គ.ជ.ប៖ ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​រយៈពេល​២​ថ្ងៃ​មាន​ភាព​រលូន

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា បាន​ប្រព្រឹត្ត​ដោយ​រលូន។ ទោះ​ជា​យ៉ាង​ណា អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ការងារ​ផ្ទាល់​អោយ​យល់​ពី​កិច្ចការ​បច្ចេកទេស​មួយ​ចំនួន​ដើម្បី​សហការ​ជាមួយ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍។

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​វាយ​តម្លៃ​ថា ក្នុង​រយៈពេល ២​ថ្ងៃ​នៃ​ដំណើរការ​ចុះ​ឈ្មោះ បាន​កើត​មាន​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​ចាត់​ទុក​ថា ជា​ការ​រាំង​ស្ទះ​នោះ​ទេ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា រយៈពេល ២​ថ្ងៃ​នេះ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា មាន​អនុ​ប្រធាន​ក្រុម​ជា​មន្ត្រី​ស្មៀន​ឃុំ​ខ្សុំ ខេត្ត​ក្រចេះ ម្នាក់​បាន​ដួល​សន្លប់​ដោយសារ​បញ្ហា​សុខភាព បញ្ហា​គាំង​ម៉ាស៊ីន​កុំព្យូទ័រ មន្ត្រី​ចុះ​ឈ្មោះ​នៅ​ខ្វះ​ជំនាញ​ជា​ដើម ប៉ុន្តែ​ទាំង​នេះ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​បណ្ដឹង​តវ៉ា​ណា​មួយ​នោះ​ដែរ៖ «»។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ថ្លែង​ថា លោក​មាន​ជំនឿ​ទៅ​លើ​កិច្ចការ គ.ជ.ប ដែល​ថា មាន​ដំណើរការ​រលូន ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​ការ​ណែនាំ​បន្ថែម​ដល់​មន្ត្រី គ.ជ.ប ដែល​មិន​ទាន់​យល់​ពី​ការ​បង្ហាញ​កូដ​នៃ​ការ​បើក ឬ​បិទ មុន និង​ក្រោយ​បញ្ចូល​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​ទៅ​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​តម្លាភាព៖ «»។

ពលរដ្ឋ​រស់នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ លោកស្រី កែវ ច័ន្ទគ្រឹស្នា យល់​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី​នេះ​អាច​នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ពលរដ្ឋ​អាច​ចូលរួម​បោះឆ្នោត​ដោយ​មិន​ខ្លាច​ការ​បន្លំ ច្រឡំ ឬ​មាន​ឈ្មោះ​ស្ទួន​ដូច​កាល​ពី​អាណត្តិ​មុនៗ​នោះ​ទេ៖ «»។

អនុ​ប្រធាន​ភូមិ​ទ្រាមួយ សង្កាត់​ស្ទឹងមានជ័យ លោក វុន វុធ ដែល​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ស្ទឹងមានជ័យ បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ពលរដ្ឋ​មក​ច្រើន​មន្ត្រី​ធ្វើ​មិន​ទាន់ និង​មាន​បញ្ហា​គាំង​ម៉ាស៊ីន​កុំព្យូទ័រ​ខ្លះ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ។ ការ​ដែល​ លោក​ទៅ​ប្រចាំការ​នៅ​ការិយាល័យ​បោះឆ្នោត គឺ​ដើម្បី​សម្រួល​ពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​លោក​ដែល​ខ្វះ​ឯកសារ​នានា​ក្នុង​ពេល​ចុះ​ឈ្មោះ៖ «»។

គ.ជ.ប បាន​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ត្រឹម​ម៉ោង ១២ ថ្ងៃ​ទី​២ ខែ​កញ្ញា ថា មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចំនួន ២០​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។