រុស្សី ថា​គ្មាន​ហេតុផល​ដែល​ត្រូវ​ផ្ដើម​«​សង្គ្រាមត្រជាក់​»​ម្ដង​ទៀតឡើយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-02-2016, 8:19 pm         39

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្សី ថា​គ្មាន​ហេតុផល​ដែល​ត្រូវ​ផ្ដើម​«​សង្គ្រាមត្រជាក់​»​ម្ដង​ទៀតឡើយ​​សង្គ្រាមត្រជាក់ ដែល​កើតឡើង​កាលពី​៦០​ឆ្នាំមុន ដោយសារ​ការប្រឈមមុខ​រវាង​អាមេរិក និង​រុស្សី ត្រូវបាន​សន្ម​ត់​ថា​ចប់ បន្ទាប់ពី​ការដួលរលំ​សហភាពសូវៀត​។ ហើយ​អាមេរិក ក៏​ក្លាយជា​មហាអំណាច​តែឯង​លើ​ពិភពលោក​។ យ៉ាងណាមិញ គេ​បារម្ភ​ថា សង្គ្រាមត្រជាក់​កើត​ម្ដងទៀត ក្រោយ​ការ​ផ្ទុះឡើង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្សី ក៏ដូចជា​ការបង្កើន​ក​ម្លាំ​ង​តាម​ព្រំដែន​រវាង​រុស្សី និង​អឺរ៉ុប​។ ប៉ុន្តែ​ប្រមុខ​ការទូត​រុស្សី បាន​អះអាងថា គ្មាន​ផ្លូវ​ដែល​សង្គ្រាមត្រជាក់​ត្រូវ​ត្រឡប់មក​ម្ដងទៀត​ទេ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក តន ចាន់​រិ​ទ្ធា​រ៉ា​៖

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អតីត​គូប្រជែង​សម័យ​សង្គ្រាមត្រជាក់ គឺ​អាមេរិក និង​រុស្សី​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ម្ដងទៀត ដ្បិត​មហាអំណាច​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន រាប់ទាំង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ការដំឡើង​សាច់ដុំ​យោធា​ដាក់គ្នា​នៅ​អឺរ៉ុប​ខាងកើត និង​ជម្លោះ​នៅ​ស៊ី​រី​។ ដោយសារតែ​ការប្រឈមមុខគ្នា​នេះ គេ​សង្ស័យថា សង្គ្រាមត្រជាក់ ដែល​ចប់​ជាង​មួយ​ទសវត្សរ៍​មកហើយ ទំនងជា​លេច​រូបរាង​ឡើង​ជាថ្មីទៀត​។

​ដើមឆ្នាំ​នេះ នៅ​ចំ​ពេលដែល​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កើន​កម្ដៅ​ខ្លាំង រុស្សី​ក៏បាន​ព្រមាន​ថា​ពិភពលោក​អាច​នឹង​វិល​ទៅរក​ស្ថានភាព​ដូច​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ពោលគឺ​នៅពេល​សង្គ្រាមត្រជាក់​រវាង​លោកខាងលិច​និង​លោក​ខាងកើត​បាន​ផ្ទុះឡើង​។ ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​រវាង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្សី នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ បើទោះជា​មាន​កិច្ចព្រមព្រៀង​ទីក្រុង​មីន (Minsk) ក៏ដោយ​។​

​យ៉ាងណាក្ដី សម្រាប់​រដ្ឋមន្ត្រីការបរទេស​រុស្សី លោក Sergei Lavrov សង្គ្រាមត្រជាក់​ដែលជា​ការប្រឈមមុខរ​វាង​អាមេរិក និង​រុស្សី ទំនងជា​ពិបាក​នឹង​កើតឡើង​ណាស់ ដ្បិត​វា​គ្មាន​បុ​រេ​លក្ខខណ្ឌ​ដែល​នាំ​ដល់​ការកកើត​ឡើងវិញ​នៃ​សង្គ្រាម​នេះឡើយ​។ ថ្លែង​នៅ​ថ្ងៃទី​១ ខែកញ្ញា ប្រមុខ​ការទូត​រុស្សី​បញ្ជាក់ថា ស្ថានភាព​ពេលនេះ មិនអាច​ប្រដូច​នឹង​ស្ថានភាព​កាលពី​ជាង​៥០​ឆ្នាំមុន​បានឡើយ​។

