កំពូលតារាភាពយន្តថៃលោក James Jirayu ដឹកដៃ Bella មកជួបប្រិយមិត្តរបស់ខ្លួន នៅកម្ពុជានាខែតុលានេះ

តារាប្រុសលំដាប់ជួរមុខរបស់ថៃ លោក James Jirayu នឹងដឹកដៃកញ្ញា Bella ធ្វើដំណើរពិសេសមកកាន់ទីក្រុងភ្នំពេញ ដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួន ជាច្រើននៅប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែតុលាខាងមុខនេះ។

ដំណើរមកដល់ទឹកដីដ៏ស្រស់បំព្រងរបស់កម្ពុជាលើកនេះ កំពូលតារាភាពយន្តដ៏ល្បីទាំងពីរដួងប្រចាំស្ថានីយទូរទស្សន៍ ដ៏ល្បីរបស់ថៃTV3 នឹងទទួលពិធីស្វាគមន៍ ក៏ដូចជាចូលរួមក្នុងជំនួប ពិសេសមួយមានឈ្មោះថា «វេទិកាតារាថៃប្រចាំ PNN ២០១៦» នៅឯផ្សារទំនើបអ៊ីអន ក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន បានបញ្ជាក់ថា៖ «ភីអិនអិនទទួលបាននូវការសំណូមពរ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់អ្នកគាំទ្រភាពយន្តភាគថៃរបស់ភីអិនអិន ស្នើសុំ ឲ្យអញ្ជើញលោកJames ជាដៃគូជាមួយកញ្ញាBella ទើបក្រុមយើងសម្រេចចិត្ត អញ្ជើញពួកគាត់រួមគ្នា ម្យ៉ាងទៀតពួកគាត់ទាំងពីរ ក៏ជាដៃគូសម្តែងសាកសមបំផុត សម្រាប់ប្រចាំឆ្នាំ២០១៦នេះផងដែរ»។

លោក James Jirayu និងកញ្ញា Bella បានចាប់ដៃគូសម្តែងជាមួយគ្នា ក្នុងរឿងភាគដ៏ល្បីបំផុតរបស់ថៃចំនួនពីរ គឺរឿងសុភាពបុរសទាំង៥ ឬ Suparburoot Jutathep Series និងរឿងភរិយាបណ្តូលចិត្ត ឬ Beloved Loyal Wife។ ក្នុងពេលឆាប់ៗខាងមុខនេះ ភីអិនអិនក៏នឹងចាក់ផ្សាយជូនទូរទស្សនិកជន បានតាមដានទស្សនានូវរឿង ទាំងពីរនេះផងដែរ។

James មានឈ្មោះពិត Jirayu Tangsrisuk គឺជាតារាសម្តែង អ្នកចម្រៀង និងជាអ្នកបង្ហាញម៉ូដ។ នៅក្នុងឆ្នាំ២០១១ James ឈ្នះនៅក្នុងការប្រកួត របស់ផលិតផលគ្រឿងសម្អាង Mistine ហើយក៏បានចាប់ផ្តើម អាជីពជាអ្នកបង្ហាញម៉ូដ។

២០១៣ គឺជាឆ្នំាដែលJames ចាប់ផ្តើមប្រឡូកក្នុងការសម្តែងរបស់ខ្លួន ជាលើកដំបូងនៅក្នុងរឿងភាគដ៏ល្បីបំផុតរបស់ថៃ «Suparburoot Jutathep» ដោយចាប់ដៃគូជាមួយតួឯកស្រីកញ្ញា Bella Ranee។ ឆ្នាំនោះដដែល James និងBella បានទទួលពានរង្វាន់ជា Fantasy Couple of the Yearពី Kerd Awards បន្ទាប់ពីពួកគេបានសម្តែងរួមគ្នានៅក្នុងរឿងមួយនេះ។

នៅឆ្នាំ២០១៥ James ចាប់ដៃគូជាមួយយ៉ាយ៉ា សម្តែងនៅក្នុងរឿង Neung Nai Suang ឬចិត្តស្អប់បង្កប់ស្នេហ៍ ដែលភីអិនអិន បានចាក់ផ្សាយរឿងនេះរួចមកហើយ នាពេលកន្លងមក។
សម្រាប់ឆ្នាំ២០១៦នេះវិញ តារាប្រុសវ័យ២៣ឆ្នាំ James Jirayu និងតារាស្រីវ័យ២៦ឆ្នាំ Bella Ranee បានសម្តែងរួមគ្នាម្តងទៀត នៅក្នុងរឿងភរិយាបណ្តូលចិត្ត ឬ Beloved Loyal Wife ដែលភីអិនអិន បានសិទ្ធិផ្តាច់មុខក្នុងការចាក់ផ្សាយ នាពេលឆាប់ៗខាងមុខនេះ។

PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយ កាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបាន សិទ្ធិចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗ និងថ្មីៗបំផុតរបស់ស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការមកដល់របស់ កំពូលតារាសម្តែងថៃទាំងពីរនេះ សូមលោកអ្នកតាមដានទំព័រហ្វេសប៊ុក របស់ភីអិនអិនដែលមានអាសយដ្ឋាន៖ www.facebook.com/PNNDramaFanClub 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload