ភរិយា​លោក​ដូ​ណា​ល់ ត្រាំ ទាមទារ​150​លាន​ដុល្លារ​ពី ​DAILY MAIL​ពី​បទ​បរិហារកេរ្តិ៍

លោកស្រី​មី​ឡា​នី​ញ៉ា ត្រាំ ភរិយា​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​ទី​១ កញ្ញា បាន​ដាក់​ពាក្យ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ប្រឆាំង​អង្គការ​សារព័ត៌មាន​២ ដែល​អះអាង​ថា លោកស្រី​ធ្លាប់​ជានា​រី​ដោយ​រោយ​តាម​គេ (ESCORT-GIRL) កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០ ។

យោង​តាម AFP ថា បណ្តឹង​ត្រូវ​បាន​ដាក់​នៅ​តុលាការ​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន​ប្រឆាំង​ក្រុមហ៊ុន MAIL MEDIA ដែល​ចេញផ្សាយ​កាសែត DAILY MAIL ព្រមទាំង​ប្រឆាំង WEBSTER TARPLEY ដែល​គ្រប់គ្រង BLOG មួយ ក្នុង​រដ្ឋ​ភាគ​ខាងកើត​សហរដ្ឋ​អា​មេ​រិ​ក​នេះ ។ លោកស្រី​មី​ឡា​នី​ញ៉ា ត្រាំ អតីត​តារា​បង្ហាញ​ម៉ូ​ដ​មាន​ដើម​កំណើត​ស្លូ​វ៉ា​ក ទាមទារ​ការ​ចេញ​សងជំងឺចិត្ត​១៥០​លាន​ដុល្លារ ។

លោក CHARLE HARDER មេធាវី​របស់​ភរិយា​លោក​ត្រាំ ថ្លែងប្រាប់ AFP ថា បណ្តា​មនុស្ស​រង​ការ​ប្តឹងប្តល់​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​ច្រើន​ដែល​ទាក់ទិន​នឹង​លោកស្រី​មី​ឡា​នី​ញ៉ា ត្រាំ ដែល​ជា​សេចក្តីថ្លែងការណ៍​ខុស​១០០% ហើយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​មុខមាត់​របស់​បុគ្គល និង​វិជ្ជាជីវៈ ។ ការ​អះអាង​ទាំងនេះ​អាន​ដោយ​មនុស្ស​ច្រើន​លាន​នាក់​នៅ​សហរដ្ឋ​អា​មេ​រិ​ក និង​លើ​ពិភព លោក ដែល​ពិតជា​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់ និង​ការ​ខូចខាត​ខ្លាំង​ណាស់ ទាមទារ​ត្រូវ​មានការ​សងជំងឺចិត្ត​១៥០​លាន​ដុល្លារ ។

ពេល​មាន​អាយុ​២៤​ឆ្នាំ លោកស្រី​មេ​ឡា​នី​ញ៉ា បាន​ក្លាយជា​ភរិយា​ទី​៣​របស់​លោក​ដូ​ណា​ល់ ត្រាំ ហើយ​ក្លាយជា​ម្តាយ​របស់​កូនប្រុស​ម្នាក់​ឈ្មោះ BARRON ដែល​លោកស្រី​ចិញ្ចឹម​​គេ រស់នៅ​អគារ​ខ្ពស់ TRUMP TOWER ក្រុង​ញូ​វ​យ៉​ក ៕