រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បង្ហាញកត្តាសំខាន់​៥ចំណុចនៃការកែសម្រួល​ថ្លៃសំបុត្រចូលទស្សនា​តំបន់អង្គរ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំការងារ​ទេសចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោយបានបញ្ជាក់ពីកត្តាសំខាន់ចំនួន៥ចំណុច ដែលនាំឱ្យរាជរដ្ឋាភិបាលធ្វើការកែសម្រួលថ្លៃសំបុត្រ ចូលទស្សនាតំបន់អង្គរ ជូនភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ពីបញ្ហានេះ។

សេចក្ដីពន្យល់នេះ ត្រូវបានលើកឡើងដោយលោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍ ដោយលោកបានឱ្យដឹងថា ការកែសម្រួលថ្លៃសំបុត្រនេះ គឺដើម្បីរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងការងារមនុស្សធម៌ផ្ទាល់របស់ភ្ញៀវបរទេស ហើយមិនមែនជាការដំឡើងថ្លៃទេ គឺជា «ការកែសម្រួលថ្លៃ»។

កត្តាសំខាន់ទាំង៥ចំណុចនោះ រួមមាន៖ ទី១.ប្រាក់ដុល្លារកាលពី២២ឆ្នាំមុន មានតម្លៃថ្លៃ តែបច្ចុប្បន្នត្រូវធ្លាក់ចុះ ទើបត្រូវការកែសម្រួលថ្លៃឡើងវិញ ដើម្បីរក្សាតម្លៃ, ទី២.អង្គរ មានភាពល្បីល្បាញណាស់ ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក មានវិសាលភាពធំធេង និងមានប្រាង្គប្រាសាទជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ, ទី៣.ចំណូលនៃការចូលទស្សនាអង្គរ បាននិងកំពុងរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ទាំងនៅខេត្តសៀមរាប និងក្នុងប្រទេសទាំងមូល, ទី៤.ការកែសម្រួលថ្លៃនេះបានផ្ដល់ឱកាសដល់ទេសចរបរទេស ក្នុងការរួមចំណែកជួយដល់​មន្ទីរពេទ្យគន្ធបុប្ផា​ដោយផ្ទាល់ តាមរយៈការចំណាយប្រាក់២ដុល្លារ ដើម្បីជួយដល់កុមារនៅកម្ពុជា, និងទី៥.បេតិក្ខភ័ណអង្គរ មានតម្លៃមិនអាចកាត់ថ្លៃបាន បើធៀបទៅនឹងរមីយដ្ឋានទេសចរណ៍ដទៃលើពិភពលោក ដែលថ្លៃចូលទស្សនាតំបន់ទាំងនោះ មានតម្លៃមិនតិចជាង១០០ដុល្លារនោះទេ ដូច្នេះតម្លៃចូលទស្សនាថ្មីនេះ មិនប៉ះពាល់ដល់ភ្ញៀវបរទេសឡើយ។

ជាមួយគ្នានេះ លោក លូ ម៉េង សហប្រធានផ្នែកឯកជននៃវិស័យទេសចរណ៍ បានបង្ហាញពីការគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការកែសម្រួលថ្លៃសំបុត្រចូលទស្សនាអង្គរ ដោយលោកបានបង្ហាញពី​ការចូលរួមវិភាគទាន​ការជួយដោយផ្ទាល់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការអនុវត្តថ្លៃសំបុត្រចូលទស្សនាអង្គរ ដោយបញ្ជាក់ពីតម្លៃកែសម្រួលថ្មីថា ភ្ញៀវដែលចូលទស្សនា១ថ្ងៃ ត្រូវបង់ថ្លៃសំបុត្រ៣៧ដុល្លារ, ចូលទស្សនា៣ថ្ងៃ ត្រូវបង់ថ្លៃសំបុត្រ៦២ដុល្លារ, ចូលទស្សនា៧ថ្ងៃ ត្រូវបង់ថ្លៃសំបុត្រ៧២ដុល្លារ៕

រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បង្ហាញកត្តាសំខាន់​៥ចំណុចនៃការកែសម្រួល​ថ្លៃសំបុត្រចូលទស្សនា​តំបន់អង្គរ

រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បង្ហាញកត្តាសំខាន់​៥ចំណុចនៃការកែសម្រួល​ថ្លៃសំបុត្រចូលទស្សនា​តំបន់អង្គរ

រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បង្ហាញកត្តាសំខាន់​៥ចំណុចនៃការកែសម្រួល​ថ្លៃសំបុត្រចូលទស្សនា​តំបន់អង្គរ

រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បង្ហាញកត្តាសំខាន់​៥ចំណុចនៃការកែសម្រួល​ថ្លៃសំបុត្រចូលទស្សនា​តំបន់អង្គរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី