យល់ដឹងអំពីគុណសម្បត្តិ និងអត្ថប្រយោជន៍សុខភាព របស់អ្នកទាបៗ ដែលអ្នកមិនធ្លាប់បានដឹង!

អ្នកដែលមានកម្ពស់មិនសូវខ្ពស់ ប្រឈមនឹងបញ្ហាប្រចាំថ្ងៃជាច្រើន ដូចជាស្លៀកខោសល់ជើង យកឥវ៉ាន់ខ្ពស់ៗមិនដល់ និងត្រូវងើយ.ក ជាប្រចាំទៀត។ ជាពិសេស ប្រសិនបើមាននរណាម្នាក់ប្រៀបធៀបកម្ពស់អ្នក ជាមួយនឹងអ្នកមានកម្ពស់ខ្ពស់ ក្នុងវ័យដំណាលគ្នា នោះគឺជារឿងដែលអ្នកធុញទ្រាន់បំផុតហើយ! និយាយរួម កើតមកមិនយកកម្ពស់មកតាមបែបនេះ គឺដូចជាកំហុសធំមួយក្នុងជីវិតយ៉ាងអ៊ីចឹង។ ប៉ុន្តែជឿទេថា អ្នកអាចនឹងផ្លាស់ប្តូរគំនិត អវិជ្ជមានទាំងនោះបាន បន្ទាប់ពីបានអានអត្ថបទនេះរួច។

ខាងក្រោមនេះ ចំនុចទាំង ១០ ដែលបង្ហាញពី គុណសម្បត្តិ និងអត្ថប្រយោជន៍សម្រាប់សុខភាព របស់អ្នកមានកម្ពស់មិនសូវខ្ពស់ ដើម្បីឲ្យដឹងថា ទាបក៏ល្អជាងខ្ពស់ដែរ ៖ 

១. មុខក្មេង ជានិច្ច

មនុស្សដែលមានរាងល្អិត ជាពិសេស មនុស្សស្រី ដែលភាគច្រើនគេហៅថា តូចច្រលឹង គឺភាគច្រើនមានមុខមាត់ ក្មេងជាងអាយុពិតទៅទៀត។ នេះជាផលប្រយោជន៍មួយដ៏ពិសេស។ ជួនកាល អ្នកអាចយកកាតសិស្ស គួបផ្សំជាមួយមុខមាត់របស់អ្នក ក៏អាចជិះឡានក្រុង បានដោយមិនអស់លុយ ឬអាចទទួលបាន promotion ផ្សេងៗទៀតផង!

២. គ្មានបញ្ហាជាមួយនឹង ស្បែកជើងកែង

នេះជាផលប្រយោជន៍ ដ៏ពិសេសមួយសម្រាប់សុភាពនារី ដែលមានរាងតូចច្រលឹង ក៏ព្រោះតែមិនបាច់ព្រួយបារម្ភខ្លាចថា ខ្ពស់ជាងគេជាងឯង នៅពេលពាក់ស្បែកជើងកែងទេ។ ជាងនេះទៅទៀត ទោះជាស្បែកជើងម៉ូតណាក៏មានទំហំសម្រាប់អ្នកដែរ មិនពិបាករកលេខទំហំធំៗ ដូចអ្នកមានរាងខ្ពស់ៗទេ។

៣. គួរឲ្យស្រលាញ់

អាណាព្យាបាលមួយចំនួននិយាយថា មនុស្សទាបៗ មិនគួរឲ្យខ្លាចដូចជាមនុស្សដែលមានកម្ពស់ខ្ពស់ៗទេ។ មួយវិញទៀត អ្នកអាចមានទំនាក់ទំនងជាមួយមនុស្សគ្របគ្នាបានយ៉ាងងាយស្រួល ជាពិសេស ក្មេងៗ។

៤. អ្នកណាៗ ក៏ចង់ជួយ

ប្រសិនបើនរណាម្នាក់ ឃើញអ្នកកាន់ឥវ៉ាន់ច្រើនធ្ងន់ៗ នោះប្រាកដជាមានអ្នកស្ម័គ្រចិត្ត មកជួយជាក់ជាមិនខាន។ មិនមែនមកពីគេគិតថាអ្នកទន់ខ្សោយទេ ប៉ុន្តែប្រហែលជាមកពី រូបរាង និងកម្ពស់របស់អ្នកអំណោយផលទេដឹង។

៥. កាត់បន្ថយជំងឺមហារីក

ការសិក្សាធំមួយ ដែលបានចេញផ្សាយនៅក្នុងឆ្នាំ ២០១៥ ដោយវិទ្យាស្ថាន Karolinska បានបង្ហាញថា អ្នកដែលកាន់តែខ្ពស់ គឺកាន់តែប្រឈមនឹងហានិភ័យនៃ ជំងឺមហារីក។ នេះបើយោងទៅតាមក្រុមអ្នកស្រាវជ្រាវ ហានិភ័យនៃជំងឺមហារីក សម្រាប់បុរសកើនឡើងថែម ១១ ភាគរយ រៀងរាល់ការលូតកម្ពស់ ១០ សង់ទីម៉ែត្របន្ថែម រីឯ ហានិភ័យជំងឺមហារីក សម្រាប់ស្រ្តី មានទិន្នន័យគួរឲ្យភ្ញាក់ផ្អើល គឺកើនឡើងរហូតដល់ទៅ ១៨ ភាគរយ រៀងរាល់ការលូតកម្ពស់ ១០ សង់ទីម៉ែត្របន្ថែម។

