ហោរាសាស្ត្រសម្រាប់ថ្ងៃទី១ ដល់ ១៥ ខែកញ្ញា ឆ្នាំ ២០១៦

ហោរាសាស្ត្រសម្រាប់ថ្ងៃទី១ ដល់ ១៥ ខែកញ្ញា ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរបន្ទាប់ពីមានការរីកលូតលាស់អស់មួយរយៈ នៅពេលនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុកតែម្តង ។ ដូច្នេះទោះជាលោកអ្នកប្រកបកិច្ចការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ ដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន និង មិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះ ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក អាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើ ៕

ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ បើសម្រេចចិត្តថាធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែអ្វីៗអាចដំណើរការបានស្រួលក្តី ។ តែចកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ប្រយ័ត្ន កើតរឿងរ៉ាវ អាចកាត់បន្ថយមិត្ត និងបង្កើនសត្រូវ ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់ ។ ចំពោះ គូស្វាមីភរិយា ក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស់៕

ឆ្នាំខាល
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារនិងការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់និងមានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរ លោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបានទោស និងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ធ្វើឲ្យចំណងស្នេហាប្រេះឆា ៕

ឆ្នាំថោះ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់និងមិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុនជាមួយ តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនចាញ់បោកគេ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេ ប្រយ័ត្នការលោភលន់អាចនាំមកនូវក្តីវិនាសអន្តរាយ ។ ចំពោះគូស្វាមីភរិយា មានភាពសុខដុមរមនានៅក្នុងគ្រួសារ ៕

ឆ្នាំរោង
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះ អ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំឬលក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួលឬទិញយកដែរ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន និងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំពោះគូស្នេហ៍ ជួបរឿងរកាំរកូសច្រើន៕

ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាម ក្រសួង មន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួល ការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្រៅពីនោះ ពិតមែនតែមានសុខភាពល្អជាក្តី តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន ។ ចំពោះគូស្វាមីភរិយា មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំមមី
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះលោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយ ឬ ផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ ប្រយ័ត្នអាចជួបគ្រោះអាក្រក់ បង់ទាំទ្រព្យ បង់ទាំងកាយ ។ ក្រៅពីនោះចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតមានឡើងគ្រប់វិនាទី ។ ចំពោះគូស្នេហ៍ បើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺអាចប្រេះឆាកាន់តែខ្លាំងឡើង ៕

ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នក ប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ ។ក្នុងរយៈពេលនេះដែរ បើមានបងប្អូនញាតិមិត្តិស្កាត់មកបបួលរកស៊ីចូលហ៊ុន ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំវក
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំណូល ។ ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជានោះ ។ ដូច្នេះ លោកអ្នកមិនត្រូវល្មោភស៊ីល្មោភផឹកឡើយ ទើបមិនអន្តរាយដល់ក្រពះ និង ពោះវៀន ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕

ឆ្នាំរកា
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ។ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិឬរួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និងអាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ៕

ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ ។ ដូច្នេះ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន ។ តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ អាចបង់ខាតលាភសក្ករៈវិញ ក្នុងរយៈពេលនេះដែរ អ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវឲ្យគេជំពាក់បំណុលឬឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ក្រៅពីនោះលោកអ្នកក៏ជាមនុស្សមានសម្តីវោហារខ្លាំងក្លា ទោះបាននិយាយស្តីអ្វីគឺមានគេចូលចិត្តស្តាប់ និង ត្រង់ត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំកុរ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រទន្លេបឹងបួរ តោងប្រយ័ត្ន ក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមី ភរិយា ទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបនៅក្នុងគ្រួសារមានសុខដុមរមនា ៕

ប្រភព ៖ pmhotnews

  • ហោរាសាស្ត្រសម្រាប់ថ្ងៃទី១ ដល់ ១៥ ខែកញ្ញា ឆ្នាំ ២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:កំសាន្ត
Tags: