ដើរ​បោកប្រាស់​យក​លុយ​ពលរដ្ឋ ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច

ខេ​ត្តំ​ពង់​ធំ ៖ ដី​រាប់​ពាន់​ហិ​កតា​ដែល​មេខ្លោង​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នោះ ត្រូវ​បាន​ក្រសួង​ទាំង​២​បដិសេធ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ជន​ដើរ​ភូតភរ​និង បោកប្រាស់​ប្រជាពលរដ្ឋ​បាន​យក​លុយ​ពី​ពួក​គាត់​ក្នុង​ម្នាក់ ៣០០​ដុល្លារ ខ្លះ​ទៀត​ច្រើន​ជាង​នេះ​ទៀត​ផង កំពុង​តែ​ភ្នែក​នៅ​កញ្ចឹងក​ដាក់​គ្នា ដោយសារ​តែ​លុយ​ដែល​ប្រមូល​បាន​មួយ​ចំណែក​យក​ទៅ​រត់ការ និង​មួយ​ចំណែក​ទៀត​ចែក​គ្នា​ស៊ីចាយ​អស់​។

បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា ពួក​គាត់​ត្រូវ​បាន​មេខ្លោង​ឈ្មោះ អេ​ន សុ​ផេ​ន ដែល​មាន​ជំនួយការ​ម្នាក់​ទៀត​ឈ្មោះ យ៉ូ​ន យ៉ុ​ន ជា​បុគ្គលិក​របស់​អង្គការ​ប្រឆាំង​បទល្មើស​ខេត្តកំពង់ធំ ដើរ​ឃោស
នា​ឲ្យ​ពួក​គាត់​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ដើម្បី​សុំ​ដី​សម្បទាន​សង្គមកិច្ច​ដោយ​តម្រូវ​ឲ្យ​បង់លុយ​ក្នុង​ម្នាក់​៣០០​ដុល្លារ​ឡើង​ទៅ ។ ក្នុង​នោះ​ក៏​មានឈ្មោះ​មន្ត្រីរាជការ សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ទាហាន ព្រមទាំង អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ ដែល​បាន​ចាញ់បោក​ការ​ឃោសនា​របស់​មេខ្លោង​ខាងលើ​នេះ​។

ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មានការ​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ខុសច្បាប់​នៅ​តំបន់​៥៥ ក្នុងភូមិ​សាស្ត្រ ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​ទន្ទ្រានព្រៃ​ខាងលើ​នេះ លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​ថា ចំពោះ​ការ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ខាងលើ​នេះ​គឺជា​រឿង​ខុសច្បាប់​ទាំងស្រុង​ដែល​ប្រជាពលរដ្ឋ​ជឿ​តាម​ការ​ឃោសនា​នាំ​គ្នា​ទៅ​កាប់​ព្រៃ​ធ្វើ​ផ្ទះ​នៅ​តំបន់​នោះ​។

បើ​តាម​ច្បាប់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ពិតប្រាកដ​ត្រូវ​ដាក់​សំណើ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ក្រសួង នៅ​ពេល​ដែល​ក្រសួង​លោក​សម្រេច​ឲ្យ​ហើយ​នោះ ទើប​បងប្អូន​អាច​នាំ​គ្នា​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​បាន​។ តែ​ករណី​ខាងលើ​នេះ​គាត់​លេង​ផ្លូវ​កាត់ ហើយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មិន​អនុញ្ញាត​ឲ្យ​ទេ​។ ពីព្រោះ​ដី​នោះ​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ភាគី​កូរ៉េ​ក្នុង​ការ​អភិរក្ស​គម្រោង​រ៉េ​បូក ដោយ​តម្រូវ​ឲ្យ​ដាំ​ជួសជុល​ឡើង​វិញ​នូវ​ព្រៃ​តំបន់​នោះ​ដើម្បី​លក់​នូវ ឧស្ម័ន​ផ្ទាំង​កញ្ចក់​។ 

ហេតុ​ដូច្នេះ​ហើយ​សូម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នាំ​គ្នា​កាប់​បន្ត​ទៀត ព្រោះ​អាច​មានទោស​ចំពោះ​មុខ​ច្បាប់​នៅ​ពេល​ណា​ដែល​សមត្ថកិច្ច​ចាប់​បាន​។ លោក ឡង គី​សឹង អភិបាលស្រុក​សណ្តាន់ បាន​ប្រាប់​ថា កន្លង​មក​ប្រជាពលរដ្ឋ​ចេះ​តែ​ចាញ់បោក​មេខ្លោង នាំ​គ្នា​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​ផ្ទះ​នៅ​តំបន់​៥៥​នេះ ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះ​ឡើយ ដោយ​អ្នក​ទៅ​ធ្វើ​ផ្ទះ​នៅ ចំណែក​ខ្លះ​ទៀត​គ្រាន់តែ​ទៅ​ធ្វើ​កូន​ផ្ទះ​តូច​ៗ​ទុក​ចោល​ដើម្បី​យក​ដី​តែ​ប៉ុណ្ណោះ​។

គោល​ជំហរ​របស់​អាជ្ញាធរ​ស្រុក​គឺ​មិន​ឲ្យ​ជា​ដាច់ខាត ពីព្រោះ​ដី​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង​រ៉េ​បូក ដែល​តម្រូវ​ឲ្យ​ធ្វើការ​ដាំ​ឡើង​វិញ​។ រីឯ​ការ​ពាក់ព័ន្ធ​ឈ្មោះ យ៉ូ​ន យ៉ុ​ន ខាងលើ លោក ធី ធឿ​ន ប្រធាន​អង្គការ​ទប់ស្កាត់​បទល្មើស​កម្ពុជា ខេត្តកំពង់ធំ បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​ដែរ​ថា អង្គការ​របស់​លោក​មាន​កូនចៅ​ជាង​១០​នាក់ ក្នុង​នោះ​ឈ្មោះ យ៉ូ​ន យ៉ុ​ន គឺ​មាន​តួនាទី​ជាទី​ប្រឹក្សា​របស់​អង្គការ តែ​លោក​ធ្វើ​អ្វី​ៗ​តាមតែ​អំពើ​ចិត្ត​របស់​លោក ដោយ​មិន​ដែល​បាន​ពិគ្រោះ​យោបល់​ជាមួយ​មេ​កើយ​នោះ​ទេ​។

ហើយ​បាន​ទៅ​ចូលរួម​បក្ខពួក​ជាមួយ​ក្រុម​លោក អេ​ន សុ​ផេ​ន រួច​បំផុស​កូនចៅ​របស់​លោក​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​ការ​ស្នើ​សុំ​ដី​សម្បទា​សង្គមកិច្ច ដោយ​តម្រូវ​ឲ្យ​បង់លុយ​ម្នាក់​១០០​ដុល្លារ នេះ​គ្នា​ឯង ហើយ​និយាយ​ថាបើ​ខាង​កងរាជអាវុធហត្ថ វិញ គេ​ឲ្យ​ម្នាក់​៣០០​ដុល្លារ​ឯណោះ​។ តែ​លោក​បាន​ប្រាប់​កូនចៅ​មិន​ឲ្យ​បង់លុយ​ឲ្យ​ទេ ហើយ​អ្នក​ណា​ធ្វើ​គឺ​អ្នក​នោះ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​អ្នក​ណា​និយាយ​មិន​ស្តា​ប់លោក​នឹង​បញ្ឈប់​ចោល​ពី​ការងារ​។

ជាមួយ​គ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ និង​អ្នក​ដែល​បាន​ប្រគល់​លុយ​ឲ្យ​គេ​នោះ មានការ​សោកស្ដាយ​ជា​ខ្លាំង ដែល​បាន​ចាញ់បោក​គេ ហើយ​ក៏​បាន​ស្នើ​សុំ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មេត្តា​ជួយ​ស្រាវជ្រាវ​វែកមុខ រក​ជន​បោកប្រាស់​ទាំងអស់​នោះ​ផង ព្រោះ​អី​អ្នក​ទាំងនោះ​សុទ្ធតែ​មាន​តួនាទី និង​បុណ្យ​សក្តិ​ធំដុំ​ផង​ដែរ​៕