លោក ផៃ ស៊ីផាន៖ លោក សម រង្ស៊ី យក​ឈាម​ខ្មែរ​ដើម្បី​អំណាច​ផ្ទាល់​ខ្លួន

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​រយៈ​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​ចោទ​ប្រកាន់​ថា ការ​ព្រួយ​របស់​លោក សម រង្ស៊ី រឿង​ចល័ត​កម្លាំង​ទ័ព​នៅ​ជុំវិញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា ជា​ពាក្យ​ពាល ញុះញង់ បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​រដ្ឋ។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ​ទេ ដោយ​លើក​ឡើង​ថា ក្រុម​ប្រតិកម្ម​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​ក្រុម​ប្រកែក​រហ័ស​ទៅ​វិញ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​សរសេរ​លើ​ហ្វេសប៊ុក របស់​ខ្លួន អម​ដោយ​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​លោក សម រង្ស៊ី ថា ទណ្ឌិត។ លោក​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​រិះគន់​សកម្មភាព​ហ្វឹកហ្វឺន​សាកល្បង​កម្លាំង​ចល័ត​របស់​ក្រសួង​ការពារជាតិ​នោះ ជា​ការ​ប្រមាថ​ដល់​រាល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស និង​រដ្ឋាភិបាល។

​លោក ផៃ ស៊ីផាន យល់​ថា ការ​ព្រួយ​បារម្ភ​របស់​លោក សម រង្ស៊ី ជា​ពាក្យ​ពាល ញុះញង់ ក្នុង​ទិសដៅ​នៃ​ការ​បង្កើត​ទុក្ខសោក យក​ភាព​សុខសាន្ត​របស់​ប្រជារាស្ត្រ​ខ្មែរ​ជា​ចំណាប់​ខ្មាំង​ដើម្បី​យក​ឈាម​ខ្មែរ​ជា​កម្រាល​ដើរ​ទៅ​កាន់​អំណាច​នាយករដ្ឋមន្ត្រី។

ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន បែប​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​ពី​ប្រទេស​បារាំង តាម​រយៈ​អាស៊ីសេរី ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដោយ​ចោទ​ប្រកាន់​ថា ការ​ចល័ត​ក្រុម​កងទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស​នៅ​ជុំវិញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​បំភិតបំភ័យ​ដល់​ម្ចាស់​ឆ្នោត ខណៈ​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់។ លោក​ថា មាន​តែ​មនុស្ស​ពាល មនុស្ស​តិរច្ឆាន​ទេ​ដែល​ប្រើ​មធ្យោបាយ​បែប​នេះ​មក​សម្លុត​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង៖ «»។

​បន្ទាប់​ពី​មិន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បក្ស​ប្រឆាំង​ស្ដីពី​ការ​ហ្វឹកហ្វឺន​សាកល្បង​សមត្ថភាព​កម្លាំង​ចល័ត​របស់​ក្រុម​កងទ័ព ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ថ្កោលទោស​អ្នក​រិះគន់​សកម្មភាព​នេះ។ សេចក្ដី​ថ្លែងការណ៍​ចេញ​ក្រោយ​មួយ​ថ្ងៃ​នៃ​សមយុទ្ធ​កណ្ដាល​ក្រុង​ភ្នំពេញ ដ៏​កម្រ​បែបបទ និង​ជួន​ពេល​ដែល​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ លោក គន់ គីម ប្រកាស​ថា លោក​នឹង​ជួយ​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​លោក កឹម សុខា បើ​មាន​សំណើ​ពី​តុលាការ។

ចំណែក​តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​កងកម្លាំង និង​អាវុធ​ដើម្បី​បង្ហូរ​ឈាម​ខ្មែរ​ទេ៖ «»។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា សកម្មភាព​ល្បាត​របស់​កងទ័ព​អាច​ជា​ការ​គោះ​ទឹក​បង្អើល​ត្រី ចង់​ដឹង​ពី​កម្លាំង​ប្រតិកម្ម​របស់​គណបក្ស ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។