វាយប្រហារ​អត្តឃាត​ប្រឆាំង​តុ​លា​ការ​ប៉ា​គី​ស្ថាន​មួយ​ស្លាប់​12​នាក់

ប៉ូលិស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១២​នាក់​បាន​ត្រូវ​ស្លាប់ និង​៤០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២ កញ្ញា ដោយសារ​ការ​វាយប្រហារ​ថ្មី​មួយ​របស់​ជន​អត្តឃាត​ម្នាក់​ប្រឆាំង​តុលាការ​មួយ​នៃ​ទីក្រុង MARDAN ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។

ប៉ូលិស​ម្នាក់​គូសបញ្ជាក់​ប្រាប់ AFP ថា ជន​អត្តឃាត​នេះ​បាន​គប់​គ្រាប់បែកដៃ​នានា​មុន​ពេល​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ​កណ្តាល​ហ្វូង​មនុស្ស​ដែល​មាន​វត្តមាន​នា​វេលា​ព្រឹក​។ មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់ ។

ការ​វាយប្រហារ​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ហើយ​កើត​មាន​៣​ស​ប្តា​ហ៍ ក្រោយ​ការ​វាយប្រហារ​អត្តឃាត​យ៉ាង​បង្ហូរឈាម​មួយ​នៅ​ទីក្រុង​កេ​តា ទីប្រជុំ​ខេត្ត​បា​លូ​ជី​ស្ថាន ភាគ​និរតី​ប្រទេស ។

បណ្តា​មេធាវី និង​ចៅក្រម​តែង​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​បណ្តា​ក្រុម​ប្រដាប់​អាវុធ​នៅ​ប៉ា​គី​ស្ថាន ដែល​ក្រុម​ទាំងនេះ​ផ្តោត​ការ​វាយប្រហារ​ផង​ដែរ​លើ​គោលដៅ​ងាយស្រួល​ទាំងឡាយ​ដូច​ជា​សាលារៀន​ជាដើម ។

មានការ​វាយប្រហារ​ភេរវកម្ម​មួយទៀត លើ​សង្កាត់​មាន​ពួក​គ្រឹ​ស្ត​ភាគច្រើន​មួយ​នៃ​ទីក្រុង​ប៉េ​សាវ៉ា នា​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា នោះ​ដែរ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ ៕