ស្រឡាញ់​គេ​ស្ទើរ​លេប​ ចុង​ក្រោយ​គេ​ប្រាប់​ហេតុ​ផល​ក្អួត​ឈាម

ត្រូវ​អ្នក​ម្ខាង​ទៀត​ក្បត់​ វា​ឈឺ​ណាស់​ហើយ! តែ​ករណី​ខ្ញុំ​នេះ​វា​ឈឺ​គ្មាន​ពាក្យ​ថ្លែង យំ​មិន​ចេញ​ សើច​មិន​កើត!

ខ្ញុំ​និង​នាង​រៀន​ថ្នាក់​ជាមួយ​គ្នា ពេល​ដែល​ខ្ញុំ​ជួប​នាង​ដំបូង​ៗ ដូច​ជា​មិន​សូវ​ហ៊ាន​និយាយ​​រក​នាង​ទេ ព្រោះ​​អត់​ហ៊ាន​ ហើយ​ណាមួយ​នាង​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ដើរ​ជាមួយ​ទៀត។
ក្នុង​ថ្នាក់​លោក​គ្រូ​តែង​តែ​បង្អាប់​នាង​ថា​ ចរិត​ប្រុស សូម្បី​តែ​មិត្តភ័ក្ដិ​នាង​ក៏​ចូល​ដៃ​ចូល​ជើង​បង្អាប់​នាង​ដែរ ហើយ​នាង​បាន​ត្រឹម​តែ​សើច​ រក​តប​ត​នឹង​គេ​មិន​កើត។ ត្រង់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​នាង​ទ្វេ​ឡើង!

រៀន​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ ទើប​ខ្ញុំ​បាន​ស្គាល់​Facebook​​នាង តាម​រយៈ​មិត្តភ័ក្ដិ​របស់​នាង​ម្នាក់​ទៀត។ ពេល​ដែល​នាង​ confirm ហើយ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆាត​ទៅ​លេង​នាង​។

 

ស្វាគមន៍​ដំបូង​ខ្ញុំ​ហៅ​នាង​អាប្រុស… នាង​ក៏​មិន​ខឹង​ហើយ​ក៏​ឆាត​និយាយ​លេង​ជាមួយ​ខ្ញុំ​ធម្មតា។ កាល​នោះ​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អារម្មណ៍​ខ្ញុំ​ឱ្យ​នាង​ដឹង​ទេ។

លុះ​ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​ទើប​ខ្ញុំ​​ ដាច់​ចិត្ត​ប្រាប់​នាង​នូវ​អារម្មណ៍​ខ្ញុំ​។ នាង​មិន​ថា​ Yes ក៏​មិន​ថា​ No ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​បបួល​នាង​ទៅ​មើល​កុន​ពេល​ចេញ​ពី​រៀន​ ព្រោះ​ចង់​ស្វែង​យល់​ចិត្ត​គ្នា។ នាង​ក៏​ប្រាប់​ថា​ព្រម​ទៅ តែ​នាំ​មិត្តភ័ក្ដិ​នាង​ម្នាក់​ទៅ​ដែរ។ ឮ​ហើយ​រាង​អន់​ចិត្ត​បន្តិច​ដែរ នាង​មិន​ទុក​ចិត្ត​ខ្ញុំ​ទេ​ដឹង? តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ព្រម​តាម​នាង។
លុះ​ស្អែក​ឡើង​មក​ដល់ ពេល​ចេញ​ពី​រៀន​ មិត្តភ័ក្ដិ​នាង​ក៏​​ដេញ​ឱ្យ​នាង​ជិះ​ម៉ូតូ​ជាមួយ​ខ្ញុំ​ ទើប​នាង​ព្រម​ជិះ។ នៅ​តាម​ផ្លូវ​នាង​អត់​និយាយ​អ្វី​ទេ… សូម្បី​តែ​មើល​កុន​រឿង​កំប្លែង​ក៏​នាង​មិន​ឮ​មាត់​សើច​ដែរ។
មើល​ចប់​ខ្ញុំ​ចង់​បបួល​នាង​ញ៉ាំ​អី​តែ​នាង​ថា​ មិត្តភ័ក្ដិ​នាង​ប្រញាប់​ទៅ​ផ្ទះ ​នាង​ត្រូវ​ជូន​មិត្តភ័ក្ដិ​ទៅ​ផ្ទះ​វិញ​ ដូច្នេះ​ខ្ញុំ​ក៏​សុំ​ជូន​នាង​ត្រឹម​សាលា​វិញ នាង​ក៏​ព្រម។

 

