តិរច្ឆាន​ណាស់ ! ឲ្យ​នៅផ្ទះ​មើលថែ​កូន មិន​ត្រឹមតែ​មិន​មើលថែ​ទេ ថែម​ទាំង​…

ខេត្ត​ត្បូងឃ្មុំ ៖ ខណៈ​ស្រី​ជា​ប្រពន្ធ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ប្តី​នៅ​មើលថែ​ទាំ​កូន​ៗ៣​នាក់  តែ​ប្តី​ចិត្ត​តិរច្ឆាន​មិន​ត្រឹមតែ​មិន​មើលថែ​កូន​ទេ ថែម​ទាំង​ចាប់​កូនស្រី​ដើម​រំលោភ​សេពសន្ថវៈ​បន្តបន្ទាប់​រហូត​ដល់​ទៅ​៣០​លើក ទាំង​ស្រវឹងស្រា ទាំង​មិន​ស្រវឹងស្រា ។ ទីបំផុត​កូនស្រី​ទ្រាំ​លែង​បាន បាន​ប្រាប់​សាច់ញាតិ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​អគតិ​ឈ្មោះ វ៉ា​ន់ ថា​ណា​រិ​ន អាយុ​៣២​ឆ្នាំ ត្រូវជា​ឪពុកចុង បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​ដើម​អាយុ​១៣​ឆ្នាំ រំលោភ​សេពសន្ថវៈ​ជា​ញឹកញាប់​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​តាំងពី​អំឡុង​ខែមិថុនា ខែកក្កដា និង ខែសីហា ឆ្នាំ​២០១៦ តែ​ទីបំផុត​ទ​ង្វើ​ដ៏​អាក្រក់​នេះ​ត្រូវ​បានកូន​ស្រី​និយាយ ប្រាប់​សាច់ញាតិ ទើប​ឈាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំ​រិល​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

យោង​តាម​ដើមបណ្តឹង​ត្រូវជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៦ គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទុក​កូន​៣​នាក់​ឲ្យ​ប្តី​មើលថែ​ទាំ​ជំនួស ក្នុង​នោះ​មានកូន​ប្រុស​អាយុ​១៥​ឆ្នាំ កូនស្រី​អាយុ​១៣​ឆ្នាំ និង​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​កន្លះ ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល ថ្ងៃ​ទី​៣០​សីហា សាច់ញាតិ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​ខ្លួន​ចាប់​កូនស្រី​រំលោភ ទើប​នៅ​ថ្ងៃ​ទី​៣១​សីហា       គាត់​បាន​ចាក​ចេញពី​ភ្នំពេញ​ត្រឡប់​មក​ផ្ទះ​នៅ​ឃុំ​ដំ​រិល​វិញ ។ ពេល​មក​ដល់​ផ្ទះ​ក៏​សួរ ត្រូវ​បានកូន​ស្រី​ឆ្លើយ​ប្រាប់​ថា ឪពុកចុង​ពិតជា​បាន​ចាប់រំលោភ​មែន​រហូត​ដល់​ទៅ​៣០​លើក​ឯណោះ ។

សមត្ថកិច្ច​បញ្ជាក់​ថា ឪពុកចុង​ចិត្ត​តិរច្ឆាន​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ​រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​មែន ៕