បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គ្នា បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​គូភាគី​ម្ខាង​ទៀត​ស្លាប់ ដោយ​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ​លេខ​៦ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​។  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង​២០​នាទី​យប់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង រវាង​ម៉ូតូ នឹង​ម៉ូតូ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​មុខ​សាលារៀន​ទឹកថ្លា ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​ថា ជន​រង​គ្រោះ​មានឈ្មោះ សង ណៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​កម្មករ រស់នៅ​ភូមិ​រើ​ល ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កំពង់ចាម 1H-9891 បើកបរ​ពី​លិចទៅ​កើត​ដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង​ទៀត បើក​ពី​កើត​ទៅ​លិច ហើយ​បាន​បត់​ឆ្វេង​ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន ទើប​ម៉ូតូ​ជន​រង​គ្រោះ​បុក​ពេញទំហឹង រួច​ជ្រុល​ទៅ​មុខ​បាន​ចម្ងាយ​ប្រហែល​២៥​ម៉ែត្រ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ​លេខ​៦ ស្លាប់​មួយ​រំពេច​នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

លោក​បាន​បន្ត​ថា ចំពោះ​ម្ចាស់​ម៉ូតូ​បង្ក ក្រោយ​ពេល​កើតហេតុ​បាន​បន្ដ​បើក​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ នៅ​ក្បែរ​នោះ​នាំ​គ្នា​ដេញ​តាម និង​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង ពេល​នោះ​កម្លាំង​នគរបាល បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ ទុក​ម៉ូតូ​ចោល​នៅ​វាលស្រែ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប រួច​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា ម៉ូតូ​បង្កហេតុ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​សៀមរាប 1G-5395 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល យើង​ធ្វើការ​ត្រួតពិនិត្យ វាស់វែង​រួច​យើង​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ដឹក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់ ចំពោះ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ វត្ថុ​តាង​ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