ពុទ្ធោ! ឡានសាមុយផ្តាច់ជីវិត​ម្តាយ​និងកូនក្នុងផ្ទៃ​ បុកផ្លោងច្រើនម៉ែត្រ​

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​សង្គ្រោះ​បន្ទាន់មួយ​គ្រឿង​​ ពណ៌.ស ​ពាក់​ស្លាក​លេខ​រដ្ឋ​12.2.0621 បាន​ប្រើប្រាស់​ល្បឿនលឿន ជ្រុល​បុក​ជាមួយ​ម៉ូតូ​​ម៉ាក​ស៊ី​រុស​ជិះ​គ្នា​២​នាក់ ដោយ​ម្នាក់​ជា​ស្ត្រី​ពោះធំ​៨ខែ​ ​​ផ្លោង​ចេញពីលើ​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បណ្តាលឱ្យ​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ ​ហើយត្រូវគេ​​ដឹក​​ទៅ​សង្គ្រោះបន្ទាន់​​នៅ​មន្ទីរពេទ្យ តែជាអកុសល ​មិន​ទាន់​​​ដល់​ផង ស្ត្រីរងគ្រោះបាន​​ដាច់ខ្យល់​ស្លាប់​ ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើង​ កាលពីវេលាម៉ោង០៨យប់​ថ្ងៃទី០១ សីហា ២០១៦ ស្ថិត​នៅ​លើ​​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​​រង្វង់​មូល​ព្រះ​​ចៅពញា​ក្រែក ក្នុងភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ។ ប្រភព​ពី​ពលរដ្ឋ​​ឱ្យ​​ដឹង​ថា នៅ​មុនពេល​​កើតហេតុ​ ម៉ូតូ​ជិះ​២​នាក់​ក្នុង​នោះ​ មានទាំង​ស្ត្រី​ពោះធំខាងលើ ​​ធ្វើ​ដំណើរ​​ពី​កើតមក​​លិច​ ស្រប​ពេល​​មក​ដល់​ត្រង់រង្វង់​មូល​ផ្លូវ​ចូល​ជី​មាន់ ម៉ូតូ​នោះ​ទំនងជា​បត់​ឆ្លងផ្លូវ ​តែ​មិន​ទាន់​បាន​បត់​ផង ក៏ត្រូវ​​រថយន្ត​បើកមក​ពីក្រោយ​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង ។

​​ក្នុង​ពេល​នោះ ​គេ​​ឮ​សូរ​សំលេង​បុក​ជា​ខ្លាំង​ ដោយ​ស្ត្រីមាន​ផ្ទៃពោះ​ត្រូវ​​រង​របួស​យ៉ាងដំណំ ក្រោយផ្លោ​ង​ចេញពី​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ   ហើយ​ម៉ូតូ​​នៅ​ជាប់​ពី​ក្រោម​រថយន្ត​ បើក​អូស​បើក​បែក​ផ្កាភ្លើង​ចម្ងាយ​​ប្រហែល​៥០​ម៉ែត្រទើប​ឈប់​ និង​បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល
​​ដល់​​មនុស្ស​ម្នា​​ក្បែរ​នោះ នាំ​គ្នា​រត់​មក​មើល​​ ។

ចំណែក​​សមត្ថកិច្ច​​ឱ្យ​ដឹង​ដែរ​ថា ម៉ូតូ​ជិះ​គ្នា​២​នាក់​ ​​ម្នាក់​ឈ្មោះ​សាម យ៉ា​ត អាយុ​៤២​​ឆ្នាំ រង​របួសស្រាល​ ជា​អ្នក​ឌុ​ប​ស្ត្រី​មាន​ផ្ទៃពោះ​ឈ្មោះ​ស្រី យ៉េ​ត អាយុ​១៩​ឆ្នាំ ​(មាន​ផ្ទៃពោះ​៨​ខែ) រស់នៅ​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែកទាំងអស់​គ្នា ។ ស្រប​ពេល​ដែល​ម៉ូតូ​ជិះ​មក​ដល់​ត្រង់​ចំណុចរង្វង់​មូល​ព្រះ​ចៅពញា​ក្រែក  ក៏​​​ជិះ​បត់​ឆ្លងផ្លូវ​ថ្នល់ រំពេច​នោះ​​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​​បង្អែក​ស្រុក​ពញាក្រែក ដោយដឹក​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ ​ថែម​ទាំង​បើក​ស៊ី​រ៉ែ​ន​ទៀត ក៏​បាន​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​​ស្លាប់​ស្ត្រី​ពោះធំ​នោះ ។