ចិត លី ឬ លី លានជា រង​ពាក្យ​ចចាម​អារាម ថា​«ស្លាប់»

តាំងពីថ្ងៃពុធ ទី៣១ ខែសីហាកន្លងមក ពាក្យចចាមអារាម កក្រើកពេញផ្ទៃប្រទេសចិន ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្អើល​គេ​ឯង​ថា តារាសម្ដែងដ៏ល្បី ចិត លី (Jet Li) ឬខ្មែរស្គាល់ឈ្មោះ លី លានជា បាន​លា​ចាក​លោក​យើង​នេះ ទៅ​ហើយ។ ជាពាក្យចចាមអារាម ដែលបង្កភាពក្ដៅក្រហាយមិនតិច ដល់​កំពូល​តារារូប​នេះ រួម​នឹង​អ្នក​នៅ​ជុំវិញ​នោះ​ផង។
ចិត លី ឬ លី លានជា រង​ពាក្យ​ចចាម​អារាម ថា​«ស្លាប់»

លោក ចិត លី ឬខ្មែរស្គាល់ឈ្មោះ លី លានជា កំពូលតារាសម្ដែងជនជាតិចិន និងមានសញ្ជាតិ នៅច្រើនប្រទេស។ (រូបថតផ្តិតពីវីដេអូ)

សម្រាប់អ្នកដែលចូលចិត្ត កំពូលតារាភាពយន្ដចិន លោក ចិត លី (Jet Li) ឬខ្មែរស្គាល់ឈ្មោះ លី លានជា (Li Lian Jie) នោះ សូមកុំស្រក់ទឹកភ្នែកឲ្យសោះ ព្រោះតារារូបនេះ ដែលឈានចូលដល់វ័យ ៥៣ឆ្នាំ ក្នុង​ឆ្នាំ​នេះ កំពុង​នៅ​រស់​រាន​មានជីវិត និងមានសុខភាព ល្អធម្មតានៅឡើយ។

តែយ៉ាងណាក៏ដោយ ក៏ពាក្យចចាមអារាម ដែលបានផ្ទុះឡើង នៅពេញមួយថ្ងៃពុធ ទី៣១ ខែសីហា និង​ធ្លាយ​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ទី១ ខែកញ្ញា ម្សិលម៉ិញ បានបង្កភាពអពមង្គលមិនតិចឡើយ សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​អ្នក​ដែល​នៅ​ជុំវិញ​កំពូលតារា ដែលល្បីល្បាញខាងក្បាច់វ៉ៃ ដ៏ល្អពិសេស នៅក្នុង​ភាពយន្ដ​ជា​ច្រើន។

រឿងរ៉ាវបានកើតឡើងដំបូង នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) ជាមួយនឹងសារដ៏ខ្លី​មួយ មាន​សេចក្ដី​ថា៖ «ចិត លី ទើបនឹងបានលាចាកលោក សូមចូលរួមមរណទុក្ខ។» បន្ទាប់មក ពាក្យចចាមអារាម ជុំ​វិញ​រឿង​នេះ​បាន​ផ្ទុះ​ឡើង ពាស​ពេញ​ប្រទេស​ចិន។ បន្ថែមពីលើនេះ សារថ្មីមួយទៀត បានចាក់សាំងបន្ថែម​ដូច្នេះ​ថា៖ «មរណភាព​របស់ ចិត លី៖ ក្រុមញាតិមិត្តរបស់តារាសម្ដែង បានអះអាងជាស្ថាពរហើយ»។ ដើម្បី​ឲ្យ​កាន់​តែច្បាស់​ទៀត​នោះ គេ​បានភ្ជាប់សារទាំងនេះ ទៅនឹងគេហទំព័រ «Necropedia.org» ដែល​មាន​ជំនាញ​ខាង និយាយ​រឿង​អកុសល ដែលមិនទាន់កើតឡើង។

ពាក្យចចាមអារាមនេះ ត្រូវបានសារព័ត៌មានជាច្រើន ទាំងក្នុងប្រទេសចិន ទាំងនៅជុំវិញពិភពលោក យក​ទៅផ្សាយបន្ត បើទោះជាគេដឹងថា វាមិនមានមូលដ្ឋានពិតក៏ដោយ។ ប៉ុន្តែនៅយប់ថ្ងៃពុធទី៣១ ខែសីហា អ្នក​នាំ​ពាក្យ​របស់​លោក ចិត លី បានចេញមុខមកបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដោយ​ច្រាន​ចោល​យ៉ាង​ដាច់​អហង្កា នូវ​ពាក្យមុសាខាងលើ ដែលនិយាយថា តារាសម្ដែងបានស្លាប់។

បើតាមគេហទំព័រមួយ ឈ្មោះ «Celebrity Post» បានធ្វើការស្ទង់មតិភ្លាមៗ នៅថ្ងៃព្រហស្បត្តិ៍​ស្អែក​ឡើង និង​បាន​ប្រកាស​លទ្ធផល នៅវេលាល្ងាចឡើងថា មនុស្សភាគច្រើនបំផុត (៩១%) បានចាត់ទុក​ពាក្យ​ចចាម​អារាម​ខាង​លើ ថា​មាន​សភាព​មិនសម​ទំនង៕