ផ្ទុះ​កាំជ្រួច​របស់​ក្រុមហ៊ុន SPACEX អា​មេ​រិ​កលើ​ជើង​ទម្រ​បាញ់

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​អវកាស​ឯកជន​អា​មេ​រិ​ក  SPACEX បញ្ជាក់​ថា កាំជ្រួច  FALCON 9 របស់  SPACEX បាន​ផ្ទុះ​នៅ​លើ​ជើង​ទម្រ​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​១ កញ្ញា នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណ​ឌី ឯកា​ប កា​ណា​វេ​រ៉ា​ល់ រដ្ឋ​ផ្ល​រី​ដា ពេលធ្វើការ​សាកល្បង​ម៉ូ​ទ័​រទាំង​ឡាយ​របស់​កាំជ្រួច​នោះ ។ កាំជ្រួច​និង​ផ្កាយ​រណប​ភ្ជាប់​កាំជ្រួច​រង​ការ​បំផ្លាញ តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

កាំជ្រួច​បាន​ផ្ទុះ​ពេល​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​មុន​ពេល​បាញ់​បង្ហោះ​បញ្ជូន​ផ្កាយ​រណប​មួយ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៣ កញ្ញា ។ កាំជ្រួច FALCON ត្រូវ​បាញ់​បញ្ជូន​ផ្កាយ​រណប​គមនាគមន៍​អីុ​ស្រា​អែ​ល AMOS-6 មាន​ទម្ងន់​ដល់​ទៅ​៥,៥​តោន ជា​ទម្ងន់​ធ្ងន់​បំផុត ដែល SPACEX ពុំ​ធ្លាប់​បញ្ជូន​ទៅ​កាន់​តារាវិថី ។ ផ្កាយ​រណប​នោះ​ត្រូវ​ប្រើប្រាស់​ជា​ពិសេស​ដោយ  FACEBOOK  ដើម្បី​ពង្រីក​ដល់​ការ​ចាប់​របស់​អីុ​ន​ធើ​រ​ណេ​ត​នៅ​ទ្វីបអាហ្វ្រិក ។ លោក  MARK ZUCKERBERG ប្រធាន​អគ្គនាយក​របស់  FACEBOOK មាន​ប្រតិកម្ម​ថា ខ្ញុំ​មានការ​ខកចិត្ត​ណាស់ ពេល​ទទួល​ព័ត​ត៌​មាន​ពី​បរាជ័យ​នៃ​ការ​បាញ់​បង្ហោះ​របស់ SPACEX ហើយ​បំផ្លាញ​ផ្កាយ​រណប​របស់​យើង ។

គ្រោះថ្នាក់​នោះ​នាំ​ឱ្យ​មានការ​ខាតបង់​ប្រាក់​ប្រមាណ​ជា​៥០​លាន​អឺ​រ៉ូ រហូត​ដល់​ឆ្នាំ​២០១៩ សម្រាប់​ប្រតិបត្តិ​ករ​ផ្កាយ​រណប​EUTELSAT ។

នេះ​ជា​គ្រោះថ្នាក់​ទី​២​សម្រាប់​ក្រុមហ៊ុន  SPACEX ដែល​កាំជ្រួច  FALCON-9 ធ្លាប់​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៥ ក្រោយ​បាញ់​បង្ហោះ​បញ្ជូន​យានអវកាស DRAGON ដើម្បី​បំពេញបេសកកម្ម​ផ្គត់ផ្គង់​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ  ISS ៕