វីរុស Zika ដ៏​កាច​សាហាវ​នៅ​តែ​​អាច​ឆ្មក់​ឱកាស​ក្នុង​រដូវ​ភ្លៀង

ជំងឺ​ Zika ដែល​ឆ្លង​រយៈ​មូស​ខ្លា នៅ​តែ​អាច​យាយី​ប្រជាជន​បាន​ដោយសារ​រដូវ​នេះ​ជា​រដូវ​ភ្លៀង​សំបូរ​មូស​ខ្លា​ខាំ។ ដូច្នេះ​ក្រសួង​សុខាភិបាល​ បាន​ក្រើន​រំឮក​ដល់​ប្រជាជន​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ជំងឺ​នេះ។

 

វីរុស Zika ដ៏​កាច​សាហាវ​នៅ​តែ​​អាច​ឆ្មក់​ឱកាស​ក្នុង​រដូវ​ភ្លៀង

(រូបភាព៖ www.nbcdwf.com)

 

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​Zika ​មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​គ្រុន​ឈាម​ដែរ ដូច​ជា​ គ្រុន​ក្ដៅ​ ឈឺ​ក្បាល​ មាន​កន្ទួល​ក្រហម​លើ​ស្បែក​ ក្រហម​ភ្នែក​និង​ឈឺ​សន្លាក់​ជា​ដើម។ វា​អាច​បង្ក​ឲ្យ​កុមារ​មាន​ក្បាល​តូច ទន់​ដៃ​ទន់​ជើង​។ រី​ឯ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ផង​ដែរ។​

 

វេជ្ជ. ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ និយាយ​ថា ការ​ទប់​ស្កាត់​ជំងឺ​នេះ​ គឺ​ដូច​នឹង​ការពារ​ជំងឺ​គ្រុន​ឈាម​ដែរ ដោយ​ការពារ​កុំ​ឲ្យ​មូស​ខាំ។ ត្រូវ​កម្ចាត់​វត្ថុ​ដក់​ទឹក​ដែល​ជា​ជម្រក​នៃ​ការ​កើត​សត្វ​មូស​។​ គួរ​សម្រាន្ត​ក្នុង​មុង និង​ក្នុង​ករណី​សង្ស័យ​ថា​មាន​ជំងឺ​នេះ​ត្រូវ​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព។ លើស​ពី​នេះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​អាហ្វ្រិក​និង​អាមេរិក ហើយ​មាន​រោគ​សញ្ញា ដូចជា គ្រុនក្ដៅ ឈឺក្បាល កន្ទួលក្រហម​លើ​ស្បែក​ ក្រហមភ្នែក និង​ឈឺសន្លាក់ ​សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ប្រាប់​គ្រូពេទ្យ​អំពី​ប្រវត្តិ​ការ​ធ្វើ​ដំណើរ​ ឬ​ទូរសព្ទ​ទៅ​​លេខ ១១៥/ ០១២ ៤៨៨ ៩៨១ / ០៨៩ ៦៦៩ ៥៦៧។

 

វីរុស Zika រក​ឃើញ​ដំបូង​នៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស​ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ។ បន្ទាប់​មក​ជំងឺ​នេះ​មាន​ការ​រាតត្បាត​ខ្លាំង​ក្នុង​តំបន់​អាមេរិក ខាង​ត្បូង និង​កណ្ដាល​នៅ​ឆ្នាំ​២០១៤។

 

វីរុស Zika ដ៏​កាច​សាហាវ​នៅ​តែ​​អាច​ឆ្មក់​ឱកាស​ក្នុង​រដូវ​ភ្លៀង៦០០

 

អត្ថបទ៖ លឹម សុ​នា​