ស្តាយជីវិតណាស់! ព្រោះតែភ្លើងប្រចណ្ឌ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ ដោយ​ផឹកថ្នាំ​បំពុល​ចំនួន​២​លើក​ហើយ​តែមិន​បាន​សម្រេច លុះលើក​ចុង​ក្រោយ​នេះ បាន​ចង​.​ក​នៅ​លើ​ដើម​ស្វាយ​​ស្លាប់ដូចបំណង ចោល​ប្រពន្ធ​និង​កូនប្រុស-​ស្រី​​៣​នាក់ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​ កាលពី​​វេលា​ម៉ោង០​៧ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​០១ ​កញ្ញា ​២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ។

​ប្រភពឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ​ម៉ុ​ន ប៊ុ​ន​ធឿ​ន ​អាយុ​៣៥​ឆ្នាំ ជា​កសិករ មាន​​ប្រពន្ធ​ឈ្មោះ​ម៉ូត ស៊ី​ណេ​ត អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិកើតហេតុខាងលើ ។

ប្រភព​បន្ត​ថា រយៈពេល​កន្លង​មកនេះ​ បុរស​រង​គ្រោះជា​ប្តីនេះ ​ពេល​ផឹកស្រា​ស្រវឹង​ម្តង គឺតែងតែ​រករឿង​ឈ្លោះ​ប្រ​កែ​កគ្នា​​ជាមួយ​​ប្រពន្ធ ដោយ​ចោទប្រកាន់​ថា​ លួច​មាន​ប្រុស​ថ្មី ។ ក្រោយ​ពី​ឈ្លោះប្រកែក​គ្នា ​បុរស​ជា​ប្តី​តែងទៅ​ផឹកថ្នាំ​បំពុល​​ប៉ង​ធ្វើ​អត្តឃាត​២​លើក​រួច​​មក​ហើយ តែ​មិន​បាន​សម្រេច​ ដោយសារ​តែ​មានការ​ជួយ​សង្គ្រោះ​ទាន់​ ។

លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១ កញ្ញា(ថ្ងៃកើតហេតុ) ជន​រង​គ្រោះ​មាន​​សភាព​ស្រវឹងស្រា​បាន​ស្រែក​ឡូឡា ចោទប្រកាន់​ស្ត្រី​​​ប្រពន្ធ​ទៀត​ថា ​លួច​មាន​ប្រុស​ថ្មី ដោយចោទ​​គ្មាន​​ហេតុផលទេ ​។ ​ពាក្យ​​ចោទប្រកាន់​ខុស​ពី​ការ​ពិត​នេះ ​បាន​​ធ្វើ​​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​ ​កើត​ក្តី​ខឹងសម្បារដែរ​ ក៏​តប​​ទៅ​​​វិញ​រហូត​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរ​សៃ​.ករាងៗ​ខ្លួន ។

បន្ទាប់​ពី​ឈ្លោះ​​គ្នា ​ប្រពន្ធ​បាន​នាំ​កូន​ៗ​ចេញពីផ្ទះ​ទៅ​មើល​ប្អូនថ្លៃ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព​​ឃុំ​ព្រែក​អំពិល ខណៈនោះ​ ត្រូវបុរស​​​រង​គ្រោះ​បាន​​ស្រែ​កថា «ទុក​កូន​ឱ្យ​នៅ​ហ្នឹងហើយ ប្រយ័ត្ន​មិន​ទាន់ដង្ហើម​អញ​» ។ ពេល​នោះ ​ប្រពន្ធ​​ក៏មិន​បាន​ចាប់អារម្មណ៍​អ្វី​ដែរ នៅតែ​​​​នាំ​កូន​ៗ​​ទៅ​មណ្ឌល​សុខភាព​បាត់​ទៅ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​៧​យប់​​ថ្ងៃ​ដដែល ​ពេល​ប្រពន្ធ​នាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ ​ក៏​​ប្រទះ​ឃើញ​​ប្តី​ចង​.​ក ដោយ​ខ្សែ​គោ​​នៅ​លើ​ដើម​ស្វាយ​ខាង​មុខ​ផ្ទះស្លាប់ទៅហើយ​ បង្កឱ្យ​ផ្អើល​ឆោឡោ​ស្រែកហៅ​អ្នក​ជិតខាង មក​ជួយ​ស្រាយ​​ ។