ពលរដ្ឋនៅបឹងទន្លេសាបខេត្តសៀមរាបរអ៊ូរឿងចុះឈ្មោះបោះឆ្នោតយឺតយ៉ាវ

ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មី គ្រាន់តែចាប់ផ្ដើមថ្ងៃដំបូងនៅថ្ងៃទី១ ខែកញ្ញា គឺនៅឃុំមួយចំនួន ដូចជាឃុំដានរុន និងឃុំពពេល នៃស្រុកសូទ្រនិគម មានបញ្ហាបច្ចេកទេសកុំព្យូទ័រ (Computer Error) ឬក៏បើកមិនចេញជាដើម បណ្ដាលឱ្យពលរដ្ឋដែលទៅចុះឈ្មោះឈររង់ចាំខាតពេល។

ចំណែកនៅឯសង្កាត់ចុងឃ្នៀស ក្នុងបឹងទន្លេសាប នៃក្រុងសៀមរាប វិញ គឺមានពលរដ្ឋតិចតួចដែលនាំគ្នាមកចុះឈ្មោះនៅថ្ងៃដំបូង។

អ្នកភូមិមួយចំនួនដែលរស់នៅតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មិនពេញចិត្តព្រមទាំងរិះគន់មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតលេខ០៧១ ថា ធ្វើការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីយឺតយ៉ាវ មិនរហ័សរហួនទេ។

ការរិះគន់នេះ បន្ទាប់អ្នកភូមិជាច្រើនខំនាំគ្នាទៅឈររង់ចាំចុះឈ្មោះតាំងពីវេលាម៉ោង ៨ព្រឹក ហើយក្រោយមកនាំគ្នាដើរចេញអស់ ពីព្រោះតែដល់ម៉ោងជាង ៩ព្រឹកទៅហើយ គឺមន្ត្រីការិយាល័យទើបតែចុះឈ្មោះមនុស្សបានចំនួន ១៧នាក់ ទៅក្នុងបញ្ជីថ្មី។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ក្នុងចំណោមអ្នកទៅឈររង់ចាំចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចុងឃ្នៀស គឺលោក ថៃ វ៉ា។ លោករអ៊ូរទាំថា លោកខំនាំប្រពន្ធមកឈរតម្រង់ជួរនៅមុខការិយាល័យចុះឈ្មោះបោះឆ្នោតតាំងតែពីម៉ោង ៨ព្រឹក ក៏ប៉ុន្តែរហូតដល់ម៉ោងជាង ៩ ទៅហើយ នៅតែមិនទាន់ដល់វេនរបស់លោកចូលទៅចុះឈ្មោះទៀត៖ «ខ្ញុំត្រូវការពេលវេលា ខ្ញុំរត់ម៉ូតូឌុប។ ការចុះឈ្មោះយឺតអត់ទាន់ចិត្ត។ បើគេឱ្យចូលម្ដងម្នាក់អ៊ីចឹងបានចូលម្ដង ៣នាក់អីទៅ ទំនងលឿនបន្តិច»។

ពលរដ្ឋដែលទៅឈរចាំចុះឈ្មោះបោះឆ្នោតជាច្រើនទៀត បានរអ៊ូរទាំប្រហាក់ប្រហែលគ្នាថា ពួកគេពិបាករង់ចាំចុះឈ្មោះបោះឆ្នោត ដោយឈរនៅកណ្ដាលវាលក្រោមកម្ដៅថ្ងៃណាស់។

អ្នកស្រី សួន ឡឹង ដែលអន្ទះសាក្នុងពេលឈររង់ចាំគេហៅឈ្មោះរបស់គាត់ដែរនោះ មានប្រសាសន៍ថា រូបគាត់មិនទាន់បានទិញម្ហូបយកទៅចម្អិនឱ្យកូនទទួលទាននៅឡើយទេ រវល់តែឈររង់ចាំចុះឈ្មោះបោះឆ្នោត។ គាត់ខំមកដល់កន្លែងចុះឈ្មោះតាំងពីម៉ោង ៨ព្រឹក ក៏ប៉ុន្តែម៉ោងជិត ១០ទៅហើយនៅមិនទាន់បានចុះឈ្មោះទៀត៖ «នៅទ្រាំឈរហាលក្ដៅ ដើម្បីថាបានចុះឈ្មោះបោះឆ្នោតឱ្យហើយ ប៉ុន្តែវារាងយូរ។ ខ្ញុំមិនសូវចូលចិត្តអង្គុយចាំទេ ពីព្រោះម្ហូបអត់ទាន់បានទិញ»។

បុរសម្នាក់ទៀតឈ្មោះ ភឹង សែន យល់ថា រូបលោកបានខំមកឈរចាំចុះឈ្មោះបោះឆ្នោតតាំងពីព្រឹកព្រលឹម ក៏ប៉ុន្តែមន្ត្រីការិយាល័យចុះឈ្មោះនៅសង្កាត់ចុងឃ្នៀស ហាក់ដូចជាធ្វើការយឺតយូរមិនសក្ដិសមនឹងទឹកចិត្តរបស់ពលរដ្ឋជាច្រើនដែលកំពុងចង់ចុះឈ្មោះនោះសោះ៖ «បើធ្វើតែរបៀបនេះ ឧទាហរណ៍ថា រយៈពេល ៩០ថ្ងៃ តើអាចចុះឈ្មោះអ្នកបោះឆ្នោតបានគ្រប់គ្នាទេមើលទៅ?»។

នៅមុខការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ចុងឃ្នៀស កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា គឺមិនមានប្រជាពលរដ្ឋច្រើនកុះករទៅឈររង់ចាំចុះឈ្មោះដូចជាការិយាល័យដទៃទៀតទេ។

ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ចុងឃ្នៀស លោក ថន គឹមហេង បានសុំឱ្យពលរដ្ឋអត់ធ្មត់ចំពោះនីតិវិធីចុះឈ្មោះដែលមានភាពយឺតយូរជាងកាលពីពេលមុនបន្តិច ពីព្រោះតែច្បាប់តម្រូវឱ្យចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មី មានរបៀបផ្សេងខុសពីលើកមុន ដូចជាត្រូវសាកសួររកអត្តសញ្ញាប័ណ្ណ ហើយយកទៅភ្ជាប់ជាមួយសំបុត្រកំណើត រួចបញ្ជូនឱ្យអនុប្រធានបំពេញទម្រង់ ១០២២ ដើម្បីសំគាល់ការិយាល័យបោះឆ្នោត និងលក្ខខណ្ឌសំគាល់របស់អ្នកបោះឆ្នោតជាដើម៖ «ឥឡូវនេះ គឺចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ។ ការចុះឈ្មោះនេះតាមគិតទៅគឺ ១ថ្ងៃអាចចុះបានតែ ៥០នាក់តែប៉ុណ្ណោះ។ ក្នុងម្នាក់លឿនបំផុតហើយ គឺប្រើពេល ៨នាទី»។

ទោះជាយ៉ាងណាក្រុមអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ចុងឃ្នៀស បានទទួលស្គាល់ថា ដំណើរការបានប្រសើរដោយមិនមានខុសប្រក្រតីអ្វីទេ។

អាជ្ញាធរសង្កាត់ចុងឃ្នៀស បានរៀបចំដំឡើងដំបូលតង់ ១ភ្លាម បន្ទាប់ពីនៅមុខការិយាល័យចុះឈ្មោះបោះឆ្នោតមិនមានម្លប់សម្រាប់ឱ្យអ្នករង់ចាំចុះឈ្មោះបោះឆ្នោតបានជ្រកត្រឹមត្រូវនោះ។

នៅសង្កាត់ចុងឃ្នៀស តំបន់បឹងទន្លេសាប បច្ចុប្បន្ន មានប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតចំនួនជាង ៤.០០០នាក់។ ជាមួយគ្នានោះដែរ នៅទីនោះក៏មានជនជាតិវៀតណាម រាប់ពាន់នាក់កំពុងរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាប។

អាជ្ញាធរសង្កាត់ចុងឃ្នៀស ឱ្យដឹងថា កាលពីឆ្នាំ២០១៣ កន្លងទៅមានជនជាតិវៀតណាម ចំនួនជាង ៥០០នាក់ បានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែសម្រាប់ការចុះឈ្មោះ អ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីដែលដំណើរការថ្ងៃដំបូងនេះ គឺមិនឃើញមានជនជាតិវៀតណាម ណាម្នាក់ទាន់ទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ។

នៅក្នុងផ្ទៃទឹកនៃបឹងទន្លេសាប គឺឃើញជនជាតិវៀតណាម ខ្លះ កំពុងតែរវល់ចែវទូកលក់បន្លែនៅតាមផ្ទះ និងខ្លះទៀត បើកកាណូតយកត្រី និងកំពឹសមកលក់ដូរជាដើម។

សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្សប្រឆាំងលោក សុខ គឹមសេង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ កំពុងដាក់ភ្នាក់ងារសង្កេតការណ៍នៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតសង្កាត់ចុងឃ្នៀស ឱ្យឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នកុំឱ្យជនជាតិវៀតណាម ជាច្រើន នៅក្នុងបឹងទន្លេសាប អាចឡើងមកចុះឈ្មោះដោយខុសច្បាប់បាន។ គណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប អំពាវនាវសុំឱ្យពលរដ្ឋខ្មែរដែលរស់នៅតំបន់ចុងឃ្នៀស បើស្គាល់ប្រវត្តិជនជាតិវៀតណាម ណាមកចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីថ្មីដោយខុសច្បាប់ គឺសូមផ្ដល់ដំណឹងទៅឱ្យគណបក្សសង្គ្រោះជាតិ នោះ គណបក្សនឹងចុះទៅស្រាវជ្រាវ ព្រមទាំងប្ដឹងជំទាស់ឱ្យដកឈ្មោះនោះចេញក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសបិទបញ្ជីដំបូង៕

ប្រភព៖ RFA


Related Posts