មតិ​ពលរដ្ឋ​ជុំវិញ​ការ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ថ្ងៃ​ទី​១ ខែ​កញ្ញា គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ដែល​នឹង​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ទុក​ពេលវេលា ៣​ខែ សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​នេះ។

តើ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ឃើញ​យ៉ាង​ណា​ខ្លះ​ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត?

ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​ចំនួន​មិន​ទាន់​បាន​ទៅ និង​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​នៅ​ឡើយ។

ជួប​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក រស់ ថា វ័យ ៦១​ឆ្នាំ​មួយ​រូប​ថ្លែង​ថា លោក​មិន​ដែល​ខកខាន​មួយ​អាណត្តិ​ណា​ឡើយ​ឲ្យ​តែ​មាន​ការ​បោះឆ្នោត​មក​ដល់។ សម្រាប់​ការ​ចុះ​ឈ្មោះ​ថ្មី​តាម​បែប​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ លោក​នឹង​នាំ​ក្រុម​គ្រួសារ​ចុះ​ឈ្មោះ​មិន​ឲ្យ​ខាន​នោះ​ទេ៖ «ខ្ញុំ​នៅ​កំពត ខ្ញុំ​មក​ធ្វើការ​ភ្នំពេញ។ ៣​ខែ​អត់​អី​ទេ តែ​មួយ​អាទិត្យ​ទៀត​ខ្ញុំ​ឡើង​ទៅ​ហើយ។ រឿង​ចុះ​វា​ត្រៀម​ចុះ​ហើយ ព្រោះ​នេះ​វា​ជា​រឿង​ប្រទេស​ជាតិ​យើង​ហ្មង មិន​អាច​ទំនេរ​បាន​ហ្មង បោះ​មិន​ឲ្យ​ខាន​ទេ។ ផ្ទះ​ខ្ញុំ​សឹង​តែ​ទាំង​អស់​មួយ​ពូជ រឿង​ទឹកដី​យើង​ជាតិ​របស់​យើង។ ប្រព័ន្ធ​នេះ​វា​ស្កេន​មេដៃ តាំង​ពី​ឈ្មោះ​ចាស់​គេ​ចោល​ហើយ គេ​យក​អា​ថ្មី​សា​ដើម។ ក្ដៅ​ក្រហាយ​អា​រឿង​ដដែលៗ​ហ្នឹង​ហ្មង អ្នក​បើក​ឡាន​ដដែលៗ»

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។ ពួកគាត់​ថែម​ទាំង​ថ្លែង​ប្រាប់​អំពី​សារ​ប្រយោជន៍​នៃ​ការ​ចុះ​ឈ្មោះ​នេះ៖ «ដឹង! ឥឡូវ​ខ្ញុំ​រវល់​ក៏​ត្រូវ​តែ​ចុះ​ដែរ ព្រោះ​ត្រូវ​បោះឆ្នោត​បោះ​អី​អ៊ីចឹង។ ដឹង! ព្រោះ​ខ្ញុំ​ទៅ​ស្រុក​ថ្ងៃ​មុន​គេ​ចែក​ខិត្តប័ណ្ណ​ខ្ញុំ​ទៅ​ចុះ​ពេល​ភ្ជុំ។ ខ្ញុំ​អត់​បាន​បោះ ២​៣​អាណត្តិ​ហើយ។ អ៊ំ​លឺ​ដែរ លឺ​តាម​ទូរស័ព្ទ វិទ្យុ អុំ​មើល​មិន​ឲ្យ​ខុស​យក​សំណុំ​លិខិត​មក​ទេ»

ដោយ​ឡែក​បុរស​វ័យ​ចំណាស់​មួយ​រូប​ដែល​ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​ឌុប ដែល​កំពុង​អង្គុយ​ចាំ​ម៉ូយ នៅ​ម្ដុំ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ហាក់​ភាន់​ច្រឡំ​បន្តិច​ថា លោក​បាន​ចុះ​ឈ្មោះ​រួច​ហើយ​កាល​ពី​អាណត្តិ​មុនៗ ដូច្នេះ​លោក​មិន​បាន​ទៅ​ចុះ​ទៀត​ទេ៖ «ខ្ញុំ​មាន​ហើយ​ចុះ​រួច​ហើយ អ្នក​អត់​គេ​ឲ្យ​ទៅ​ចុះ​ថ្ងៃ​ហ្នឹង។ ពូ​ច្រឡំ​ហើយ? ឲ្យ​ចុះ​ថ្មី? អ៊ីចឹង​នៅ​ទេ។ គេ​ឲ្យ​ចុះ​ថ្មី? អូ​អ៊ីចឹង​នៅ​ទេ​អ៊ីចឹង»។

យុវតី​វ័យ ១៨​ឆ្នាំ ២​រូប ដែល​បណ្ដើរ​គ្នា​បម្រុង​ចូល​ផ្សារ​ទំនើប​មួយ​ថ្លែង​ថា ពួក​នាង​ទើប​បាន​ប្រឡង​បាក់​ឌុប​រួច។ ក្នុង​ចំណោម​ពួកគេ​ទាំង​២ ម្នាក់​បាន​ដឹង​ពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ម្នាក់​មិន​បាន​ដឹង​នោះ​ទេ ប៉ុន្តែ​ពួកគេ​ហាក់​អល់អែក​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​ដោយសារ​ពុំ​មាន​ការ​ជំរុញ​ពី​អាណាព្យាបាល៖ «និយាយ​ទៅ​ដឹង​ថា ខ្លួន​ឯង​គ្រប់​អាយុ​តែ​អត់​មាន​ពេល​ជួប​អ្នក​ផ្ទះ ពីព្រោះ​ខ្ញុំ​ពេល​ព្រឹក​អ៊ីចឹង ប៉ា​ទៅ​បាត់​ខ្ញុំ​ចេញ​ដែរ ដល់​ពេល​យប់​បាន​ចូល​ប៉ា​ម៉ាក់​គាត់​សម្រាន្ត​លក់​ហើយ រាល់​ឆ្នាំ​ឲ្យ​ដល់​ប៉ា​ម៉ាក់​អី​គាត់​ប្រាប់​ហើយ»

