះទោះបីជា ប្រឹងចុចជាច្រើនដងក៏នៅតែមិនចូល ។

នារីវ័យ ២០ ឆ្នាំ ត្រូវម៉ូតូបោកយកគ្រឿងអលង្ការ និង ប្រាក់អស់ពីខ្លួន

ពេលនោះ បុរសជាអ្នករត់ម៉ូតូឌុបបាន ប្រាប់ថា ឈរចាំរូបគាត់នៅទីនេះគាត់ទៅទិញទឹកផឹកមួយភ្លែត។ និយាយរួចបុរសរូបនោះក៏បានជិះម៉ូតូចេញទៅ ព្រមទាំងយកវ៉ាលីរបស់នាងដែលដាក់នៅខាងមុខម៉ូតូនោះយកទៅបាត់រហូតតែម្តង ។ ដោយសារតែចាំអ្នករត់ម៉ូតូឌុបអត់ឃើញមកវិញ ហើយទូរស័ព្ទទៅមិត្តភក្តិក៏មិនចូលទៀត ហើយរូបនាងមិនស្គាល់ភ្នំពេញច្បាស់ផងនោះ គឺបានត្រឹមតែយំដើរចុះ ដើរឡើងតែប៉ុណ្ណោះ ។

គាប់ជួនពេលនោះសន្តិសុខយាមនៅក្នុងបុរីឃើញក៏បានសួរនាំ ហើយបាននាំនាងទៅអង្គុយនៅកន្លែងសន្តិសុខរួចបានឲ្យទឹកនិងចំណីនាងហូបបន្ទាប់មកពួកគាត់ បានផ្តល់ដំណឹងទៅឲ្យនគរបាលប៉ុស្តិ៍ដង្កោមកជួយ ៕

សុថាត់