ពេល​មក​ដល់​សាលា​ ក៏​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​បែក​ពី​នាង​មួយ​រយៈ​ធំ​ដែរ នាង​គ្រាន់​តែ​ជូន​ពរ​ខ្ញុំ​ខ្លី​ថា «សំណាង​ល្អ!» រួច​ក៏​ឡើង​ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​នាង​ទៅ​បាត់​ទៅ។
ពេល​ទៅ​ដល់​កំពង់សោម ខ្ញុំ​នៅ​តែ​រក្សា​ទំនាក់​ទំនង​នឹង​នាង​តាម​រយៈ​ឆាត ហើយ​នាង​នៅ​តែ​រាប់​អាន​ខ្ញុំ​ធម្មតា។ តែ​ប្រហែល​ជា​ពីរ​ខែ​ក្រោយ​មក​ ខ្ញុំ​ឆាត​ទៅ​ នាង​មិន​ seen មិន​ reply សោះ​ ឯ​ timeline របស់​នាង​ក៏​មិន​ឃើញ​ផុស​អ្វី​ថ្មី​ឡើយ។
ខ្ញុំ​ក៏​ឆាត​សួរ​មិត្តភ័ក្ដិ​នាង​គឺ​ម្នាក់​ស្រី​ ដែល​ទៅ​មើល​កុន​ជាមួយ​លើក​មុន។ នាង​ក៏​ផ្ញើ​ link ឱ្យ​ហើយ​ប្រាប់​ខ្ញុំ​ឱ្យ​មើល​ខ្លួន​ឯង​ទៅ។
ខ្ញុំ​ចុច​តាម​ link នោះ ហើយ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​ស្ទើរ​ក្អួត​ឈាម…
នារី​ដែល​ខ្ញុំ​តាម​ស្រឡាញ់​ប្ដូរ​ពី​មនុស្ស​ស្រី​​ទៅ​ជា​ប្រុស​ប្រភេទ​ស្លុយ​ម្នាក់​ទៅ​វិញ! ខ្ញុំ​ស្ទើរ​មិន​ជឿ​សោះ​ឡើយ!

 

 

ស្រឡាញ់​គេ​ស្ទើរ​លេប​ ចុង​ក្រោយ​គេ​ប្រាប់​ហេតុ​ផល​ក្អួត​ឈាម(រូបតំណាង)

មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​ឃើញ​ cover របស់​​នាង​ដាក់​រូប​ជាមួយ​ស្រី​ស្អាត​ម្នាក់​ ថត​របៀប​ស្និត​ស្នាល​លើស​ពី​មិត្តភ័ក្ដិ​ស្រី​នឹង​ស្រី។ ចំណែក​រូប​ដែល​នាង​ធ្លាប់​ផុស​វិញ​ នាង​ដាក់​captionថា​ «with p’pun ml»។
នាង​ពិត​ជា​ដូច​ដែល​លោក​គ្រូ​នឹង​មិត្តភ័ក្ដិ​បង្អាប់​មែន!
ខ្ញុំ​បាន​ add friend ទៅ​នាង​ ព្រោះ​មាន​កូន​ចិត្ត​មួយ​គិត​ថា​នាង​ធ្វើ​លេង នាង​មិន​មែន​ស្រី​ស្រឡាញ់​ស្រី​ទេ!
នាង​មិន​ confirm តែ​​បី​ថ្ងៃ​ក្រោយ​នាង​បាន​ឆាត​មក​ថា​ «សុំ​ទោស​ដែល​ខ្ញុំ​មិន​ប្រាប់​ការ​ពិត​… តែ​កាត់​ចិត្ត​ទៅ​ ខ្ញុំ​មាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ!»
ខ្ញុំ​អាន​ហើយ​ស្ទើរ​ក្អួត​ឈាម​ ខំ​សួរ​ទៅ​នាង​ថា តើ​នាង​ខូច​ចិត្ត​ដោយ​សារ​អ្នក​ណា ម៉េច​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អ៊ីចឹង? នាង​មិន​តប​ទេ​ ថែម​ទាំង​blockខ្ញុំ​ចោល​ទៀត!
ខ្ញុំ​បាន​ឆាត​ទៅ​ម្នាក់​ស្រី​ដែល​ជា​មិត្ត​របស់​នាង​ថា នាង​ក្លាយ​ជា​បែប​នេះ​យូរ​នៅ?
ម្នាក់​ស្រី​នោះ​ថា តាំង​ពី​ដើម​មក​គឺ​នាង​បែប​នេះ​ឯង ឯ​កាល​ដែល​នាង​ទៅ​មើល​កុន​ជាមួយ​ខ្ញុំ​ ព្រោះ​នាង​ចង់​សាក​ចិត្ត​ខ្លួន​ឯង​ ក៏​ចង់​ផ្លាស់​ប្ដូរ​ តែ​នាង​ថា​គ្មាន​អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​ទេ។

ចប់​ហើយ! ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​បាន​ទុក​នៅ​នាង​ ត្រូវ​បាន​នាង​បដិសេធ​យ៉ាង​ចុក​ឈាម​… ដូច្នេះ​ខ្ញុំ​មាន​តែ​ជូន​ពរ ទោះ​នាង​ស្រឡាញ់​មនុស្ស​ប្រុស​ឬ​ស្រី​ក៏​ដោយ​ សូម​ឱ្យ​ស្រឡាញ់​គ្នា​ឱ្យ​បាន​យូរ​អង្វែង ចាត់​ទុក​ថា​យើង​មិន​ដែល​ស្គាល់​គ្នា​ទៅ​ចុះ!

 

បើ​និស្ស័យ​នាំឱ្យ​យើង​ស្គា​ស់​គ្នា សូម​នាំ​ឱ្យ​យើង​បាន​នៅ​ជាមួយគ្នា​ផង

អត្ថបទ៖ មនុស្ស​ហួស​ចិត្ត

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា