ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ចងកសម្លាប់ខ្លួន

6 Videos


មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បានសម្រេចចិត្ត ចងកសម្លាប់ខ្លួនចោលកូន និងប្រពន្ធ ដោយសារតែ ភ្លើងប្រច័ណ្ឌ ក្រោយពីដឹងថា ប្រពន្ធបណ្តូលចិត្ត ក្បត់ចិត្តខ្លួនលួចទៅមានប្រុសថ្មី ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុន ប៊ុនធឿន អាយុ ៣៥ ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ ៣៤ ឆ្នាំ មានកូន ៣ នាក់ ប្រុស ២ នាក់ ស្រីម្នាក់ ។

តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានការសង្ស័យថា ប្រពន្ធផិតក្បត់ខ្លួននោះ ទើបចេះផឹកស្រាស្រវឹងជោគជាំ ស្ទើររាល់ថ្ងៃ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំសម្លាប់ខ្លួនពីរដងរួចមកហើយ ត្រូវបានបងប្អូនយកទៅសង្គ្រោះបានទាន់ពេលវេលា ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានទៅផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធដោយ ប្រច័ណ្ឌថាប្រពន្ធមានប្រុសថ្មី ព្រមទាំងបោះសម្ដីថា ទុកកូនឲ្យនៅផ្ទះហើយ ប្រយ័ត្នមិនទាន់ដង្ហើមអញ ។

ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ចងកសម្លាប់ខ្លួន

ចំណែកប្រពន្ធជនរងគ្រោះក៏មិនបានចាប់អារម្មណ៍អ្វីដែរ បាននាំកូនទាំងបីនាក់ជិះម៉ូតូចេញពីផ្ទះទៅមើលប្អូនថ្លៃឆ្លងទន្លេនៅមណ្ឌលសុខភាពព្រែកអំពិល លុះត្រឡប់មកដល់ផ្ទះវិញឃើញប្តីចងកសម្លាប់ខ្លួនដោយខ្សែគោពណ៌ខ្មៅភ្ជាប់នឹងមែកស្វាយនៅមុខផ្ទះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងទៅជួយអន្តរាគមន៍ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុ នគរបាលជំនាញបានចុះទៅពិនិត្យ ដោយពុំឃើញមានស្លាកស្នាមអ្វី ដែលគួរឲ្យកត់សំគាល់ឡើយ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយការចងកពិតប្រាកដមែន ៕

សុថាត់