នារី​ជនបទ​ចូល​ក្រុង មករក​ការងារ​ធ្វើ ត្រូវ​ម៉ូតូឌុប​បោក​យក​ទ្រព្យសម្បត្តិ​អស់​

ភ្នំពេញ​:
នារី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​យំ​ខ្សឹកខ្សួល​ម្នាក់ឯង ហើយ​ត្រូវបាន​គេ​សួរនាំ​ទើប​ដឹងថា នាង​មកពី​ខេត្តកំពង់ចាម ហើយ​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី ធ្វើ​ការងារ​តាម រយៈ​ការហៅ​របស់​មិត្ត​ភ័​ក្កិ តែ​មិនទាន់បាន​ជួប​មិត្ត​ភ័​ក្កិ​ផង ក៏ត្រូវ​ចាញ់បោក​បុរស អ្នក រត់ម៉ូតូឌុប​ម្នាក់​អស់ប្រាក់ និង​ទ្រព្យសម្បត្តិ ជាប់​និង​ខ្លួន អស់រលីង​។​

​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​៨​យប់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ក្នុង​បុរី​លឹម​ឈាង​ហាក់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​នារី​ដែល​ត្រូវ​ម៉ូតូ​ឌុ​ច​ឆបោក​នេះ ឈ្មោះ នាង ស្រី​និ​ច អាយុ​២០​ឆ្នាំ ជា​សិស្ស មាន​ស្រុក កំណើត​នៅ​ភូមិ​ទ្រាស ឃុំ​ខ្លាសរ ស្រុក​ស្រី​សន្ធរ ខេត្តកំពុងចាម​។​

​បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូបនាង​បាន​ជិះ​រថយន្ដឈ្នួល មកពី ខេត្ត មក​ចុះ​នៅ​ផ្សារ​ថ្មី ព្រោះ​មិត្តភក្តិ​បាន​ហៅ​ឲ្យ​មក​ធ្វើ ការ​ជា​កម្មការិនី​រោងចក្រ​ជាមួយ​នៅ​ម្ដុំ​ទួលគោក​។
 
​ពេលដែល​នាង​ចុះ​ពី​រថយន្ដ​មាន​បុរស់​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ហៅ​នាង​ឲ្យ​ជិះ​ម៉ូតូ​របស់គាត់ ហើយ​នាង​ក៏បាន​ជិះ​ជាមួយ​ដោយ​ដាក់​សាក់​កាដូរ​នៅខាងមុខ ដោយ​នាង​បាន​ប្រាប់ថា ឲ្យ​ឌុប​នាង​ទៅ​ម្តុំ​ទួលគោក​។​

​ប្រភព​បាន​បន្តថា ពេលដែល​កំពុងតែ​ជិះ​ម៉ូតូ​បុរស​អ្នករត់ម៉ូតូឌុប​នោះបាន​និយាយ ប្រាប់​នាង​ថា នៅក្នុង​ភ្នំពេញ​ឥឡូវ​សំបូរ​ចោរឆក់​ណាស់​ហើយ​ឲ្យ​នាង​យកលុយ​ចំនួន​៥០​ដុល្លារ ទូរស័ព្ទ​១​គ្រឿង និង​ដោះ​ខ្សែដៃ​ទុក​នៅ​សាក់​ការដូរ​ដែល​នៅខាងមុខ​នោះ​។

ដោយ​រូបនាង​មិនដែល​ស្គាល់​ភ្នំពេញ ទើប​បុរស​ជា​អ្នករត់ម៉ូតូឌុប​នោះបាន​ឌុប​នាង​ប​ង្វៀង​មក​ឈប់​នៅ​ស្ពាន​ក្នុង​បុរី​លឹម​ឈាង​ហាក់ និង​បាន​ប្រាប់ថា​ទៅ​ទិញ​ទឹក​ឲ្យ​ហូប​ដោយ​ប្រាប់​ឲ្យ​នាង​ចាំ​នៅ​កន្លែង​នឹង​សិន​ហើយ​។​

​នារី​រងគ្រោះ​បន្តថា​ក្រោយ​ពេលដែល​ចាំ​អស់​ជាច្រើន​ម៉ោង​នៅតែ​មិនឃើញ​អ្នករត់ ម៉ូតូឌុប​នោះមក​វិញ​សោះ ក៏​អង្គុយ​យំ​តែម្នាក់ឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើ ដំណើរ​សួរនាំ​ទើប​ដឹងថា​ខ្លួន​ចាញ់បោក​គេ​។

​ក្រោយ​កើតហេតុ​រួច​ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​យក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ និង​ទំនាក់ទំនង​ទៅ​សាច់​ញា​ត្តិ​ឲ្យ​មក​ទទួល​ជនរងគ្រោះ​ទៅវិញ​៕​