បើកត្រាក់​ទ័រ​ភ្ជួរដីប៉ះលើមីនតោន

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ ដែល​ធ្លាប់​ភ្ជួរ​ជារៀង​រាល់​ឆ្នាំ បាន​កិន​ចំ​គ្រាប់​មីនតោន​កប់​ក្នុង​ដី បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​ភ្លាម​ៗ​នៅនឹង​​កន្លែង​ កាលពី​រសៀល​ថ្ងៃ​ទី​០១​ កញ្ញា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខណៈ​ត្រាក់​​ទ័រ បាន​​រង​ការ​ខូចខាត​ទាំងស្រុង​ ។

​ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ជិន កំ​សាន ភេទប្រុស​ អាយុ​៣៣​ឆ្នាំ ជា​កសិករ​ ​រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ ។ ​ប្រភពបន្ត​​​ថា ជន​រង​គ្រោះ​​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​របស់​ខ្លួន​ដែល​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ​ មិន​ដែល​ជួប​បញ្ហា​អ្វី​ឡើយ លុះ​ឆ្នាំ​នេះ​ ចុះ​ភ្ជួរ​ជា​ថ្មី​ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្ដង ​។ ប្រភព​ដដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ត្រាក់ទ័រ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង​។

ជុំវិញ​ករណី​ផ្ទុះ​មីនតោន​ក្នុង​ដីចំការ ​បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​ភូមិ ​ដែល​មាន​ដីចំការ​នៅ​តំបន់​មានការ​ព្រួយបារម្ភ​គ្រប់​ៗ​គ្នា​អំពី​សុវត្ថិ​ភាព​។ អ្នក​ភូមិ​បាន​និយាយ​ថា កន្លង​មក ​ធ្លាប់​មាន​ករណី​ផ្ទុះ​មីន​ដូច​គ្នា​នេះ​​ដែរ តែ​បាន​កើតឡើង​យួរ​ឆ្នាំ​ហើយ ប៉ុន្តែ​គេ​មិន​នឹក​ស្មាន​ថា នៅ​តែ​មាន​គ្រាប់​មីន​នៅ​សេសសល់​កប់​ក្នុង​ដី​ទៀត​​សោះ ​។ ប្រជា​ពលរ​ដ្ឋបាន​បញ្ជាក់​​ថា ដីចំការ​របស់​ឈ្មោះ​ជិន កំ​សាន នេះ ក៏​ធ្លាប់​ភ្ជួរ​រាល់​ឆ្នាំ​ដែរ ហើយ​មិន​ដែល​មាន​បញ្ហា​ទេ តែ​នៅ​ពេល​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីនតោន​ផ្ទុះ​ស្លាប់​ទាំង​មនុស្ស ខូច​ទាំង​ត្រាក់ទ័រ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​តែ​ម្ដង​។

បើ​តាម​មន្ត្រី​មូល​ដ្ធា​ន​បាន​និយាយ​អំពី​ប្រវត្តិ​ទីតាំង​នៅ​តំបន់​នោះ​ថា កាល​ដើម​តំបន់​នោះ​ ជា​តំបន់​សមរភូមិ​ក្ដៅ​ កាលពី​សម័យ​សង្គ្រាម​ ក្នុង​ទស​វត្ស​ឆ្នាំ​៨០​ ប៉ុន្តែ​ក្រោយ​កម្លាំង​ខ្មែរក្រហម​ ធ្វើ​សមា​ហ​រ័​ណ​កម្ម ពលរ​ដ្ធ​បាន​ចូល​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ ដើម្បី​ធ្វើ​ចំការ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។

ប្រភព​ដដែល​បញ្ជាក់​ថា ពិតមែនតែ​ដី​នៅ​តំបន់​នោះ​ បច្ចុប្បន្ន​បាន​ក្លាយជា​វាលរហោឋាន ពោរពេញ​ទៅ​ដោយ​ដំណាំ​កសិកម្ម តែ​អាច​នៅ​មាន​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​សេសសល់​កប់​រាយ​ប៉ាយ ​នៅ​ក្នុង​ដី​នៅឡើយ​ ។ ដូច្នេះ​ ប្រជា​កសិករ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​បង្កបង្កើន​ផល ចៀសវាង​គ្រោះថ្នាក់​ ដែល​អាច​កើតឡើង​ដោយ​យថាហេតុ ។