ចោរ​តាម​ប្លន់​អ្នកលក់​មាស​ប្តូរ​ប្រាក់​ដល់​មុខ​ផ្ទះ

ចោរ​តាម​ប្លន់​អ្នកលក់​មាស​ប្តូរ​ប្រាក់​ដល់​មុខ​ផ្ទះ



ខេត្ដ​កែប ៖ អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់ និង​លក់​គ្រឿងទេស​ម្នាក់​នៅ​ផ្សារ​ពងទឹក ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ត្រូវ​បាន​ក្រុម​ចោរ​មាន​បក្សពួក​៣​នាក់​ប្រដាប់​ដោយ​អាវុធ ភ្ជង់​និង​វាយ​ប្លន់​យក​កន្ដ្រក​ដាក់​មាស និង​ប្រាក់​ទៅ​បាត់​នៅ​វេលា​ម៉ោង​៦​និង​៣០នាទី​ថ្ងៃ​ទី​៣១ សីហា ដោយ​សុវត្ថិភាព ខណៈ​ដែល​គាត់​បាន​ប្រមូល​មាស និង​ប្រាក់​ដាក់​ក្នុង​កន្ដ្រក​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ជាមួយ​កូនប្រុស​តូច​ម្នាក់​ផង ។

ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរប្លន់​បាន​មាន មាស​សុ​ទ្ឋ​ចំនួន​១០​តំឡឹង ប្លា​ទី​ន​៥​តំឡឹង លុយ​ខ្មែរ​១០​លាន​រៀល លុយ​អា​មេ​រិ​ក ២.០០០​ដុល្លារ លុយ​ថៃ​ចំនួន​៥​ពាន់​បាត និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង ។

បើ​តាម​ជន​រង​គ្រោះ​ឲ្យ​ដឹង​ពី​ភិនភាគ​ចោរ ទាំង​បី​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ចោរ​ទាំង​បី​នាក់​មាន​ម្នាក់​មាឌធំ​ក្រាស​ល្មម មាន​កម្ពស់​១,៦០​ម៉ែត្រ​ជិះ​ម៉ូតូ​អាយ​ខន ពណ៌​ខ្មៅ អត់​ស្លាក​លេខ​មក​អង្គុយ​នៅ​មុខ​ផ្ទះ រង់ចាំ​រួច​ជា​ស្រេច ។

គ្រាន់តែ​ឃើញ​គាត់​ជិះ​ម៉ូតូ​ពី​ផ្សារ​មក​ដល់​មុខ​ផ្ទះ និង​បត់​បម្រុង​ចូល​ផ្ទះ ពួក​ចោរ​ក៏​ជិះ​ម៉ូតូ​មក​ពាំង​ផ្លូវ​ពីមុខ រួច​បក្សពួក​វា​ម្នាក់​ចុះ​មក ដក​កាំភ្លើងខ្លី​វាយ​គាត់ នឹង​ស្នាប់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក បណ្តាល​ឲ្យ​ដួល និង​បែក​ឈាម​ក្រោម​ភ្នែក​ខាងស្តាំ រួច​ហើយ​ចោរ​បាន​កញ្ឆក់​កន្ដ្រក​ដាក់​មាស និង​ប្រាក់ ឡើង​ជិះ​ម៉ូតូ​ទាំង​បី​នាក់ បើក​គេច​ចេញ​ដូច​អ្នក​ធ្វើ​ដំណើរ​ធម្មតា តាម​បណ្តោយ​ផ្លូវ​លេខ​៣៣ បាត់​ដោយ​សុខ​ស្រួល​ទៅ ។ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ក៏​ពុំ​បាន​ចាប់អារម្មណ៍​ថា កើត​មាន​ករណី​ប្លន់​ដែរ ។

ក្រោយ​ពេល​កើតហេតុ​បាន​ប្រហែល​កន្លះ​ម៉ោង ទើប​នគរបាល​ស្រុក និង​នគរបាល​ចម្រុះ​របស់​ខេត្ត រួម​នឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពងទឹក​មក​ដល់​កន្លែង​កើតហេតុ ។ អាជីវករ​រង​គ្រោះ​ដោយ​ចោរប្លន់​នេះ​ឈ្មោះ លឹ​ម លួង អាយុ​៤១​ឆ្នាំ ។

ជា​បន្តបន្ទាប់​មក​ទៀត លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្តកំពត ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​លោក​ក៏​បាន​ចាត់​បញ្ជា​ឱ្យ​នគរបាល​ស្រុក​កំពង់ត្រាច និង​កម្លាំង​នគរបាល​ស្រុក​ដងទង់ ស្រុក​ឈូក និង​ស្រុក​ទឹកឈូ សហការ​ចេញ​កម្លាំង​ត្រៀម​ស្ទាក់​ផង​ដែរ ។

រហូត​ដល់​ពាក់កណ្តាល​យប់ លោកស្នងការ​នគរបាល​ខេត្ត កំពុង​ដឹកនាំ​កម្លាំង​រុករក​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ ដែល​ជា​ចំណុច​សង្ស័យ​តាម​ការ​ពិភាក្សា​ជាមួយ​លោក អ៊ី​ង សំ​អុល ស្នងការ​ខេត្ត​កែប ។ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា លោក​នឹង​សហការ​គ្នា​ជាមួយ​នគរបាល​ខេត្ត​កែប ធ្វើ​រដ្ឋបាល​តំបន់​កម្មករ​ស្នាក់​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ស្រុក​កំពង់ត្រាច ដើម្បី​ស្វែងរក​តម្រុយ​បន្ត​ទៀត ៕