ថ្ងៃ​០៥​កញ្ញា CNRP ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ប្រទេស​អាស៊ាន​និង​មហាអំណាច

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោ​កអេង ឆៃ​អ៊ា​ង បាន​ឲ្យ​ដឹង​ថា ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​ញត្តិ​ដើម្បី​ប្រាប់​ដល់​បណ្តា​ប្រទេស​ជាស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី និង​ប្រទេស​មហាអំណាច​នានា​ថា​កម្ពុជា មិន​បាន​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។

ក្នុង​វេទិកា​នយោបាយ​ស្តី​ពី​ដំណើរការ​បោះ​ឆ្នោត​នា​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា ២០១៦ នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ លោ​កអេង ឆៃ​អ៊ា​ង បាន​បញ្ជាក់​ថា​« ខ្លឹមសារ​ញត្តិ​គឺ​ដើម្បី​បង្ហាញ​ប្រាប់​ទៅ​ប្រទេស         ហត្ថលេខី​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​ឃ្លាត​ចាក​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ពិសេស​នោះ​ដំណើរការ​នៃ​កា​អនុវត្ត​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តែ​ម្តង »​។

លោក​បន្ត​ការ​ដាក់​នេះ​ស្រប​ពេល​មិន​ដល់​ប្រមាណ​១​ខែ ទៀត​នឹង​ដល់​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ហើយ​ថ្ងៃ​ទី​០៦ កញ្ញា​នឹង​មាន​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឡាវ ពេល​នោះ​បណ្តាល​ថ្នាក់ដឹកនាំ​ប្រទេស​ធំ​ៗ​នឹង​ចូលរួម ។

លោក​ថា​កាលណា​គេ​និយាយ​ពី​លិ​ទ្ធិ​ប្រជាធិបតេយ្យ គេ​សំដៅ​ដល់​ដំណើរការ​បោះ​ឆ្នោត ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ។ លោក​បន្ថែម​នៅ​ថ្ងៃ​ទី​០៥ កញ្ញា វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ក្រុម​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ញត្តិ​ទៅ​ដាក់​ជូន​បណ្តា​ស្ថាន​ឯកអគ្គរដ្ឋទូត ឯករាជ​ទូត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មហាអំណាច​ដែល​មាន​ស្ថាន​កុងស៊ុល​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​គូសបញ្ជាក់​ថា ទោះបី​ដំណើរការ​ចុះ​បោះ​ឆ្នោត​ដំណើរការ​ល្អ​ក៏​ដោយ ប៉ុន្តែ​បើ​បរិយាកាស​នយោបាយ​មិនល្អ គឺ​ការ​បោះ​ឆ្នោត​មិន​អាច​ចាត់​ទុកដាក់​ដំណើរការ​បាន​ល្អ និង​រលូន​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក អេ​ង ឆៃ​អ៊ា​ង​បាន​ក៏​បាន​គូសបញ្ជាក់​ថា​«​ប្រសិនបើ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​មានការ​ភ័យ​ខ្លាច គេ​មិន​អាច​ចាត់​ទុក​ការ​បោះ​ឆ្នោត​នោះ​ត្រឹមត្រូវ​យុត្តិធម៌​បាន​ទេ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​« ការ​ដាក់​ញត្តិ​នៅ​កន្លែង​ណា​ជា​សិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​នោះ មិន​មែន​លើ​ការ​ដាក់​ញត្តិ​របស់​គាត់​នោះ​ទេ​។ អី​ញ្ចឹ​ង​ទេ​ខ្ញុំ យល់​ថា​គ្មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នោះ​ទេ ព្រោះថា​កម្ពុជា​បាន​ចេញ​ជា​រដ្ឋធម្មនុញ្ញ​ទៅ​ហើយ គឺ​បង្កើត​ជា​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​មូ​យ​ដែល​ឯករាជ្យ អធិបតេយ្យ ដែនដី​ច្បាស់លាស់ ហើយ​រាជរដ្ឋាភិបាល​កើតឡើង​ដោយ​ការ​បោះ​ឆ្នោត ។ ដូច្នេះ​គាត់​ទៅ​ពឹង​បរទេស​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ»៕