ឆេះស្ថានីយសូគីម៉ិចម្សិលមិញ អត់ដឹងអស់ប៉ុន្មាន…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា គិតមក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​​ដឹង​ពី​ចំនួន​ការ​ខាតបង់​ទឹកប្រាក់​ពិត​ប្រាកដ​​នៅឡើយ ដោយ​សារ​តែ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​សាំង​មួយនោះ មិន​បានដឹង​ថា ប្រេង​ដែល​ស្តុក​មាន​ចំនួន​ប៉ុន្មាន​ឱ្យ​ពិត​ប្រាកដ ព្រោះតែ​ការ​ដក​ចេញ​ទិញ​ចូល​​ជា​ញឹកញាប់ ណាមួយ​បញ្ជីស្នាម ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៀត ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ស្ថានីយ​សាំង​សូ​គី​ម៉ិច

លោក​អនុសេនីយ៍ឯក​ធី ឆៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា នេះ​ថា សមត្ថកិច្ច​សហការ​ជាមួយ​ម្ចាស់​ស្ថានីយ ក្នុង​ការ​បោសសំអាត​កាក​សំណល់ ដែល​សេសសល់​ពី​ការ​ឆាបឆេះ ដើម្បី​ស្វែងរក​តួលេខ​ពិត​ថា តើ​ទំហំ​នៃ​ការ​ខូចខាត​មាន​ចំនួន​ប៉ុណ្ណា ។

លោក​បន្ត​ថា បើ​ទោះជា​បែប​នេះ​ក្តី ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​ពី​តួលេខ​ពិតប្រាកដ​បាន​ឡើយ ព្រោះ​តាម​ការ​សាកសួរ គឺ​ម្ចាស់ផ្ទះ​ប្រាប់​ថា ចំពោះ​ប្រេង គឺ​ដឹក​ចេញចូល​ជាប់​ជា​ប្រចាំ ម្យ៉ាង​បញ្ជីស្នាម​ដែល​កត់ត្រា​ពី​ការ​ចេញ​-​ចូល​ប្រេង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៀត​។

តាម​ការ​សាកសួរ​ទើប​ដឹង​ថា មូលហេតុ​នៃ​ការ​ឆេះ គឺ​មក​ពី​ក្រុម​ជាងដែក​ដែល​ផ្សា ហើយ​ធ្លាក់​ផ្កាភ្លើង​មក​ប៉ះ​នឹង​ធុង​ប្រេង តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ ក៏​នាំ​គ្នា​ទៅ​ហូប​បាយ​អស់​ទៅ ក្រោយមក​ក៏​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​មាន​ការ​ផ្អើល​ឆោឡោ​និង​សុំ​អន្តរាគមន៍​អោយ​រថយន្ត​មក​បាញ់​ពន្លត់​។ ចំពោះ​ក្រុម​ជាង​ផ្សា​ដែក ដែល​ជា​កូនចៅ​របស់​ម្ចាស់​ស្ថានីយ និង​ជាដើម​ចម បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ កើតឡើង​មិន​ត្រូវ​បាន​ឃាត់ខ្លួន សួរនាំ​នោះ​ទេ ។ នេះ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​ធី ឆៃ​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ច្បារមន ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង នៅ​ចំណុច​កន្លែង​ស្តុក​ប្រេង​ស្ថានីយ​សូ​គី​ម៉ី​ច ដែល​មាន​ម្ចាស់​ឈ្មោះ​អ៊ឹ​ង ឈុ​ន​ទ្រី ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បណ្តាល​ឱ្យ​ឆេះ​សម្ភារ រួម​មាន​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត​មួយ​ចំនួន​ធំ ត្រាក់ទ័រ​១​គ្រឿង (​សា​ហ្សើ ) ម៉ាស៊ីន​បូម​ប្រេងសាំង​៥​គ្រឿង ធុង​ផលិត​ទឹក​សុទ្ធ​មួយ​ចំនួន​ធំ ឆេះ​រោល​ផ្ទះថ្ម​២​ល្វែង ម៉ូតូ​C125 មួយ​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ឃ្លាំង​ស្តុ​ប​ប្រេង​មាន​ទ​ហំ​២០​ម៉ែត្រ គុណ​២៥​ម៉ែត្រ ដែល​សម្ភារ​ទាំងនេះ បើ​គិត​ជា​សាច់ប្រាក់​គឺ​មាន​ចំនួន​រាប់​ម៉ឺន​ដុល្លារ នៅ​មិន​ទាន់​គិត​ពី​ការ​ខូចខាត​ផ្ទះសម្បែង​នោះ​ទេ​។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ការពារ​កន្លែង​កើតហេតុ មាន​ដូច​ជា​យោធា​សឹក​រង​១០០​នាក់ ភូមិភាគ​ទី​៣      ១៥០​នាក់ កងរាជអាវុធហត្ថ​៩៩​នាក់ ប៉ូលិស​១៣០​នាក់ ទ័ពជើងគោក​២០​នាក់ អាជ្ញាធរ​ក្រុង​១០០​នាក់ សមាគម​ចិន​៦០​នាក់​។

ការ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ រួម​មាន​រថយន្ត​កងពល​៧០ ចំនួន​៧​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ​២​គ្រឿង​, រថយន្ត​ស្នងការ​ខេត្តកណ្តាល​៣​គ្រឿង​, រថយន្ត​ស្នងការ​ខេត្តកំពង់ស្ពឺ​៥​គ្រឿង​, រថយន្ត​ឯកជន​៤​គ្រឿង និង​រថយន្ត​សង្គ្រោះ​បន្ទាន់​សរុប​៥​គ្រឿង ។