វេជ្ជបណ្ឌិត Emelie Benyi ដែលជាប្រធានក្រុមស្រាវជ្រាវ បានបកស្រាយទំនាក់ទំនងខាងលើថា ៖ “ហេតុផលទីមួយ គឺដោយសារតែមនុស្សខ្ពស់ៗ មានកោសិកាច្រើន នៅក្នុងរាងកាយ ដែលជាសក្តានុពលមួយសម្រាប់ មេរោគមហារីក។ ហេតុផលមួយទៀត គឺដោយសារតែបុគ្គលខ្ពស់ៗ ត្រូវការស្រូបយកសារធាតុមានថាមពលខ្ពស់ ដែលអាចភ្ជាប់ទៅនឹងជំងឺមហារីក”។ និយាយជារួម គឺកាន់តែទាប កាន់តែមានសុវត្ថិភាព។ 

៦. មិនមានបញ្ហាកំណកឈាម

បន្ទាប់បីប្រមូលបានទិន្នន័យ ពីមនុស្សប្រុសស្រីចំនួន ២៦,៧១៤ នាក់រួចមក វេជ្ជបណ្ឌិត Sigrid Braekkan និងសហការីរបស់គាត់ នៅឯ University of Tromso ប្រទេសន័រវេស បានរកឃើញថា មនុស្សខ្ពស់អាចមានបញ្ហា VTE គុណនឹង ២ ឯណោះ។ VTE (Venous Thromboembolism ឬប្រែបានថាកំណកឈាមក្នុងសរសៃវ៉ែន) គឺជាការកកឈាមក្នុងសរសៃវ៉ែន និងស្ទះសរសៃឈាមក្នុងសួត ដែលការសិក្សាបានបង្ហាញថា អ្នកដែលមានកម្ពស់ខ្ពស់ និងទំងន់ធ្ងន់ សុទ្ធតែទទួលរងផលប៉ះពាល់ពីវា។

វេជ្ជបណ្ឌិត Braekkan បានធ្វើការពន្យល់ថា “សម្រាប់មនុស្សខ្ពស់ ឈាមមិនអាចរត់ឡើង ក្នុងចម្ងាយឆ្ងាយ ពីសាច់ដុំកំភួនជើង បានទេ។ នេះហើយដែលបណ្តាលឲ្យ លំហូរឈាមក្នុងជើង រត់ឡើងមិនរួច រួចបណ្តាលឲ្យស្ទះ”។

៧. រស់បានអាយុវែង

១០ ឆ្នាំមុន វេជ្ជបណ្ឌិត Armand Leroi ជាអ្នកស្រាវជ្រាវខាងជីវសាស្រ្ត និងសាស្រ្តាចារ្យសាកលវិទ្យាល័យបាន រកឃើញអរម៉ូន ដែលគ្រប់គ្រងកម្ពស់របស់មនុស្ស មានឈ្មោះថា Insulin-like Growth Factor (IGF) និងជាអរម៉ូនដែលគ្រប់គ្រងភាពចាស់ផងដែរ។ Leroi បានពន្យល់ថា “ឆ្កែដែលមានពូជ មាឌធំៗ ឆាប់ងាប់ជាង ឆ្កែដែលមានមាឌតូច ហើយវាក៏មានទំនាក់ទំនងដូចជាមនុស្សយើងដែរ”។ ការស្រាវជ្រាវមួយទៀត របស់អាមេរិក ដោយ Tom Samaras បានបង្ហាញថា ត្រឹមតែកើនកម្ពស់ ២.៥ សម ក៏អាចកាត់អាយុបានដល់ទៅ ១.២ ឆ្នាំ ឯណោះ។

៨. មិនងាយប្រឈមនឹង បញ្ហាខ្លោចស្បែក ដោយពន្លឺព្រះអាទិត្យ

អ្នកស្រាវជ្រាវ ជនជាតិអាមេរិក Tom Samaras ដែលមានសិក្សាពីទំនាក់ទំនងរវាង កម្ពស់ និងអាយុរស់នៅរបស់មនុស្សនោះ គាត់ក៏បានសិក្សាពីផលប៉ះពាល់ របស់ពន្លឺព្រះអាទិត្យ ទៅលើរាងកាយមនុស្សផងដែរ។ លោក Samaras បានសរសេរថា “អ្នកខ្ពស់ៗ មានភាពកក់ក្តៅជាង នៅក្នុងខែរងារ ប៉ុន្តែមានគុណវិបត្តិនៅក្នុងខែក្តៅ។ អ្នកទាបៗអាចបញ្ចេញកម្តៅ បានរហ័សជាងអ្នកខ្ពស់ៗ។ នេះក៏ព្រោះតែអ្នកដែលខ្ពស់មាន រាងកាយធំ ទទួលកម្តៅក៏បានច្រើនជាងអ្នកមិនសូវខ្ពស់។ ហេតុនេះ សូម្បីតែការបញ្ចេញកម្តៅ ក៏មានដំណើរការយូរ ដូចគ្នាដែរ”៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹងអំពីគុណសម្បត្តិ និងអត្ថប្រយោជន៍សុខភាព របស់អ្នកទាបៗ ដែលអ្នកមិនធ្លាប់បានដឹង!

យល់ដឹងអំពីគុណសម្បត្តិ និងអត្ថប្រយោជន៍សុខភាព របស់អ្នកទាបៗ ដែលអ្នកមិនធ្លាប់បានដឹង!

យល់ដឹងអំពីគុណសម្បត្តិ និងអត្ថប្រយោជន៍សុខភាព របស់អ្នកទាបៗ ដែលអ្នកមិនធ្លាប់បានដឹង!