​ឧទ្ទរណ៍ចាត់ទុកនីតិវិធីឃាត់ខ្លួនលើស ៤៨ ម៉ោង របស់ ACU ចំពោះមន្រ្តីអាដហុកត្រឹមត្រូវ

នៅព្រឹកថ្ងៃសុក្រនេះ សភាស៊ើបសួរសាលាឧទ្ទរណ៍បានប្រកាសសាលាដីកាលើករណីមន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU។ បើតាមសាលដីកាដែលប្រកាសនៅព្រឹកនេះ នីតិវិធីរបស់ ACU ដែលឃាត់ខ្លួនមន្ត្រីអាដហុកទាំងបួនរូបលើស៤៨ម៉ោង មិនរំលោភទៅលើមាត្រា៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដូចការចោទប្រកាន់របស់មេធាវីជនជាប់ចោទទេ។

សភាស៊ើបសួរសាលាឧទ្ធរណ៍បានចាត់ទុក នីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចំពោះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូបគឺត្រឹមត្រូវ។ ថ្លែងប្រាប់វិទ្យុបារាំង លោក ឡោ ជុនធី មេធាវីការពារក្ដីមន្ត្រីអាដហុក គូសបញ្ជាក់ថា លោកក៏មិនយល់ថា ហេតុអ្វីបានជាសភាស៊ើបសួរសាលាឧទ្ទរណ៍ថា នីតិវិធីរបស់ ACU ជារឿងត្រឹមត្រូវដែរ។

តែផ្ទុយមកវិញសម្រាប់លោកមេធាវីបានមើលឃើញថា នីតិវិធីរបស់ ACU ដែលឃាត់ខ្លួនមន្ត្រីអាដហុកទាំងបួនរូបបំពានទៅលើមាត្រា៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ព្រោះ ACU បានឃាត់ខ្លួនមន្ត្រីអាដហុកលើស៤៨ម៉ោងពោលគឺនៅមុនពេលដែល ACU ប្រកាសថា នឹងឃាត់ខ្លួនពួកគាត់។ ហើយម្យ៉ាងទៀតមុនការប្រកាសឃាត់ខ្លួនពួកគាត់គ្មានសិទ្ធិសេរីភាព។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសជាន់ខ្ពស់នៃអង្គការលីកាដូបានចាត់ទុកការបដិសេធរបស់សភាស៊ើបសួរសាលាឧទ្ទរណ៍គឺជាការអនុវត្តច្បាប់មានចន្លោះប្រហោង។ ព្រោះលោកយល់ថា ការឃាត់ខ្លួនមន្ត្រីអាដហុកបួនរូបនៅ ACU រហូតដល់៤៨ម៉ោងលើសការកំណត់ដែលផ្ទុយពីខ្លឹមសារនៃច្បាប់។ លោកបន្ថែមថា ការឃាត់ខ្លួនមនុស្សលើសការកំណត់វាបានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា មន្ត្រីអាដហុកទាំង៤រូបរួមមានៈ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ៕

ប្រភព៖ RFI


Related Posts