​ផ្ទុយ​ពី​សម័យកាល​នៃ​ការ​ប្រជែង​មនោគមន៍វិជ្ជា បច្ចុប្បន្ននេះ ទាំង​អាមេរិក និង​រុស្សី មាន​គោលការណ៍​រួមគ្នា​ច្រើន ទាំង​នៅក្នុង​អង្គការ​សម្រាប់​សន្តិសុខ និង​កិច្ចប្រតិបត្តិការ​រួមគ្នា​នៅ​អឺរ៉ុប (OSCE) ក៏ដូចជា​អង្គការសហប្រជាជាតិ​ដែរ​។ ប៉ុន្តែ​គោលការណ៍​រួមគ្នា​ទាំងនេះ បានត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មិនសូវ​ប្រឈមមុខ​ខ្លាំង​ដាក់គ្នា​ប៉ុណ្ណោះ ព្រោះ​មាន​បញ្ហា​ច្រើន​ទៀត ដែល​មហាអំណាច​ទាំងពីរ នៅតែ​ខ្វែងគំនិត​គ្នា​ដដែល​។​

​ទន្ទឹមនឹង​ការវិវត្ត​នៃ​ស្ថានការណ៍​ថ្មីៗ​ទាំងនេះ រដ្ឋមន្ត្រីការបរទេស​រុស្សី អះអាងថា ក្រុង​មូ​ស្គូ កំពុងតែ​រៀបចំ​គោលនយោបាយ​ការបរទេស​ថ្មី ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ​។ គេ​រំពឹងថា គោលនយោបាយ​ថ្មី​នេះ ប្រហែលជា​មិន​ខុសគ្នា​នឹង​អ្វីដែល​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដាក់ចេញ​កាលពី​ឆ្នាំ​២០០០​ឡើយ​។ នោះ គឺ​រុស្សី​នៅតែ​អនុវត្ត​គោលនយោបាយ​ការបរទេស​ច្រើន​ទិស និង​ការបើកចំហ​សម្រាប់​កិច្ចសហប្រតិបត្តិការ​។

១. រុស្សី ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី​
​ទំនាក់ទំនង​រុស្សី និង​អាមេរិក អាច​នឹងមាន​ការផ្លាស់​ប្ដូរ​គួរកត់សម្គាល់ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ ដោយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ត្រូវ​ប្រជែង​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ មកពី​បក្ស​សាធារណរដ្ឋ​។ ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​រុស្សី និយាយថា រុស្សី ត្រៀមខ្លួន​រួចរាល់ ដើម្បី​សហការ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​អាមេរិក បើទោះជា​ពេលកន្លងមក ភាគី​ទាំងពីរ តែង​មើលមុខ​គ្នា​មិនសូវ​ត្រូវ​ក្ដី​។  

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS លោក Lavrov ថ្លែងថា អ្នកណា​ដែល​ឈ្នះ នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក ហើយ​រុស្ស៊ី នឹង​រៀបចំ​ឲ្យ​ស្រេចបាច់ ដើម្បី​ធ្វើការ​ជាមួយ​អ្នក​ដែល​ឈ្នះ ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព និង​គោរព​គ្នា​ទៅវិញទៅមក​។ បើតាម​លោក Lavrov ប្រសិនបើ​រុស្សី និង​អាមេរិក អាច​ធ្វើដូចនេះបាន មហាអំណាច​ទាំងពីរ នឹង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​រួមគ្នា​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុងចំណោម​បេក្ខជន​ទាំងពីរ មានតែ​លោក ត្រាំ ទេ ដែល​ធ្លាប់​ទទួល​ការសរសើរ​ពី​ប្រធានាធិបតី​រុស្សី លោក ពូ​ទីន​។ លោក ពូ​ទីន ធ្លាប់​និយាយថា ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​ភ្លឺស្វាង និង​មាន​ទេពកោសល្យ ហើយ​លើសពីនេះ​លោក ពូ​ទីន ក៏​ជឿជាក់ថា​លោក ត្រាំ ជា​មេដឹកនាំ​ពិតប្រាកដ​ដែល​អាច​ដណ្តើម​កៅអី​ប្រធានាធិបតី​អាមេរិក​បាន​។

​ចំណែក​លោក ដូ​ណា​ល់ ត្រាំ នេះ​ក៏​តែងតែ​ព្រលយ​ពាក្យ​ថា ក្នុងចំណោម​អ្នកនយោបាយ​អាមេរិក​មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើការ​ជាមួយ​លោក  វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ដោយ​រលូន​។ ហើយ លោក​ក៏​ប្រកាស​គាំទ្រ​អន្តរាគមន៍​រុស្ស៊ី​ក្នុង​ទឹកដី​ស៊ី​រី​កន្លងមក​ដែរ ព្រោះ​លោក​ជឿជាក់ថា រុស្ស៊ី​មាន​ជំហរ​ពិតប្រាកដ​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​។  ថ្មីៗ​នេះ​ទៀត​លោក ដូ​ណា​ល់ ត្រាំ ស្រាប់តែ​លើកឡើង​ពី​គោលនយោបាយ​លើកកម្ពស់​ចំណង​ការទូត​អាមេរិក​-​រុស្ស៊ី ឲ្យ​កាន់តែ​ស៊ីជម្រៅ ក្នុងករណី​ដែល​លោក​ជាប់ឆ្នោត​។​

២. ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ស៊ី​រី នៅតែ​ជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​រុស្សី​-​អាមេរិក​
​នៅក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្សី មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​។ អាមេរិក និង​រុស្សី តែងមាន​គំនិត​ប្រឆាំង​គ្នា​លើ​ដំណោះស្រាយ​លើ​បញ្ហា​អន្តរជាតិ​នានា​។ ទាក់ទិន​នឹង​ប​ញ្ហ​នៅ​ស៊ី​រី ជារឿយៗ មហាអំណាច​ទាំងពីរ ឯកភាពគ្នា​លើ​ការចរចា​ស្វែងរក​សន្តិភាព ប៉ុន្តែ​ពួកគេ​នៅតែ​ខ្វែងគំនិត​គ្នា​លើ​អនាគត​របស់​ប្រធានាធិបតី បា​សា អាល់​អាសាដ (Bashar Al Assad)​។

​ស្រប​ពេលដែល​ក្រុង​មូ​ស្គូ​ចាត់ទុក​វត្តមាន​លោក អាសាដ ជា​រឿង​សំខាន់​ក្នុង​ដំណោះស្រាយ​នៃ​ជម្លោះ ក្រុង​វ៉ាស៊ីនតោន តែង​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​រហូតមក​។ រីឯ​ការចរចា​សន្តិភាព ក៏​រាំងស្ទះ​រក​ច្រកចេញ​មិនបាន ដ្បិត​ភាគី​ស៊ី​រី​ទាំងពីរ មាន​ជំហរ​មិន​ស្របគ្នា និង​នៅតែ​បន្ត​ការប្រយុទ្ធ​គ្នា​ដដែល ក្រោម​ជំនួយ​យោធា​ពី​សំណាក់​មហាអំណាច​ទាំងពីរ​នេះ​។

​បន្ថែម​ពីលើ​នេះ ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មៀ ក៏​ជា​បញ្ហា​ទើសទាល់​ក្នុង​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ដែរ​។ ក្រោយ​ការភ្ជាប់​ឧបទ្វីប​គ្រី​មៀ​ពី​សំណាក់​រុស្សី ក្នុង​ឆ្នាំ​២០១៤ សហភាព​អឺរ៉ុប និង​អាមេរិក បាន​ព្រួត​គ្នា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្សី ឯ​រុស្សី ក៏​ឆ្លើយ​វិញ​ដែរ ជាពិសេស​ការ​រឹតត្បិត​លើ​ការនាំចេញ​ឧស្ម័ន​ទៅកាន់​អឺរ៉ុប ដែល​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ត្រូវការ​បំផុត​។

​កិច្ចព្រមព្រៀង​ទីក្រុង​មីន ដែល​ផ្ដួចផ្ដើម​ដោយ​បារាំង និង​អាល្លឺម៉ង់ ក៏​មិនត្រូវ​អនុវត្ត​ដោយ​ភាគី​ជម្លោះ​ដែរ​។ ការ​វាយ​ប្រយុទ្ធ តែង​កើតឡើង​ជារឿយៗ នៅ​តំបន់​ផ្ដាច់ខ្លួន​ភាគ​ខាងកើត ដែល​នេះ​ជា​សញ្ញា​បង្ហាញថា កិច្ចព្រមព្រៀង​មីន ទំនងជា​បរាជ័យ​ហើយ​។

​ជាការ​ពិត ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្សី ដើរតួ​សំខាន់​ណាស់​ក្នុង​កិច្ចការ​អន្តរជាតិ ប៉ុន្តែ​ជា​ញឹកញយ មហាអំណាច​ទាំងពីរ នៅតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​។ ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​មូ​ស្គូ អាច​សម្រេចបាន​គោលការណ៍​រួម​លើ​ដំណោះស្រាយ​បញ្ហា ដែល​កើតឡើង​ឥតឈប់ឈរ នោះ​ពិភពលោក អាច​ចៀស​ផុតពី​គ្រោះថ្នាក់​នៃ​ការកកើត​ឡើងវិញ​នៃ​សង្គ្រាមត្រជាក់​ដែរ​៕