ដំបូង​លេង​យ៉ាង​សប្បាយ មួយសន្ទុះ​ក្រោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​មួយ​ក្រុម​បាន​នាំ​គ្នា​លោតទឹក​លេង​យ៉ាង​សប្បាយ​រីករាយ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​លោត​ពីក្រោយ​ធ្លាក់​ទៅ​ជើង​ចំ​ក្បាល​បណ្ដាល​ឲ្យ​លិចទៅ​ក្នុង​ទឹក​បាត់​លែង​ឃើញ​ងើបឡើង​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។

សមត្ថកិច្ច​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ យ៉ុ​ង រ៉ា​វឿ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រំ យ៉ុ​ង អាយុ​៥៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ស យឿ​ន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​និង​មិត្តភក្តិ​មួយ​ក្រុម​បាន​នាំ​គ្នា​លោតទឹក​លេង ខណៈ​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​លោត​ពីលើ​ដើម​អំពិល​ចូល​ទៅ​ក្នុង​ទឹក​មុន ស្រាប់តែ​ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​លោត​ពីក្រោយ​ធ្លាក់​ទៅ​ជើង​បុក​ជាមួយ​ក្បាល​ក្មេង​ប្រុស​រង​គ្រោះ ហើយ​ងើបឡើង​វិញ តែ​ក្មេង​ប្រុស​រង​គ្រោះ​មិនឃើញ​ងើបឡើង​មក​វិញ​ទេ​គឺ​បាត់​ឈឹង​តែ​ម្តង ។

បន្ទាប់​ពី​ងើបឡើង​មក​មិនឃើញ​ឈ្មោះ យ៉ុ​ង រ៉ា​វឿ​ន ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​បាន​ឡើងគោករ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ឲ្យ​នាំ​គ្នា​មក​រាវរក​រហូត​ជាង​២​ម៉ោង​ទើប​រាវរក​ឃើញ ប៉ុន្តែ​បែរ​នាំ​គ្នា​ស្រងេះស្រងោច និង​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា ព្រោះ​ក្មេង​ប្រុស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