ចំណែក​នៅ​ឯ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ចុះ​ឈ្មោះ​ឥត​ដាច់។ លោកស្រី ប៉ែន ម៉ូលីកា ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឯ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​ព្រែកប្រា ក្នុង​ខណ្ឌ​ច្បារអំពៅ ថ្លែង​ថា លោកស្រី​យល់​ច្បាស់​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ និង​មាន​ការ​អញ្ជើញ​ពី​អាជ្ញាធរ​តាំង​ពី​មួយ​ខែ​មុន​ម្ល៉េះ ដំណឹង​នៃ​ការ​ចុះ​ឈ្មោះ​នេះ​លោកស្រី​ក៏​បាន​មើល​ឃើញ និង​ស្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​ផ្សំ​ដែរ៖ «សារសំខាន់​ណាស់ សារសំខាន់​មែន​ទែន ព្រោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​របស់​ខ្ញុំ​នេះ គឺ​សំខាន់​មែន​ទែន​គឺ​សំខាន់​ទៅ​លើ​ប្រទេស​ជាតិ ជ្រើសរើស​អ្នក​ដឹកនាំ​ដែល​ប្រសើរ​ដែល​ល្អ​ដែល​ប្រពៃ ការពារ​ប្រជាជន​ការពារ​ទឹក​ដី។ ខ្ញុំ​ស្ដាយ​ត្រង់​ថា មិន​បាន​បោះឆ្នោត​ដូច្នេះ​ថ្ងៃ​ទី​១ រវល់​យ៉ាង​ណា​ក៏​ខ្ញុំ​ឆ្លៀត​មក​ឲ្យ​បាន​មុន​គេ​ដែរ។ មាន​តម្លៃ​ណាស់ មួយ​សន្លឹក​របស់​យើង​ចាញ់​ឈ្នះ​លើ​មួយ​សន្លឹក​ហ្នឹង​ហើយ»

ថ្វី​ត្បិត​តែ​ពលរដ្ឋ​បាន​លើក​ឡើង​អំពី​បញ្ហា និង​ឧបសគ្គ​ផ្សេងៗ​របស់​ពួកគេ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​ក្ដី ប៉ុន្តែ​ពួកគាត់​រំពឹង​ថា ឈ្មោះ​របស់​ពួកគាត់​នឹង​គ្មាន​បញ្ហា​រាំង​ស្ទះ​ដល់​ការ​ថ្ងៃ​បោះឆ្នោត​ដូច​អាណត្តិ​មុនៗ​នោះ​ទេ៖ «នេះ​បើ​សិន​ជា​គេ​ធ្វើ​ត្រឹមត្រូវ​បើ​ធ្វើ​ដូច​សារ​មួយ​ខ្ញុំ​អត់​សង្ឃឹម​ទេ បើ​ធ្វើ​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក អា​ហ្នឹង​ខ្ញុំ​ជឿ​ជាក់។ មាន​អារម្មណ៍​ថា ប្លែក​ជាង​ឆ្នាំ​មុនៗ​ដែល​យើង​បាន​ចុះ ទំនើប​ហ្មង មើល​ទៅ​ទុក​ចិត្ត​អាច​យក​ជា​ការ​បាន។ បើ​តាម​ខ្ញុំ​គិត​វា យូរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​បើ​ឆាប់​ក៏​មិន​ឆាប់​ប៉ុន្មាន​ដែរ គ្រាន់​តែ​ថា វា​មាន​ប្រព័ន្ធ​២ ប្រព័ន្ធ​មួយ​សរសេរ ប្រព័ន្ធ​មួយ​ថតរូប និង​ផ្ដិត​មេដៃ ប៉ុន្តែ​ខ្ញុំ​ថា ប្រព័ន្ធ​នេះ​ជា​ប្រព័ន្ធ​ល្អ​ដែល​ចូល​កុំព្យូទ័រ​ជា​ស្វ័យប្រវត្តិ​មួយ​ដែល​មិន​ដែល​កើត​មាន​នៅ​ប្រទេស​ខ្មែរ​មិន​អាច​ក្លែងបន្លំ​ទៅ​បោះឆ្នោត​កន្លែង​ណា​បាន ហើយ​មិន​អាច​ទៅ​បង្កើត​ឈ្មោះ​២ បាន​ទេ ខ្ញុំ​ត្រេកអរ​កន្លែង​នេះ​ដែរ»

ទោះ​យ៉ាង​ណា នៅ​ក្នុង​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ថ្ងៃ​ទី​១ កញ្ញា សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ស៊ិក ប៊ុនហុក អះអាង​ថា ដំណើរការ​ចុះ​ឈ្មោះ​មាន​ភាព​ប្រក្រតី​ល្អ​ច្រើន​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស នៅ​មាន​បញ្ហា​តិច​តួច​ដោយសារ​ប្រព័ន្ធ​កុំព្យូទ័រ ប៉ុន្តែ​អ្នក​បច្ចេកទេស​បាន​ដោះស្រាយ​រួចរាល់​ហើយ៕