សមាសភាព​គូប្រកួត​ប្រដាល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ថ្ងៃស្អែកនេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃ​ទី​៣ កញ្ញា ស្អែកនេះ បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ា​ង​ស្វិតស្វាញ រវាង​កីឡាករ​កម្ពុជា​៤​រូប ថៃ​២​រូប និង​ឡាវ​២​រូប ជា​លទ្ធផល​មាន​តែ​កីឡាករ​កម្ពុជា​៤​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​ឡើង​មក​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។  កីឡាករ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​​កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។

រវាង វី សេរី​ចាន់​ឌី​ន និង​កន ច​ន្ថា មាន​សមត្ថភាព​ប្រហែល​គ្នា​រាប់​តាំងពី​ផ្លែ​កែង​និង​ជង្គង់​ឡើង​ទៅ ។ ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​វិញ​នោះ គឺ​កន ច​ន្ថា ជា​សិស្ស​ច្បង​និង​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​ដែល​ករណី​នេះ​ធ្វើ​ឱ្យ​គេ​គិត​ថា អាច​ចាញ់​កម្លាំង​សិស្ស​ប្អូន វី សេរី​ចាន់​ឌី​ន​។ ទោះបី​យា​៉​ង​ណា គូ​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា អាច​ស៊ីសង​គ្នា​បាន ដូច្នេះ​បើ​ចង់​ដឹង​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ ។

ចំណែក អ៊ុំ ចំរើន និង​មា​ជ សុខ​រ៉ា ជួប​គ្នា​លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​នោះ​ដែរ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា ។ អ៊ុំ ចំរើន កម្លាំង​ខ្លាំង ចិត្តសឿង តែ​វាយ​មិន​ងាយ​ច្រឡោត​ទេ​។ កីឡាករ​រូប​នេះ​ទោះបី​មិនសូវ​ពូក​ប្រើ​​ស្នៀត​កែង​និង​ជង្គង់​វាយ​គូប្រកួត​តែ​ស្នៀត​កណ្តាប់ដៃ និង​ស្នៀត​ជើង​វិញ​គឺ​ល្អ​ខ្លាំង​ណាស់ បើ​ប៉ះ​ចំ​គូប្រកួត​រាង​អន់​បន្តិច​ច្បាស់​ជា​ត្រូវ​គេ​ស៊ី​ផុយ​មិន​ខាន​។ ប៉ុន្តែ​មា​ជ សុខ​រ៉ា មាន​ទៅ​អន់​ឯណា ផ្លែ​កែង និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ បើ​គូប្រកួត​បណ្ដោយ​ឱ្យ​គេ​វាយ​ត្រូវ​ចំ​គោលដៅ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

សូម​រង់ចាំ​មើល​ទាំងអស់​គ្នា ថា​តើ​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំង​៤​រូប​នេះ ចុង​ក្រោយ​នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន?