លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ចាប់​ធ្លាក់​កូដ​ខ្លាំង

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​វ៉ា​ស៊ី​តោន​ប៉ុស្តិ៍ ABC-NEWS ចេញផ្សាយ​នា​ថ្ងៃ​ទី​៣១ សីហា ថា ក្នុង​ចំណោម​អ្នកបោះឆ្នោត​អា​េ​ម​រិ​ក​ដែល​គេ​សាកសួរ​៥៩% មិន​គាំទ្រ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ទល់​នឹង​៦០% សម្រាប់​គូប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ ។ អ្នកបោះឆ្នោត​តែ​៣៨%​ប៉ុណ្ណោះ គាំទ្រ​លោកស្រី​គ្លី​ន​តុ​ន ទល់​នឹង​៣៧% សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ ។

ជា​រួម​ប្រជាជន​ពេញវ័យ​អា​េ​ម​រិ​ក​៥៦%​មាន​មតិ​មិន​គាំទ្រ​លោកស្រី​គ្លី​ន​តុ​ន និង​៤១%​គាំទ្រ ។ លទ្ធផល​នេះ​មាន​ន័យ​ថា លោកស្រី​គ្លី​ន​តុ​ន បាត់បង់​ប្រជាប្រិយភាព​ដល់​ទៅ​៦​ពិន្ទុ ឬ​៦%​រយៈពេល​តែ​៣​ស​ប្តា​ហ៍ ។ នេះ​ជា​ពិន្ទុ​អាក្រក់​បំផុត​ដែល​លោកស្រី​គ្លី​ន​តុ​ន ទទួល​រយៈពេល​២៥​ឆ្នាំ​នៃ​ជីវិត​នយោបាយ​របស់​លោកស្រី ។

ទាំង​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ទាំង​លោក​ដូ​ណា​ល់ ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​អា​េ​ម​រិ​ក ដែល​គ្មាន​ប្រជាប្រិយភាព​បំផុត​នៃ​ប្រវត្តិសាស្ត្រ ដោយ​មុន​ពួក​គេ​មាន​តែ​លោក​ចច ប៊ូ​ស ឪពុក​ដែល​មាន​មតិ​មិន​គាំទ្រ​៥៣% កាលពី​ឆ្នាំ​១៩៩២ យោង​តាម​ការ​ស្ទាបស្ទង់​របស់​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​-ABC NEWS ដែរ ។

រង​ការ​រិះគន់​ពី​រឿង​អីុម៉ែ​ល​ឯកជន និង​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​មូលនិធិ​គ្លី​ន​តុ​ន ធ្វើ​ឱ្យ​ប្រជាប្រិយភាព​លោកស្រី​គ្លី​ន​តុ​ន ធ្លាក់​ចុះ​ចំពោះ​បណ្តា​ក្រុម​ដែល​តែង​គាំទ្រ​លោកស្រី​ខ្លាំង ។ សម្រាប់​នារី​មតិ​គាំទ្រ​ធ្លាក់​ពី​៥៤%​មក នៅ​ត្រឹម​៤៥% ហើយ​ចំពោះ​ពួក HISPANIQUES ធ្លាក់​ពី​៧១% មក​នៅ​ត្រឹម​៥៥% រួច​ចំពោះ​ពួក​អ្នក​សេរីនិយម​ពី​៧៦% មក​ត្រឹម​៦៣% ។

ខណៈ​សល់​ពេល​៦៨​ថ្ងៃ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី លោកស្រី​គ្លី​ន​តុ​ន មាន​ពិន្ទុ​នាំមុខ​លោក​ដូ​ណា​ល់​ត្រាំ ត្រឹម​៥​ពិន្ទុ គឺ​៤២% ទល់​នឹង​៣៧%​ប៉ុណ្ណោះ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​របស់ REAL CLEAR POLITIC ៕