នាយកប្រតិបត្តិក្រុមហ៊ុន Apple ស្តីបន្ទោសសហភាពអឺរ៉ុបជុំវិញសេចក្តីសម្រេចដែលលម្អៀង និងប្រឆាំងនឹងសហរដ្ឋអាមេរិក

លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានហៅវិក្កយបត្របង់ពន្ធដែលសហភាពអឺរ៉ុបបានផ្ញើមកកាន់ក្រុមហ៊ុនរបស់ខ្លួននាពេលថ្មីៗនេះ ថាជា គោលនយោបាយដែលឥតបានការ ហើយបានអះអាងថា វាគឺជាការលម្អៀងមួយដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ទើបឈានដល់សេចក្តីសម្រេចនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត Irish Independent កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក Cook បានបេ្តជ្ញាថានឹងនៅជាមួយនឹងប្រទេសអៀវឡង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងសេចក្តីសម្រេចនេះ ហើយបានថ្លែងទៀតថា សេចក្តីសម្រេចនេះ មិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងគ្មានការពិត‍នោះទេ»។

លោកបានប្រាប់កាសែត Irish Independent ក្នុងសម្តីដើមថា៖ «សេចក្តីសម្រេចនេះគឺជាគោលនយោបាយដែលឥតបានការ។ ពួកគេគ្រាន់តែយកតួលេខពីកន្លែងណាដែលខ្ញុំមិនបានដឹង។ នៅក្នុងឆ្នាំដែលគណៈកម្មការនេះថ្លែងថា យើងត្រូវបង់ពន្ធនោះ ពួកយើងបានបង់ពន្ធ៤រយលានដុល្លារ។ ពួកយើងជឿថាសេចក្តីសម្រេចនេះបានធ្វើឲ្យក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដែលបង់ពន្ធខ្ពស់បំផុតនៅក្នុងប្រទេសអៀវឡង់នៅក្នុងឆ្នាំនោះ‍»៕

ប្រភព៖ VOA


Related Posts